ភ្នំពេញៈ ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ អាចធ្វើ​ការទូទាត់​តាមរយៈ​ការ​ស្កេ​ន QR ជាមួយ​ពាណិជ្ជករ​ចំនួន ៧,៥ ​លាន​នាក់​នៅក្នុង​ប្រទេស​ថៃ និង​ប្រហែល ១,៥ ​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ប្រទេស​ទាំង​ ២​ បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដំណាក់កាល​ទី​ ២ នៃ​ការទូទាត់ QR ឆ្លងដែន​។​

​កាលពី​ថ្ងៃទី​ ៦ ខែមិថុនា ធនា​គារ​ជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្ដាល​ថៃ បានដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នូវ​ដំណាក់កាល​ទី២ នៃ​ការទូទាត់ QR ឆ្លងដែន​ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជ​កម្ម និង​ទេសចរណ៍​រវាង​ប្រទេសជិតខាង​ទាំង ២ ដែល​ប្រជាជន​ប្រទេស​ទាំង ២ អាច​ស្កេ​ន QR Code នៅ​គ្រប់​ពាណិជ្ជករ​លក់រាយ​ក្នុងប្រទេស​ថៃ និង​ប្រជាជន​ថៃ​អាច​ស្កេ​ន QR Code នៅ​គ្រប់​ពាណិជ្ជករ​លក់រាយ​រប​ស់​ប្រទេស​កម្ពុជា​។​


​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ៦ មិថុនា នៅ​រាជធានី​ភ្នំពេញ ក្នុងជំនួប​ទ្វេភាគី​រវាង​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) និង​លោក Sethaput Suthiwart-Narueput ទេសាភិបាល​ធនាគារកណ្តាល​ថៃ​។ ជំនួប​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ម៉ាក្រូសេដ្ឋកិច្ច ការ​​អភិវឌ្ឍ​វិស័យ​ធនាគារ និង FinTech​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC បន្ទាប់ពី​កិច្ចប្រជុំ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ឱ្យដឹងថា​៖ «​ដំណាក់កាល​ទី២ នៃ​ការទូទាត់ QR ឆ្លងដែន​រវាង​កម្ពុជា និង​ថៃ ដែលមាន​គោលបំណង​លើកកម្ពស់​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក និង​បរិ​យា​ប័ន្ន​ហិ​រញ្ញ​វត្ថុ ជួយ​សម្រួល​ដល់​សកម្ម​ភាព​ពាណិជ្ជកម្ម​ឆ្លងដែន និង​ជំរុញ​ទេសចរ​​ណ៍​នៃ​ប្រទេស​ទាំង​ ២ ខណៈ​ដំណាក់​​កាល​ទី១​ នៃ​គម្រោង​នេះ​បាន​អនុញ្ញាតឱ្យ​កម្ពុជា​អាច​ទូទាត់​ថ្លៃទំនិញ ឬ​សេវា​កម្ម​តាមរយៈ​កម្មវិធី​ធនាគារ​ចល័ត​ដោយ​ការ​ស្គេ​ន QR នៅ​គ្រប់​ពាណិជ្ជករ​លក់រាយ​ក្នុងប្រទេស​ថៃ និង​គ្រប់​ពា​ណិ​ជ្ជ​ករ​លក់រាយ​នៅ​កម្ពុជា​នៅ​ដំណាក់​កាល​ទី​២ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ​៦ ខែមិថុនា ឆ្នាំ ​២០២៣ តទៅ​»​។​


​លោកស្រី ជា សិរី ទេសាភិបាលរង​​ធនាគារជាតិ​នៃ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ស្រី​កាលពី​ថ្ងៃទី ​៦ ខែមិថុនា​ថា ឥឡូវនេះ​អ្នកប្រើប្រាស់ KHQR អាច​ស្គេ​ន​ពា​ណិ​ជ្ជ​ករ​ចំនួន ៧,៦ ​លាន​នាក់​នៅក្នុង​ប្រទេស​ថៃ ខណៈ ThaiQR អាច​ស្គេ​ន​គ្រប់​ពាណិជ្ជករ​ចំនួន ១,៥​ លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី​លើកឡើងថា​៖ «​ថ្ងៃនេះ​យើង​បញ្ចប់​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​រវាង​ធនាគារកណ្តាល​ថៃ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​។ ក្រៅពី​ការចែករំលែក​ចំណេះដឹង​ដែល​បាន​រៀនសូត្រ​ពី​ផ្នែក​ជាច្រើន​ក្នុង​វិស័យ​ធនាគារកណ្តាល យើង​ក៏​ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​នូវ​ដំណាក់កាល​នៃ​ការទូទាត់​តាម QR រវាង​ប្រទេស​ទាំង ​២ ដែរ​។ ឥឡូវនេះ​អ្នកប្រើប្រាស់ KHQR អាច​ស្គេ​ន​ពា​​ណិ​ជ្ជ​ករ​ចំនួន ៧,៦​ លាន​នាក់​នៅក្នុង​ប្រទេស​ថៃ ខណៈ ThaiQR អាច​ស្គេ​ន​គ្រប់​ពាណិជ្ជករ​ចំនួន ១,៥​ លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោកស្រី​បន្ថែមថា​៖ «​ពី​ទីក្រុង​តូ​ក្យូ ខ្ញុំ​បានធ្វើ​ដំណើរ​ត្រង់​ឆ្ពោះ​ពី​អាកាស​យានដ្ឋាន​មក​ចូលរួម​កិច្ចប្រជុំ បើទោះបី​គេង​តិចតួច និង​កាហ្វេ​ច្រើន ខ្ញុំ​រំភើប​ខ្លាំងណាស់​ចំពោះ​ការសហការ​នេះ​»​។​

​លោកស្រី​បន្តថា​៖ «​នៅ​ឆ្នាំ​ ២០២០ យើង​បាន​ដាក់ឱ្យ​ដំណើរការ​ស្គេ​ន QR របស់​ធនាគារ​ដែល​បានជ្រើសរើស​នៅ​កម្ពុជា និង​ការ​ស្គេ​ន QR របស់​ធនាគារ​ពី​ធនាគារ​ដែល​ជ្រើសរើស​នៅក្នុង​ប្រទេស​ថៃ​។ ថ្ងៃនេះ ​(៦ មិថុនា​) យើង​បានចាប់ផ្តើម​ដំណាក់កាល​ទី​ ២ នៃ​ការសហការ​របស់​យើង​ជាមួយនឹង​ ThaiQR ស្គេ​ន KHQR ពាណិជ្ជករ ១,៥ ​លាន​នាក់​នៅ​កម្ពុជា និង KHQR អាច​ស្គេ​ន​ពាណិជ្ជករ ៧,៦ ​លាន​នាក់​នៅ​ប្រទេស​ថៃ ដែល​ធ្វើឱ្យ​ការទូទាត់ QR រវាង​ប្រទេស​ទាំង​ ២​ កាន់តែ​ងាយ​ស្រួល​ដោយ​សង្កត់ធ្ងន់​ទៅលើ​ការប្រើ​​ប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ប្រតិបត្តិការ​»​។​

​គម្រោង​នេះ​មាន ២​ ដំណាក់កាល ដោយ​ក្នុងដំណាក់កាល​ទី​ ១ ហៅថា KHQR ប្រជាជន​កម្ពុជា​អាច​ស្គេ​ន QR Code នៅ​ប្រទេស​ថៃ ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​កិច្ច​ប្រ​​ជុំ​ទ្វេភាគី​រវាង​ធនាគារកណ្តាល​ទាំង​ ២ កាលពី​ថ្ងៃទី ​១៨ ខែកុម្ភៈ ឆ្នាំ​ ២០២០ នៅ​ប្រទេស​ថៃ​។​

KHQR គឺជា​ប្រព័ន្ធ​លេខ​កូដ​ឆ្លើយ​តប​រហ័ស​ជាស​កល ​(QR) ដែល​បង្កើតឡើង​សម្រាប់​ការទូទាត់​លក់រាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ការទូទាត់​ឆ្លងដែន​នៅក្នុង​ប្លុក​អាស៊ាន​។ នេះ​បើ​យោងតាម NBC​។ ក្នុងដំណាក់កាល​ទី​ ២ ប្រជាជន​ថៃ​អាច​ស្គេ​ន QR Code នៅ​កម្ពុជា​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០១៩ ធនាគារ​​ជាតិ​នៃ​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយនឹង​ធនាគារ​កណ្តាល​ថៃ ដើម្បី​សហការ​លើ​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​ទូទាត់​។​

​កាលពី​ថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ ​២០២២ NBC បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ KHQR បន្ទាប់ពី​ដំណើរការ​សាកល្បង ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ឆ្លង​ធនាគារ​។​

​ចំនួន​គណនី​អ៊ីវ៉ា​ឡេ​ត ដែល​បាន​ចុះ​​ឈ្មោះ​បាន​កើន​ទៅដល់ ១៩,៥ ​លាន ហើយ​ចំនួន​ប្រតិបត្តិ​ការសរុប​កើនឡើង​ពី ៧០៨​ លាន​ដល់ ១ ​ពាន់​លាន​ដុល្លារ ជាមួយ​ចំនួន​ទឹកប្រាក់​សរុប ២៧២,៨​ ពាន់​លាន​ដុល្លារ ​(​កើន ៣៤ ​ភាគរយ​) ប្រហែល ៩ ​ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​។ នេះ​បើតាម​របាយ​ការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ ​២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

​បើតាម NBC បច្ចុប្បន្ន​ការទូទាត់​ឆ្លងដែន​ជាមួយ​ប្រទេសជិតខាង​ក៏ត្រូវ​បាន​ពង្រឹង​ដល់​កម្រិត​កាន់តែ​ប្រសើរ​។ បន្ទាប់ពី​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ជោគជ័យ​ជាមួយនឹង​ធនាគារ​​កណ្ដាល​ថៃ ធនាគារជាតិ​នៃ​កម្ពុជា ក៏​កំពុងធ្វើការ​ជាមួយ​ធនាគារកណ្ដាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ និង​ធនាគារកណ្ដាល​រដ្ឋ​វៀតណាម ដើម្បី​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​ប្រទេស​ទាំង ២ ក្នុង​បំណង​ធ្វើឱ្យ​ការទូទាត់​ឆ្លងដែន​កាន់តែ​ងាយស្រួល លឿន សុវត្ថិភាព​ជាង​មុន និង​បរិ​យា​ប័ន្ន​៕