​ភ្នំពេញៈ ទោះបី​រយៈពេល ១​ ​ឆ្នាំកន្លងមក​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រ​ទេស​មហាអំណាច និង​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​សកម្មភាព​ពាណិជ្ជ​​កម្ម​អន្តរជាតិ​ត្រូវ​ធ្លាក់ចុះ​ភាគ​ច្រើន ប៉ុន្តែ​សម្រាប់​ទំហំ​ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​ឥណ្ឌូនេស៊ី គឺ​នៅតែ​បន្ត​សញ្ញា​វិជ្ជមាន ដោយ​ក្នុង​រយៈពេល​ ៤ ​ខែ​ដើម​ឆ្នាំនេះ​សម្រេចបាន​ជិត ៤០០ ​លាន​ដុ​ល្លារ កើន​ជាង ១/៤​ដង​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ដែល​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែមេសា ឆ្នាំ​ ២០២៣ ទឹកប្រាក់​នៃ​ការផ្លាស់ប្តូ​រពា​ណិ​​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌូនេស៊ី មាន​ចំនួន ៣៩២,០៦​ លាន​ដុ​ល្លារ កើន ២៧​ ភាគរយ​បើ​ធៀប​រយៈពេល ៤​ ខែ​ដើមឆ្នាំ​ ២០២២ ដែលមាន ៣០៨,៦៩​ លាន​ដុ​ល្លារ ដោយ​ការនាំចេញ​របស់​កម្ពុជា​ចំនួន ១៤,១៦​ លាន​ដុល្លារ កើនឡើង ៦០,៦​ ភាគរយ និង​ទំនិញ​នាំ​ពី​ឥណ្ឌូនេស៊ី ៣៧៧,៩១​ លាន​ដុល្លារ កើនឡើង ២៦​ ភាគរយ​។ បើ​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ឱនភាព​រហូតដល់ ៣៦៣,៧៥​ លាន​ដុល្លារ​។​


​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ខែ​មេសា ឆ្នាំ​ ២០២៣ គឺមាន ៨៧,២១​ លាន​ដុល្លារ ធ្លាក់ចុះ ៩,០៣​ ភាគរយ​ ធៀប​នឹង​ខែមេសា ឆ្នាំ​ ២០២២ ដោយ​កម្ពុជា​នាំទៅ​ឥណ្ឌូនេស៊ី ១,៩៥​ លាន​ដុល្លារ កើនឡើង ៨,០៥​ ភាគរយ និង​នាំចូល​ ៨៥,២៦ ​លាន​ដុល្លារ ធ្លាក់ចុះ ៩,៣៦​ ភាគរយ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែមិថុនា ថា កំណើន​ទឹកប្រាក់​ផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ​២ នៅក្នុង​អំឡុង​​ពេល​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ភាគ​ច្រើន​ធ្លាក់ចុះ គឺ​បញ្ជាក់ថា ប្រទេស​ទាំង ២ បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​កាន់​តែ​សំខាន់​។ មូលហេតុ​ដែល​ចំនួន​ទឹក​ប្រាក់​នាំ​ទំនិញ​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុ​ជាមាន​ច្រើន​លើសលប់​ធៀប​ការនាំចេញ​របស់​កម្ពុជា គឺ​ដោយសារ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន កម្លាំង​សេដ្ឋកិច្ច​ធំ​ (​ឥណ្ឌូនេស៊ី គឺជា​សមាជិក​ប្រទេស G20) និង​មាន​ចង្វាក់​ផលិត​កម្ម​សម្បូរបែប​។ លោក​បន្តថា ម្យ៉ាង​ទៀត​ក្នុងនាម​ប្រទេស​ក្នុង​តំបន់​តែមួយ បច្ចុប្បន្ន​ក៏មាន​វិនិយោគិន​ឥណ្ឌូនេស៊ី​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ដែរ​។​


​លោក​បន្ថែមទៀតថា បន្ថែម​លើ​នេះ​កម្ពុជា និង​ឥណ្ឌូនេស៊ី​ក៏មាន​កិច្ច​ព្រម​​ព្រៀង​ទ្វេភាគី និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP) ដែលជា​ផ្នែក​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​ការនាំចេញ​-​នាំចូល​ទំនិញ​ជាមួយគ្នា​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ទោះបី​ពេលនេះ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​ជា​មួយ​នឹង​ឥណ្ឌូនេស៊ី មាន​ឱនភាព​ច្រើន ប៉ុន្តែ​ជា​ជំហានៗ​ខ្ញុំ​សង្ឃឹមថា ការនាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នឹង​កើនឡើង ព្រោះ​បច្ចុប្បន្ន​សមត្ថភាព​ផលិត​នៅ​កម្ពុជា​កំពុង​កើន​ឡើងជា​លំដាប់​ទាំង​ផ្នែក​កសិកម្ម និង​ឧស្សាហកម្ម​»​។​

​បន្ទាប់ពី​កាត់ផ្តាច់​មួយរយៈ​ដោយ​សារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ជើងហោះហើរ​ត្រង់​រវាង​ភ្នំពេញ និង​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃទី ​១៩ ខែមេសា​។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរ​​ណ៍​កម្ពុជា លោក ហូ វណ្ឌី កាលពី​ចុង​​ខែមីនា បាន​និយាយថា ការតភ្ជាប់​ជើងហោះហើរ​ត្រង់​នឹង​ផ្តល់​ផល​វិ​ជ្ជ​មាន​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ប្រទេស​ឥណ្ឌូនេស៊ី មាន​ប្រជាជន​ច្រើន និង​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង​ ២០ លើ​ពិភពលោក ដូច្នេះ​ការតភ្ជាប់​នេះ​នឹង​អាចជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី និង​ភ្ញៀវ​អន្តរជាតិ​តាមរយៈ​ប្រទេស​ឥណ្ឌូនេស៊ី​ជាច្រើន​។ ជើងហោះហើរ​ផ្ទាល់​ក៏​ជួយ​ធ្វើឱ្យ​ទំនាក់​ទំនង​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​កាន់តែ​ល្អ​ដែរ​។​

​លោក​ថ្លែងថា​៖ «​ជើងហោះហើរ​ត្រង់​រវាង​ហ្សា​ការ​តា​ភ្នំពេញ នឹង​ផ្តល់​ភាព​​វិជ្ជមាន​ច្រើន ខណៈ​ទេសចរ​ឥណ្ឌូ​នេ​ស៊ី ចូលចិត្ត​ទៅ​ទស្សនា​តំបន់​ប្រាសាទ​អង្គរវត្ត​ក្នុង​ខេត្តសៀមរាប និង​រាជធានី​​ភ្នំពេញ ចំណែក​ទេសចរ​កម្ពុជា​ចូល​​ចិត្ត​ទៅ​កម្សាន្ត​នៅ​កោះ​បាលី​»​។​

​ចំណែក​លោក វណ្ណៈ បាន​អះអាងថា ជើងហោះហើរ​ត្រង់ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង ២ ទទួលបាន​កំណើន​ភ្ញៀវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​សកម្មភាព​ការដឹកជញ្ជូន​ទំនិញ​ប្រទេស​ទាំង ២ បោះជំហាន​ទៅមុខ​កាន់តែ​លឿន​ដែរ​។ លោក​បញ្ជាក់ថា​៖ «​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី កំពុង​ក្លាយជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការជំរុញ​កិច្ច​ផ្លាស់ប្តូ​រពា​​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យមាន​ទំហំ​កាន់តែ​ធំ​»​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា ឥណ្ឌូនេស៊ី មាន​ទឹកប្រាក់​សរុប ៩៤៨,៥៣ ​លាន​ដុល្លារ កើន​ ៤៨,៣​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១ ដោយ​ការនាំចេញ​របស់​កម្ពុជា​ចំនួន ៣៦,៨៤ ​លាន​ដុល្លារ កើនឡើង ១៥,៩​ ភាគរយ និង​ទំនិញ​នាំ​ពី​ឥណ្ឌូនេស៊ី ៩១១,៦៩​ លាន​ដុល្លារ កើន ៦០​ ភាគ​រយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕