ភ្នំពេញៈ ការនាំចេញគ្រឿងសង្ហារិម សម្ភារគ្រែ និងផលិតផលប្រហាក់ប្រហែលទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៣ មានទឹកប្រាក់សរុបជាង ១៦៤ លានដុល្លារ ធ្លាក់ចុះជិត ៣០ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើយោងតាមទិន្នន័យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិនាំចេញទំនិញ ឱ្យដឹងថា ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំចេញជំពូកទំនិញ (HS ២ខ្ពង់) លេខកូដ ៩៤ ដែលរួមមាន គ្រឿងសង្ហារិម, សម្ភារគ្រែ ពូក ខ្នើយកល់ និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុប ១៦៤,១១ លានដុល្លារធ្លាក់ចុះ ២៨,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទឹកប្រាក់នៃការនាំចេញទំនិញជំពូកលេខកូដ ៩៤ ស្មើនឹង ២,៣ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុប ដែលមានចំនួន ៧ ២៣៤,១២ លានដុល្លារ។
សម្រាប់ខែមេសា ការនាំចេញទំនិញក្នុងជំពូកលេខកូដ ៩៤ មានចំនួន ៤៥,០៨ លានដុល្លារ ថយចុះ ២៧,៩ ភាគរយបើធៀបខែមេសា ឆ្នាំ ២០២២។ ចំណែកទឹកប្រាក់នាំចេញក្នុងខែមេសា ធៀបនឹងខែមីនា គឺថយចុះ ០,១ ភាគរយ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ ខែមិថុនាថា ភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចសកលបានជះឥទ្ធិពលខ្លាំងដល់លំហូរពាណិជ្ជកម្មនៅគ្រប់ប្រទេស។
ការណ៍នេះបានទាញទម្លាក់សក្តានុពលការនាំចេញរបស់កម្ពុជានៅស្ទើរគ្រប់វិស័យ ដោយលើកលែងតែកសិផលដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃប៉ុណ្ណោះ។ លោកបន្តថា ការនាំចេញ នាំចូលទំនិញនឹងមានសម្ទុះឡើងវិញនៅពេលវិបត្តិនានា ពិសេសវិបត្តិនៅប្រទេសអ៊ុយក្រែនត្រូវបិទបញ្ចប់។
លោកថ្លែងថា៖ «ដោយសារផលិតផលទាំងអស់នេះមិនសូវចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូច្នេះអ្វីដែលអាចប្រើបានគឺគេនឹងបន្តប្រើមួយរយៈសិនរហូតដល់សេដ្ឋកិច្ចគ្រួសារ និងពិភពលោកល្អឡើងវិញ»។
លោកបន្តថា ដោយសារក្នុងរយៈពេល ៣-៤ ឆ្នាំមកនេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង ដូច្នេះលោកមានជំនឿថា នៅពេលខាងមុខឆាប់ៗនេះសកម្មភាពផលិតកម្ម និងទឹកប្រាក់នៃការនាំចេញ-នាំចូលទំនិញកម្ពុជានឹងហក់ឡើងវិញយ៉ាងឆាប់។ លោកបន្ថែមថា ជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏នឹងជួយទាក់ទាញឱ្យអ្នកវិនិយោគចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនផងដែរ។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក ងួន ម៉េងតិច បានឱ្យដឹងថា លក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ និងច្បាប់វិនិយោគ ព្រមទាំងមានទីផ្សារទទួលទិញច្រើនបានជួយឱ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនលើគ្រប់វិស័យជាបន្តបន្ទាប់។
លោកអះអាងថា៖ «នៅពេលសេដ្ឋកិច្ចពិភពលោកដំណើរការល្អឡើងវិញ តម្រូវការផលិតផលទាំងនេះនឹងហក់ឡើងវិញ ដូច្នេះការបញ្ជាទិញនឹងកើនឡើងទៅតាមនោះដែរ»។
ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញទំនិញក្នុងជំពូក (HS ២ខ្ពង់) លេខកូដ ៩៤ ក្នុងទឹកប្រាក់សរុប ៩៤៨,២៦ លានដុល្លារ កើនឡើង ៨,៧ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៨៧២,៥៦ លានដុល្លារ។ ទឹកប្រាក់នៃការនាំចេញទំនិញជំពូកលេខកូដ ៩៤ ស្មើនឹង ៤,២ ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុប ដែលមានចំនួន ២២ ៤៨២,៩៤ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕