​ភ្នំពេញៈ មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម​លើកឡើងថា ការប្រើ​ពូជស្រូវ​សុទ្ធ​ល្អ​នាំមក​ការ​កើន​ប្រាក់ចំណេញ​ដល់​កសិករ ហើយ​ពូជស្រូវ​សុទ្ធ​ល្អ​ជួយ​ទាំង​កសិករ រោង​ម៉ាស៊ីន និង​វិស័យ​ស្រូវ​អង្ករ​ទាំងមូល​ផងដែរ​។​

​លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើង ថា មន្ត្រី​កសិកម្ម​ឃុំ​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម កំពុង​បង្កើន​ការសម្របសម្រួល​ដើម្បីឱ្យ​កសិករ​ទទួលបាន​ពូជស្រូវ​សុទ្ធ​ល្អ​ទាន់​រដូវ​ដាំ​ដុះ​។​


​លោក​លើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​២ ខែមិថុនា ការប្រើ​ពូជស្រូវ​សុទ្ធ​ល្អ​នាំមក​នូវ​ផលប្រយោជន៍ ដូចជា ស្រូវ​មាន​ដំណុះ​ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​បរិមាណ​ពូជ ស្រូវ​ដុះ​ស្មើ​ល្អ និង​ផ្តល់​ផល​ខ្ពស់ ស្រូវ​ងាយស្រួល​លក់​និង​មានតម្លៃ​ខ្ពស់ ស្រូវ​ធន់​នឹង​ជំងឺ ស្រូវ​ទុំ​ស្មើគ្នា​ល្អ និង​ស្រូវ​មាន​គ្រាប់​ពេញ​ល្អ និង​មាន​អត្រា​ផល​កិន​ជា​អង្ករ​ល្អ​ខ្ពស់​។​

​លោក យ៉ង សាំង​កុមារ សរសេរថា​៖ «​ជារួម ការប្រើ​ពូជស្រូវ​សុទ្ធ​ល្អ​នាំមក​ការ​កើន​ប្រាក់ចំណេញ​ដល់​កសិករ​ដោយ​ផល​ខ្ពស់ ថ្លៃដើម​ទាប តម្លៃ​ស្រូវ​ខ្ពស់ និង​ងាយស្រួល​លក់​។ រោង​ម៉ាស៊ីនកិនស្រូវ​ក៏បាន​ទទួលផល​ចំណេញ​ពី​ការទិញ​ស្រូវ​ដែល​ផលិត​ចេញពី​ពូជ​សុទ្ធ​ល្អ​ដែរ​គឺ​ទួលបាន​អង្ករ​ល្អជា​មួយ​ទិន្នផល​អង្ករ​កិន​ខ្ពស់​»​។​


​លោក​បញ្ជាក់ថា ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​កំពុង​ដឹកនាំ​កសាង​ប្រព័ន្ធ​ស្រូវពូជ​សុទ្ធ​ល្អ​ដើម្បី​កសិករ​គ្រប់រូប​ទទួលបាន​ពូជ​សុទ្ធ​ល្អជា​ក្នុង​រយ​:​ពេល ៣ ទៅ ៥ ឆ្នាំ​ខាងមុខ​។ ការ​មាន​មន្ត្រី​កសិកម្ម​ល្អ​នៅ​គ្រប់​ឃុំ​នឹងចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ពូជ​និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​ជូន​កសិករ​៕