ភ្នំពេញៈ​ អភិ​បាល​ក្រុង​ហុង​ហឺ ​នៃ​ខេត្ត​យូ​ណាន សាធា​រណរដ្ឋ​ប្រជា​មានិត​ចិន និង​អភិ​បាល​រាជធានី​ភ្នំពេញ​ ចង់​ផ្លាស់​ប្តូរ និង​ជំរុញ​ការ​វិនិយោគ​លើ​ផ្នែក​សេដ្ឋ​កិច្ច​រវាង​គ្នា​ឱ្យ​កាន់តែ​រីក​ចម្រើន​ដោយ​ភាគី​នៃ​ប្រទេស​ទាំង ២ ​បាន​ផ្តោត​កា​រពិភាក្សា​ទៅលើ​វិស័យ​ទេស​ចរណ៍ និង​កសិកម្ម​។​

​កិច្ចពិភាក្សា​រវាង​អាជ្ញាធរ​ក្រុងនៃ​ប្រទេស​ទាំង២ បានធ្វើ​ឡើងកាលពី​ថ្ងៃទី​៥ មិថុនា​ ខណៈ​គណៈប្រតិភូ​ទីក្រុង​ហុង​ហឺ ដឹកនាំ​ដោយ​លោកស្រី លូ ភីង អភិបាលក្រុង​ហុង​ហឺ ខេត្ត​យូ​ណាន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​


​ក្នុងជំនួបនោះ លោកស្រី លូ ភីង បាន​លើកឡើងថា ​គណៈប្រតិភូ​ទីក្រុង​ហុង​ហឺ ​ខេត្ត​យូ​ណាននៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មានបំណង​ចង់​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ជាមួយ​រាជធានី​ភ្នំពេញឱ្យ​កាន់តែ​រីកចម្រើន ជាមួយនឹង​ការជំរុញ​លើ​វិស័យ​ទេសចរណ៍តាមរយៈ​ការជំរុញ​លំហូរ​ភ្ញៀវទេសចរ រវាង​ក្រុង និង​ក្រុង ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​ទាំង​២ រីកចម្រើន​មួយកម្រិត​ថែមទៀត​។​

​លោកស្រី​បានបញ្ជាក់​ថា​៖«​គោលបំណង​ដែល​លោកស្រីជួបពិភាក្សា​ការងារ​ជាមួយ​ជាមួយ​លោក​ឃួ​ង ស្រេង នេះគឺ​ចង់​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​នៃ​ទីក្រុង​ទាំង​២ឱ្យ​កាន់តែ​ប្រសើរឡើង​។ ទីក្រុង​ហុង​ហឺ និង​នៅ​កម្ពុជា មាន​ផលិតផល​ក្នុងស្រុក​ប្រហាក់ប្រហែលគ្នាដែល​ទាមទារ​ឱ្យមាន​កិច្ចសហការ​កាន់តែ​ល្អ​ថែមទៀតពិសេស​ទៅ​វិស័យ​កសិកម្ម និង​ទេសចរណ៍ »​។


«​កសិផល​ដែល​ប្រទេស​កម្ពុ​ជាមាន និង​ត្រូវប៉ាន់​នៅ​ប្រទេស​ចិន​នោះ គឺទុរេន មៀន និង​ចេក​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោកស្រី ក៏​ចង់​នាំ​កសិផល​នៅ​ប្រទេស​ចិនដែលមាន​បន្លែ​ ផ្លែឈើ ចូលមក​កម្ពុជា​ផងដែរ​។ បន្ថែម​ពីនេះ ដោយ​មើលឃើញថា នៅ​កម្ពុ​ជាមាន​តំបន់​ទេសចរណ៍​ច្រើន យើង​នឹង​ជួយ​ផ្សព្វផ្សាយដើម្បីឱ្យ​ពលរដ្ឋ​ចិន ពិសេស​ពលរដ្ឋ​នៅ​ទីក្រុង​ហុង​ហឺ មកលេង​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង​»​។ លោកស្រី លូ ភីង បានបញ្ជាក់​បន្ថែម​។​

​ជាមួយគ្នា​នោះដែរ លោក ឃួ​ង ស្រេង បាន​ថ្លែងដែរ​ថា រាជធានី​ភ្នំពេញ ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា ជា​តំបន់​​ពោរពេញ​ទៅ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ដោយសារ​កត្តា​ភូមិសាស្ត្រ​មាន​ភាព​អំណោយផល​។​

​លោក​បាន​បន្ថែមថា បន្ទាប់ពី​កម្ពុជា បាន​បើក​សេដ្ឋកិច្ច​ប្រទេស​ឱ្យ​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​មក ដំណើរការ​សេដ្ឋកិច្ច ចាប់ផ្តើម​មាន​ភាពប្រសើ​រ​ឡើងវិញ​បន្តិច​ម្តងៗដែល​និយាយបានសេដ្ឋកិច្ច​មាន​ការវិវត្ត​ទៅ​ភាព​វិជ្ជមាន​។ ម្យ៉ាង​វិញ​វិញទៀត​វិស័យ​ទេសចរណ៍​ចាប់ផ្តើម​ងើបឡើង​វិញ​ជា​បន្តបន្ទាប់ ខណៈ​ភ្ញៀ​វ​ទេសចរ​ជនជាតិ​ចិន បាន​មកជា​បណ្តើរៗ​ដែរ​។​

​លោក​បានបញ្ជាក់​ថា៖ «​ខ្ញុំ​ចង់ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ហុង​ហឺនៃ​ខេត្ត​យូ​ណានមក​ទេសចរ​ណ៍នៅ​កម្ពុជា​ឱ្យបាន​ច្រើនដោយ​កម្ពុ​ជាមាន​តំបន់​ទេសចរណ៍​ច្រើនមាន​ប្រាសាទបុរាណនៅតាម​ខេត្ត ពិសេស​នៅ​ខេត្តសៀមរាប ហើយ​នៅ​រាជធានី​ភ្នំពេញក៏​ជា​តំបន់​ដែលមាន​សក្តានុពល​ខាង​ផ្នែក​ទេសចរណ៍​ផងដែរព្រោះ​ជាទី​ក្រុង​ដែលមាន​វ័យ​ចំណាស់និង​ជាទី​ក្រុង​ដែល​ស្ថិតនៅ​ចំ​មុខ​ទន្លេ​មុខ​៤​ថែមទៀត​»​។

​លោក ឃួ​ង ស្រេង បន្ថែមថា ដោយឡែក ចំពោះ​កសិកម្ម​វិញ យើង​នឹង​ជំ​រុញឱ្យ​ការនាំចេញ ទុរេន មៀន និង​ចេក​ទៅកាន់​ប្រទេស​ចិន ឱ្យ​កាន់តែច្រើន ជាមួយនឹង​ការ​ជំ​រុញ​ឱ្យ​មន្ទីរ​ពាក់ព័ន្ធ​ធ្វើ​ទំនាក់ទំនង​ជាមួយនឹង​ក្រុមការងារ​ប្រតិភូ​របស់​ទីក្រុង​ហុង​ហឺ ដើម្បី​សហការ​ជំរុញ​វិស័យ​ខាងលើនេះ ឱ្យ​ដំណើរ​ការឱ្យ​កាន់តែ​ល្អ​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង​នៅ​​ថ្ងៃទី​៦ ខែមិថុនា ថា កិច្ចសហការ​រវាង​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន នៃ​ប្រទេស​ចិន និង​កម្ពុជា គឺ​កិច្ចសហការ​ជិតស្និទ្ធ១ ដែល​ភាគី​ទាំង២តែងតែមាន​យ៉ាង​ស្អិតល្មួនាពេល​កន្លងមក​។​

​លោក​បានបញ្ជាក់​ថា​៖«​ការបង្កើន​កិច្ចសហការ​រវាង​កម្ពុ​ជា និង​ចិន មាន​ជា​យូរ​មកហើយ​។​វា​មាន​សារៈសំខាន់​ណាស់ ដែល​អាជ្ញាធរ​តាម​ខេត្ត​ក្រុងរបស់​ប្រទេស​ទាំង២មាន​ទំនាក់ទំនង​ជាមួយគ្នា​កាន់​តែជិតស្និទ្ធដែល​នេះ​ជាការ​សម្រួល​បន្ថែមទៀតនូវ​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​គ្នា ខណៈដែល​រាជធានី​ភ្នំពេញ​របស់​យើងជា​ដែនដី​ប្រមូលផ្តុំ​ទៅដោយ​សកម្មភាព វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចយ៉ាង​មមាញឹក​»៕