ភ្នំពេញៈ Online Business Registration Service ដែលជា​ស្ថាប័ន​ទទួលបន្ទុក​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​​បច្ចេកវិទ្យា​ព័ត៌មាន បានឱ្យដឹងថា ចាប់​តាំងពី​បើក​ដំណើរការ​ជា​ផ្លូវការ​នា​ពាក់​កណ្តាល​ឆ្នាំ​ ២០២០ រហូតមកទល់​ពេលនេះ មាន​អាជីវកម្ម​ជិត ២៦​ ពាន់​បានមក​ចុះបញ្ជី ដែលមាន​ដើមទុន​សរុប ៧,៦២​ ពាន់​លាន​ដុល្លារ​។​

​បន្ទាប់ពី​បានធ្វើ​កំណែទម្រង់​ជា​បន្ត​បន្ទាប់​លើ​នីតិវិធី​ចុះបញ្ជី​ក្រុមហ៊ុន​ដើម្បីឱ្យ​កាន់តែ​ងាយស្រួល​ស្របតាម​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ២០២០ បានដាក់​ឱ្យ​ដំណើរការ​ការចុះ​បញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ «Single Portal» ដោយបាន​ដាក់​ក្រសួង​-​ស្ថាប័ន​ចំនួន​ ៦ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​មហា​ផ្ទៃ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ការ​ងារ​, អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​


​តារាង​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី​១ នៃ​អង្គភាព Online Business Registration Service បង្ហាញថា គិត​ត្រឹម​ថ្ងៃទី ​៥ ខែមិថុនា ឆ្នាំ​ ២០២៣ (​ម៉ោង ៣ ​រសៀល​) ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​ចំនួន​សរុប ២៥ ៨៧១ ដែល​ស្មើនឹង​ដើម​ទុន​សរុប ៧,៦២ ​ពាន់​លាន​ដុល្លារ​។​

​បើ​យោងតាម​តារាង​ខាងលើ ក្រៅពី​ក្រុមហ៊ុន​/​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ ក៏មាន​ក្រុមហ៊ុន​ដែល​ទទួលជោគជ័យ​លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក (Reservations) ចំនួន ១៥ ១៥៥ និង ២ ត្រូវបាន​បដិសេធ​។ ចំនួន​ក្រុមហ៊ុន​/​សហគ្រាស​ដែល​បាន​ចុះបញ្ជី គឺ ៦២ ភាគរយ​មាន​ម្ចាស់​ជា​បុរស និង ៣៨ ​ភាគរយ​ជា​ស្ត្រី​។​


Online Business Registration Service ឱ្យដឹងទៀតថា ក្នុងចំណោម​ទុនវិនិយោគ​ទាំង ៧,៦២​ ពាន់​លាន​ដុល្លារ គឺ​ក្នុង​ផ្នែក​សាងសង់ មាន​ដើម​​ទុន​ប្រមាណ ១,០៥៦ ពាន់​លាន​ដុ​ល្លារ ស្មើនឹង ១៤ ​ភាគរយ​, សកម្មភាព​សេវាកម្ម​ស្នាក់នៅ ៨៩២ ​លាន​ដុល្លារ ស្មើ ១២ ​ភាគរយ​, ផ្នែក​អចលនទ្រព្យ (​ប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) មាន​ដើមទុន ៧៩២ ​លាន​ដុល្លារ ឬ​ស្មើ ១០ ​ភាគរយ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៣៧១​ លាន​ដុល្លារ ស្មើនឹង ៥​ ភាគរយ​, ផ្នែក​កម្ម​ន្ត​សាល​សម្លៀកបំពាក់ ​(​លើកលែងតែ​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) ​មាន​ទុន ៣៤៨​ លាន​ដុល្លារ ស្មើនឹង ៤ ​ភាគរយ​, និង​ផ្នែក​ផ្សេងៗ​ទៀត មាន​ដើមទុន​ប្រ​​មាណ ៤,១៥​ ពាន់​លាន​ដុល្លារ ស្មើនឹង ៥៥ ​ភាគរយ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៨ ខែមិថុនា​ថា ចាប់តាំងពី​រដ្ឋាភិបាល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ​២០២០​ មក ចំនួន​ក្រុមហ៊ុន​/​សហគ្រាស​ដែល​ទៅ​ចុះបញ្ជី​បាន​កើន​ឡើងជា​លំដាប់​។ ការចុះបញ្ជី​អាជីវ​កម្ម​មាន​ភាពងាយស្រួល និង​ចំណាយ​ថវិកា​តិច បាន​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​កាន់តែច្រើន​យក​អាជីវកម្ម​របស់ខ្លួន​ទៅ​ចុះបញ្ជី​។

លោក​បន្តថា នៅពេលដែល​គ្រប់​អាជីវកម្ម​ត្រូវបាន​ចុះបញ្ជី វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​រដ្ឋា​ភិ​បាល​ងាយ​គ្រប់គ្រង ឬ​ដាក់ចេញ​វិធាន​ការជួយ​គាំទ្រ​នៅពេល​វិស័យ​ណា​មាន​បញ្ហា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ឱ្យ​ការប្រកួតប្រជែង​របស់​ម្ចាស់​អាជីវកម្ម​កាន់តែ​មាន​តម្លាភាព​ផងដែរ​។​

​លោក​បាន​អះអាងថា តាមពិតទៅ​ផ្នែក​ឯកជន​ចង់ឱ្យ​រដ្ឋាភិបាល​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ដែលមាន​ភាព​ប្រទាក់ក្រឡា​រវាង​ក្រសួង​-​ស្ថាប័ន​បែបនេះ​ជា​យូរ​មកហើយ ព្រោះ​វា​ចំ​ណេ​ញ​ពេលវេលា និង​ជួយ​កាត់បន្ថយ​ការិយាធិបតេយ្យ​បាន​ច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​នៅពេល​គ្រប់ការ​ចុះបញ្ជី​បាន​គ្របដណ្តប់​លើ​អាជីវកម្ម​ទាំង​អស់វា​នឹង​ជួយ​ឱ្យ​រដ្ឋ​ងាយស្រួល​រៀបចំ​គោលនយោបាយ​គាំទ្រ លើក​ទឹកចិត្ត ឬ​កំណត់​អត្រាពន្ធ ជាដើម​។ ចំណែក​ផ្នែក​ឯកជន គឺ​នឹង​ជួយ​ឱ្យ​ការ​ប្រកួតប្រជែង​ធ្វើឱ្យ​តម្លាភាព តាមរយៈ​ការលុបបំបាត់​ចោលការ​ធ្វើ​អាជីវកម្ម​ក្រៅច្បាប់​»​។​

​លោក​បានលើកឡើង​ទៀតថា នៅ​ប្រទេស​រីកចម្រើន ការចុះបញ្ជី​អាជីវ​​កម្ម​គឺ​ត្រូវបាន​ធ្វើឡើង​ស្ទើរ​គ្រប់​ប្រភេទ​អាជីវកម្ម​ទាំងអស់​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ខែ​​មិថុនា ឆ្នាំ​ ២០២០ ឱ្យដឹងថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន គឺជា​ផ្នែក​មួយ​នៃ​ការដ្ឋាន​កែ​​ទម្រង់​ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម​របស់​រាជរដ្ឋាភិបាល ដោយ​ការបង្កើត​ប្រព័ន្ធ​នេះ​ឈរលើ​គោលការណ៍​ចំនួន ៣ រួមមាន ការកាត់បន្ថយ​នីតិវិធី​ស្មុគ​ស្មាញ​, កាត់បន្ថយ​ចំណាយ​, និង​កាត់បន្ថយ​ពេលវេលា​ត្រួតពិនិត្យ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា ជាមួយនឹង​ការចូល​រួមសហការ​ស្អិតល្មួត​ពី​ក្រសួង​ស្ថាប័ន​ទាំងអស់ ប្រព័ន្ធ​ចុះបញ្ជី​អាជីវ​​កម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នឹង​ក្លាយជា​ចំណុច​ចាប់ផ្តើម​ដ៏​មាន​សក្តា​នុព​ល​លើ​ការផ្តល់សេវា​សាធារណៈ​ឌីជីថល និង​កាលានុវត្តភាព​ចំពោះ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការចាប់យក​បច្ចេកវិទ្យា​ឌីជីថល​ជា​ស្នូល​»៕