ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) ឱ្យដឹងថា អាស៊ាន​បាន​ក្លាយជា​ប្រភព​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយ​ជំនួស​ឱ្យ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ផ្គត់ផ្គង់​សំខាន់ៗ​មួយចំនួន​លើ​ពិភពលោក​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា AFTEX លើក​ទី​៤៩ និង​កិច្ចប្រជុំ​ពេញ​អង្គ​លើក​ទី​៤៧ ​ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ​១ ដល់​ថ្ងៃទី ​២ ខែមិថុនា ឆ្នាំ​ ២០២៣ លោក Albert Tan អនុប្រធាន​សមាគម TAFTAC និង​ជា​ប្រធាន AFTEX បានឱ្យដឹងថា ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កំពុង​ដើរតួ​នាទី​យ៉ាងសំខាន់​នៅ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន ខណៈ​កំពុងដំណើរការ​ក្នុង​បរិយាកាស​ធុរកិច្ច​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។​


​លោក​ថ្លែងថា​៖ «​រហូតមកដល់​ពេលនេះ តំបន់​របស់​យើង​ដំណើរការ​បានល្អ​ក្នុងការ​ចាប់យក​ចំណែក​ទីផ្សារ​ពិ​ភព​លោក​កាន់តែច្រើន ដោយ​បម្រើ​ជា​ប្រភព​ផ្គត់ផ្គង់​ជំនួស​ប្រទេស​ចិន និង​ប្រទេស​ផ្គត់ផ្គង់ៗ​មួយចំនួនទៀត​»​។​

​លោក​បាន​បន្តថា នៅ​ទសវត្សរ៍​ចុង​ក្រោយនេះ និង​ទំនងជា​បន្តទៅ​ទស​វត្សរ៍​ខាងមុខ​ឧស្សាហកម្ម​នេះ​បាន​ដំណើរការ​ក្នុង​សេដ្ឋកិច្ច​បរិត្តផរណា ឬ​វិស័យ​ដែល​តម្លៃ​ដឹកទំនិញ​ដល់​លើ​នាវា និង​រៀប​ឱ្យ ​(FOB) និង​តម្លៃ​លក់រាយ​បាន​ធ្លាក់ចុះ​ផ្ទុយ​ពី​តម្លៃ​ផលិត​កម្ម​។ ក្នុងនាម​អ្នកផ្គត់ផ្គង់ និង​/​ឬ​ក្រុមហ៊ុន​ផលិត​ដែល​បាន​ចុះ​កិច្ចសន្យា​ការចំណាយ​ជា​ចម្បង​ទៅលើ​សម្ភារ កម្លាំង​ពលកម្ម ឡូ​ជី​ស្ទិ​ក និង​ការអនុលោម​ទៅតាម​ច្បាប់ គឺ​នៅតែ​បន្ត​។​


​លោក​និយាយថា​៖ «​ការរក្សា​តម្លៃ​ប្រកួតប្រជែង​នេះ​ឱ្យទាប​គឺ​ពិបាក​ខ្លាំងណាស់ ខណៈពេល​ការកើនឡើង​តម្លៃ​ពី​អ្នកទិញ​/​យីហោ​មើលទៅ​មិនអាច​ទៅរួច​នោះទេ លុះត្រាតែ​យើង​អាច​ផ្តល់​អ្វីដែល​ពិសេស​។ ជាការ​​ពិតណាស់ សមាជិក AFTEX អាច​នឹង​ប្រកួតប្រជែង​នៅក្នុង​តំបន់​ខ្លះ​តាម​ទម្រង់​មួយចំនួន ប៉ុន្តែ​ប្រាកដ​ជាមាន​ផ្នែក​ជាច្រើន​ដែល​យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ឱ្យមាន​ភាពរឹងមាំ​ជា​តំបន់​មួយ សម្រាប់​ដោះស្រាយ​ជាមួយនឹង​កម្លាំង​នៃ​ការផ្លាស់ប្តូរ​ទីផ្សារ​ពិភពលោក​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​លើកឡើងថា ឧស្សាហកម្ម​នេះ​គឺ​នៅតែ​ជា​វិស័យ​ប្រកួតប្រជែង​ខ្ពស់ និង​ទាក់ទាញ​នៅ​ប្រទេស​អាស៊ាន​ជាច្រើន រួមទាំង​កម្ពុជា​ផងដែរ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​។​

​ទោះយ៉ាងណា លោក​បន្ថែមថា ជាមួយនឹង​ការធ្លាក់ចុះ​សេដ្ឋ​កិច្ច​នាពេល​បច្ចុប្បន្ន ឧស្សាហ​កម្មនេះ​ក៏​ប្រឈម​នឹង​ការធ្លាក់​ចុះ​នៃ​ការនាំចេញ​ទៅកាន់​អឺរ៉ុប និង​អាមេរិក​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​មើល​ឃើញថា ឧស្សាហកម្ម​នេះ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​បណ្តា​ប្រទេស​អាស៊ាន​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ក្នុងប្រទេស​យើង រដ្ឋាភិបាល​កំពុង​ប្រព្រឹត្ត​ទៅលើ​ឧស្សាហ​​កម្មនេះ​យ៉ាង​ល្អ​ដោយ​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​មួយចំនួន ដើម្បី​ទាក់ទាញ​ការ​​វិនិយោគ​បន្ថែមទៀត​»​។​

​ប្រទេស​កម្ពុជា​រកចំណូលបាន ១,៣៩៥​ ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​សម្លៀកបំពាក់​ចាក់​​ប៉ាក់ ក្នុង​រយៈពេល ៤ ​ខែ​ដំបូង​ឆ្នាំ ២០២៣ ធ្លាក់ចុះ ២៨,៤៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំមុន និង​ធ្លាក់ចុះ ៤០,៨០​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆមាស​មុន ​(​បើ​ធៀប​នឹង​ខែកក្កដា ដល់​ខែតុលា ឆ្នាំ ២០២២)​។ នេះ​បើតាម​ទិន្ន​​ន័យ​គយ និង​រដ្ឋាករ​កម្ពុជា​៕