ភ្នំពេញៈ ប្រាក់ជាង ១៦,៤​លាន​ដុល្លារ​ត្រូវបាន​គ្រឹះស្ថាន​អង្គរ​រក​បាន​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ តំបន់​ប្រាសាទ​កោះកែរ និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស ក្នុង​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០២៣​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​មួយ​នេះ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល​ដែល​ត្រូវ​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៦ ដោយ​ស្ថិតក្រោម​អាណា​ព្យ​បាល​បច្ចេកទេស​នៃ​ក្រសួងទេសចរណ៍ និង​ស្ថិតក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ការប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​កោះកែរ​, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស។


​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ភ្ញៀវទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ៣៤៤ ៧៥៧​នាក់ កើនឡើង ៦៥៣,០៩​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ខណៈ​ចំណូល​ដែល​គ្រឹះស្ថាន​អង្គរ​រក​ពី​ការលក់​សំបុត្រ មាន​ចំនួន ១៦ ០៦៥ ៨២៩​ដុល្លារ កើនឡើង ៧៦៥,៤២​ភាគរយ​។​

ទោះយ៉ាងណា​ចំនួន​ប្រាក់​ដែល​គ្រឹះស្ថាន​អង្គរ​ទទួលបាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល​ខាងលើ គឺ​នៅមាន​គម្លាត​ឆ្ងាយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​ពេលនោះ​គ្រឹះស្ថាន​អង្គរ​រក​ចំណូល​បាន​ច្រើន​រហូតដល់ ៥៤ ៩៩៣ ៣៩១​ដុល្លារ​។


យោងតាម​គ្រឹះស្ថាន​អង្គរ តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ចែកចេញជា ៣​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មានតម្លៃ ៣៧​ដុល្លារ​, រយៈពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង ៧​ថ្ងៃ មានតម្លៃ ៧២​ដុល្លារ​។​

ដោយឡែក​ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​២០២៣ នេះ​គ្រឹះស្ថាន​អង្គរ​ក៏​រកបាន​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះកែរ ចំនួន ៨៩ ០៧០​ដុល្លារ និង​ការលក់​សំបុត្រ​ទូក​ (​កំពង់ផែ​ចុង​ឃ្នៀ​ស​) ចំនួន ២៦១ ៧៣៩​ដុល្លារ​ផងដែរ​។​

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ លោក ខៀវ ធី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​៤ ខែមិថុនា​ថា ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិនសូវ​ល្អ ហើយ​ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​មិនទាន់​បញ្ចប់ ហេតុនេះ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​មក​កម្សាន្ត​តាម​បណ្តា​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប គឺ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​នា​ដើមឆ្នាំ​២០២៣ នេះ​។ ស្ថានភាព​នេះ​ នឹងត្រូវ​បន្ត​យ៉ាងហោច​ដល់​ពាក់កណ្តាល​ត្រីមាស​ទី​ ៤ ដែលជា​ពេល​ភ្ញៀវទេសចរ​បរទេស​ចាប់​ផ្តើម​មាន​កំណើន​ឡើងវិញ​។

លោក​បន្តថា បើ​និយាយ​ពី​ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​ក្នុង​រយៈពេល​ខាងលើ ពិសេស​ក្នុងអំឡុងពេល​មានបុណ្យ​ធំៗ គឺ​ពិតជា​ធ្វើដំណើរ​មក​កម្សាន្ត​នៅតាម​ប្រាសាទ​បុរាណ​ក្នុង​ខេត្តសៀមរាប​ច្រើន​។​

លោក​ថ្លែងថា៖ «ទោះបី​ភ្ញៀវទេសចរ​បរទេស​ចូលមក​ខេត្តសៀមរាប​នៅមាន​ចំនួន​តិច ប៉ុន្តែ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​បានចាប់ផ្តើម​ល្អ​ឡើងវិញ​ហើយ​ជាមួយនឹង​ភ្ញៀវ​ក្នុងស្រុក។ សម្រាប់​កំណើន​ចំនួន​ភ្ញៀវ​បរទេស​បរទេស គឺ​គេ​ត្រូវ​រង់​ចាំមើល​រហូតដល់​ចុងឆ្នាំ ដែលជា High Season»។

លោក​ប្រាប់ទៀតថា ភ្ញៀវ​បរទេស​ដែល​មក​កម្ពុជា​នៅពេលនេះ ក៏​មិនសូវមាន​ជនជាតិ​ចិន​ច្រើន​ដូច​មុន​ដែរ​(​មុន​ឆ្នាំ​២០២០ ចំនួន​ភ្ញៀវទេសចរ​ចិន​បាន​ឈានមុខ​គេ​នៅ​កម្ពុជា​)​។​

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន កាលពី​ខែមេសា បាន​និយាយថា ទោះបី​ពេលនេះ​គ្រប់​ប្រទេស​លើ​ពិភពលោក​បាន​បើកចំហ​ឡើងវិញ​ក៏ដោយ ​(​បិទ​ខ្ទប់​មួយរយៈ​ដោយសារ​ក្តីបារម្ភ​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩) ក៏​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ ដែល​ធ្វើដំណើរ​មក​កម្ពុជា រួមទាំង​ចូល​ទស្សនា​នៅតាម​រមណីយដ្ឋាន​នានា គឺ​នៅមាន​បរិមាណ​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​មុនពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ មួយវិញទៀត​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ធ្វើដំណើរ​មក​កម្ពុជា គឺ​ភាគច្រើន​មកពី​ប្រទេសជិតខាង និង​ក្នុង​តំបន់​អាស៊ី​តែប៉ុណ្ណោះ។

លោក​ថ្លែងថា​៖ «​បើ​យើង​មើលទៅ​តួលេខ​ខាងលើ​គឺ​វា​ពិតជា​កើនឡើង​ច្រើន​ធៀប​នឹង​ឆ្នាំ​២០២២ ដែលជា​ពេល​ពិភពលោក​ជួបប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​បណ្តាលមកពី​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​បើ​យើង​យក​តួលេខ​ភ្ញៀវទេសចរ​អន្តរជាតិ និង​ទឹកប្រាក់​ដែល​ប្រមូលបាន​ក្នុង​រយៈពេល ៤ ​ខែ​ឆ្នាំនេះ ធៀប​នឹង​មុនពេល​មាន​វិបត្តិ​កូ​វីដ​ (​ឆ្នាំ ​២០១៩) គឺ​ចំនួន​នេះ​នៅ​ទាប​ឆ្ងាយ​ណាស់»។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​លាន​នាក់ កើនឡើង ១ ០៥៩​ភាគរយ​ធៀប​ឆ្នាំ​២០២១ ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ថៃ មាន​ចំនួន​ច្រើនជាងគេ គឺ ៨៥៣ ៣៧៦​នាក់ កើនឡើង ៩៤២,៧​ភាគរយ​, វៀតណាម ចំនួន ៤៦៣ ៩៩៥​នាក់ កើនឡើង ១៩៩៧,៦​ភាគរយ និង​មកពី​ប្រទេស​ចិន ១០៦ ៨៧៥​នាក់ កើនឡើង ១៣៣,៥​ភាគរយ​។ ចំណែក​ឆ្នាំ​២០១៩ ដែលជា​ពេល​កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​ច្រើន​បំផុត គឺមាន​ចំនួន​សរុប ៦,៦១​លាន​នាក់ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ចិន មាន​ចំនួន ២,៣៦​លាន​នាក់៕