ភ្នំពេញៈ ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី លោក អ៊ិន ចាន់នី បានឱ្យដឹងថា ការស្កេន QR សម្រាប់ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា-ថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុង ១ ថ្ងៃៗ ចាប់ពីធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារជាតិថៃប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងការទូទាត់ឆ្លងដែនរវាងប្រទេសទាំង ២ ដែលអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំង ២ អាចស្កេនទូទាត់ទិញទំនិញ ឬសេវាកម្មផ្សេងៗតាមរយៈ QR នេះ។
ធនាគារកណ្តាលនៃប្រទេសទាំង ២ បានប្រកាសដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមរយៈ QR កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០។ កាលពីថ្ងៃទី ៦ ខែមិថុនា ភាគីទាំង ២ ក៏បានដាក់ឱ្យដំណើរការជាផ្លូវការនូវដំណាក់កាលទី ២ នៃការទូទាត់ QR ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃ ធ្វើការទូទាត់តាមរយៈការស្កែន QR ជាមួយពាណិជ្ជករចំនួន ៧,៥ លាននាក់នៅប្រទេសថៃ និង ១,៥ លាននាក់នៅកម្ពុជា។
ថ្លែងមកកាន់អ្នកយកព័ត៌មានបន្ទាប់ពីពិធីចុះកិច្ចព្រមព្រៀងរវាងធនាគារ អេស៊ីលីដា ជាមួយនិងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌីស្តីពីការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុនៅលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល ថា គិតមកទល់ពេលនេះមានរយៈពេលជាង ៣ ឆ្នាំហើយ ដែលប្រទេសកម្ពុជា និងថៃបានអនុញ្ញាតដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR ដែលធ្វើឱ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល នៅកម្ពុជាស្កេនទូទាត់នៅប្រទេសថៃបានរហូតដល់ ៥២ លានរៀលនៅក្នុង ១ ថ្ងៃៗ រីឯចំនួនប្រតិបត្តិការទូទាត់ក្នុង ១ ថ្ងៃ គឺមិនត្រូវបានកំណត់នោះទេ។
លោកនិយាយថា ចាប់តាំងពីអេស៊ីលីដា ត្រូវបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា សម្រាប់ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែនជាមួយនឹងប្រទេសថៃកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ មកប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំង ២ បានកើនឡើងគួរឱ្យកត់សម្គាល់។ ដោយសារអ្នកប្រើប្រាស់អេស៊ីលីដា ម៉ូបាល ស្កេន QR ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅក្នុងប្រទេសថៃ បានរហូតដល់ទៅ ៥២ លានរៀលក្នុង ១ ថ្ងៃ។ គិតចាប់ពីខែកុម្ភៈ ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២៣ ចំនួនប្រតិបត្តិការទូទាត់មានដល់ទៅ ៩,៥៥៥ និងមានប្រាក់ប្រមាណ ២៧ លានបាត។
លោកបន្ថែមថា៖ «ឥឡូវនេះកម្ពុជាបានទទួលការស្កេនទូទាត់ពីអតិថិជននៃធនាគារពីប្រទេសថៃមកស្កេននៅលើ KHQR របស់ពាណិជ្ជករធនាគារនីមួយៗនៅកម្ពុជា ដែលជាសមាជិក Bakong បាន ខណៈពេលនេះសមាជិករបស់ Bakong មានសរុប ៤៨ ធនាគារ/ស្ថាប័ន»។
លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្រីកាលពីថ្ងៃទី ៦ ខែមិថុនា ថា ឥឡូវនេះអ្នកប្រើប្រាស់ KHQR អាចស្កេនពាណិជ្ជករចំនួន ៧,៦ លាននាក់ក្នុងប្រទេសថៃ ខណៈដែល ThaiQR អាចស្កេនគ្រប់ពាណិជ្ជករចំនួន ១,៥ លាននាក់នៅក្នុងប្រទេសកម្ពុជា។
លោកស្រីថ្លែងថា៖ «ធនាគារកណ្តាលយើងចាប់ផ្តើមដាក់ឱ្យដំណើរការនូវដំណាក់កាលនៃការទូទាត់តាម QR រវាងប្រទេសទាំង ២ ផងដែរ។ ឥឡូវនេះអ្នកប្រើប្រាស់ KHQR អាចស្កេនពាណិជ្ជករ ៧,៦ លាននាក់នៅនៅក្នុងប្រទេសថៃ ខណៈដែល Thai QR អាចស្កេនគ្រប់ពាណិជ្ជករចំនួន ១,៥ លាននាក់នៅក្នុងប្រទេសកម្ពុជាអាចធ្វើការទូទាត់ QR រវាងប្រទេសទាំង ២ ឱ្យកាន់តែងាយស្រួលដោយសង្កត់ធ្ងន់ទៅលើការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ប្រតិបត្តិការ»។
យោងតាម NBC បន្ទាប់ពីកិច្ចសហប្រតិបត្តិការដោយជោគជ័យជាមួយធនាគារកណ្ដាលថៃ ធនាគារជាតិនៃកម្ពុជាកំពុងធ្វើការជាមួយធនាគារ កណ្ដាលនៃសាធារណរដ្ឋប្រជាមានិតឡាវ និងធនាគារកណ្ដាលរដ្ឋវៀតណាម ដើម្បីភ្ជាប់ជាមួយប្រព័ន្ធទូទាត់ប្រទេសនានា ក្នុងគោលបំណងដើម្បីធ្វើឱ្យការទូទាត់ឆ្លងដែនកាន់តែងាយស្រួល លឿន សុវត្ថិភាពជាងមុន និងបរិយាប័ន្ន៕