ភ្នំពេញៈ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) និងសមាគមលើកកម្ពស់ម្រេចកំពត (KPPA) បានអះអាងថា ការនាំចេញម្រេចកម្ពុជានឹងមិនពឹងផ្អែកខ្លាំងលើទីផ្សារប្រទេសជិតខាងនោះទេ ខណៈបច្ចុប្បន្នក្រុមហ៊ុនចំនួន ៧ ត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។
ពិធីសារនៃតម្រូវការភូតគាមអនាម័យសម្រាប់នាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ត្រូវចុះហត្ថលេខានៅវិមានសន្តិភាពកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Yu Jianhua ប្រធានអគ្គរដ្ឋបាលគយចិន (GACC) ក្នុងពិធីមួយក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃទី ១១ ខែឧសភា GACC បានអនុម័តឱ្យកម្ពុជានាំចេញម្រេចទៅទីផ្សាររបស់ខ្លួនដោយផ្ទាល់ និងបានលើកឡើងថា មានកសិដ្ឋានម្រេចចំនួន ២៨ និងក្រុមហ៊ុនវេចខ្ចប់ ៧ ដែលបានចុះបញ្ជីសម្រាប់នាំចេញ។ នេះបើតាមព័ត៌មានពីស្ថានទូតចិនប្រចាំកម្ពុជា។
ស្ថានទូតចិនឱ្យដឹងទៀតថា ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីតម្រូវការភូតគាមអនាម័យសម្រាប់ការនាំម្រេចពីកម្ពុជាទៅប្រទេសចិន ដែលចុះហត្ថលេខារួមគ្នាដោយប្រទេសចិន និងកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំមុនរដ្ឋបាលគយនៃស្ថានទូតចិនប្រចាំកម្ពុជានិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នៅថ្ងៃទី ១០ និងទី ១១ ខែមេសា បានត្រួតពិនិត្យទីតាំងរោងចក្រផលិតម្រេច និងរោងចក្រវេចខ្ចប់ម្រេចតាមរយៈសន្និសីទវីដេអូ។
ស្ថានទូតបានសរសេរថា៖ «ម្រេចគឺជាផលិតផលកសិកម្មដំបូងរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅចិនក្នុងឆ្នាំ ២០២៣ ហើយក៏ជាគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំទៅទីផ្សារប្រទេសចិនផងដែរ»។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែមិថុនាថា តាមរយៈទីផ្សារទៅប្រទេសចិន ម្រេចកម្ពុជានឹងទទួលបានការចាប់អារម្មណ៍ច្រើនពីវិនិយោគិន។ លោកប្រាប់ថា៖ «សម្រាប់ទីផ្សារចិនគឺជារឿងល្អ ព្រោះយើងមានទីផ្សារបន្ថែមដែលអាចនាំចេញបាន។ កន្លងមកម្រេចយើងនាំចេញក្នុងរង្វង់ ២ ម៉ឺនតោនទៅវៀតណាម (៨០ភាគរយ) ថៃ ជប៉ុន តៃវ៉ាន់ អឺរ៉ុប និងអាមេរិក» ។
បើយោងតាមលោក ម៉ាក់ នី បច្ចុប្បន្នសហព័ន្ធម្រេចមានសមាជិកចំនួន ៣៣ ក្នុងនោះអ្នកផលិត ១៥ សមាគម/សហគមន៍ ក្រុមហ៊ុននាំចេញ ១៥ និងក្រុមហ៊ុនសេវាកម្មចំនួន ៣។ ការដាំដុះមាន ១៨ ខេត្ត ខេត្តដែលដាំច្រើនជាងគេមាន ត្បូងឃ្មុំ មណ្ឌលគិរី និងរតនគិរី។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត (KPPA) លោក ងួន ឡាយ បាននិយាយថា ចាប់ពីពេលនេះតទៅទីផ្សារចិននឹងដើរតួនាទីសំខាន់សម្រាប់ម្រេចកម្ពុជា។ លោកថ្លែងថា៖ «បច្ចុប្បន្នផលិតផលភាគច្រើននៅក្នុងសមាគមរបស់ខ្ញុំ (ផលិតផល GI) ត្រូវបាននាំចេញប្រហែល ៨០ តោនទៅទីផ្សារអឺរ៉ុប និងអាមេរិក។ ដូច្នេះយើងមើលឃើញថា ការបើកទីផ្សារចិននឹងដើរតួនាទីសំខាន់សម្រាប់ការដាំដុះម្រេច ដើម្បីជំរុញការនាំចេញ»។
នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាគោលនយោបាយ លោក ចាន់ សុផល បានឱ្យដឹងក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ថា ការនាំចេញដោយផ្ទាល់ជាផ្លូវការទៅប្រទេសចិននឹងបញ្ចប់ការពឹងផ្អែករបស់កម្ពុជាលើប្រទេសវៀតណាម ឬប្រទេសជិតខាងផ្សេងទៀត។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២៣ ម្រេចចំនួន ៨២២,៦៥ តោន ត្រូវបាននាំទៅទីផ្សារអន្តរជាតិ ដោយនាំទៅវៀតណាម ៧៦៥ តោន, អាមេរិក ២៦,១៤ តោន, កូរ៉េខាងត្បូង ១៦,២ តោន, បារាំង ៩,៥៤ តោន និងប្រទេសបែលហ្ស៊ិក ២,៣៦ តោន។ ម្រេចមួយចំនួនទៀតត្រូវបាននាំទៅជប៉ុន ឥណ្ឌា និងទីផ្សារអាស៊ីប៉ាស៊ីហ្វិក៕