ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ដឹក​ជញ្ជូន និង​អ្នកសេដ្ឋកិច្ច លើកឡើងថា វិស័យ​ដឹកជញ្ជូន​កម្ពុជា​បានបង្ហាញ​ភាពល្អប្រសើរ​ឡើងជា​លំដាប់​ពី​វិបត្តិ​ដែល​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​បន្ទាប់ពី​បានដាក់​ឱ្យ​ដំណើរ​​ការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ កាលពី​ខែវិច្ឆិកា ឆ្នាំ ​២០២២ រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ទី ​៧ ខែមិថុនា ក៏បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿនទី​២ ដោយ​ចេញពី​ភ្នំពេញ ទៅ​ក្រុង​បាវិត ​(​ខេត្តស្វាយរៀង​)​ ព្រំដែន​ប្រទេស​វៀតណាម​។​


​ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់​ដា​រ៉ា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ ខែមិថុនា ថា មុន​វត្តមាន​ជំងឺ​​កូ​វីដ​ ១៩ វិស័យ​ដឹកជញ្ជូន​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក គឺមាន​ភាពល្អប្រសើរ​ខ្លាំង ហើយ​សកម្មភាព និង​តម្លៃ​នៃ​ការដឹក​ជញ្ជូន​ក៏​ល្អ​ដែរ​។ ទោះយ៉ាងណា​វិបត្តិ​កូ​វីដ​ ១៩ បានធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​ធ្លាក់ចុះ​យ៉ាងគំហុក ដោយ​ពេលនោះ​តម្លៃ​ដឹកជញ្ជូន​ទៅ​តំបន់​ខ្លះ​បាន​កើន​លើស​មុន​ដល់ ១០ ​ដង​។ លោក​បាន​បន្តថា សម្រាប់​ពេលនេះ​តម្លៃ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​បាន​ធ្លាក់​មក​នៅ​ប្រហែល​មុន​ឆ្នាំ​ ២០២០ វិញ​ហើយ​។​

​លោក​ប្រាប់ថា​៖ «​ទោះ​ពេល​នេះ​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​បញ្ចប់ Lock down (​ក្តីបារម្ភ​ពី​រីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩) ប៉ុន្តែ​វិស័យ​ដឹកជញ្ជូន​កម្ពុជា ក៏ដូចជា​ពិភពលោក គឺ​មិនទាន់​ល្អប្រសើរ​ដូចពេលមុន​ឡើយ ព្រោះ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​»​។​


​ទាក់ទង​នឹង​ការបើក​ការដ្ឋាន និង​ការបើក​ឱ្យប្រើ​ប្រាស់​ផ្លូវថ្នល់ ស្ពាន កំពង់ផែ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ជា​បន្ត​បន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក ចាន់​ដា​រ៉ា លើកឡើងថា អ្វី​ទាំងអស់នេះ​គឺជា​ចំណែក​សំខាន់​ដែល​ជួយ​ធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន​កម្ពុជា​កាន់តែ​រីកចម្រើន និង​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិត​ឱ្យ​កាន់តែ​ទាប​។​

​លោក​បញ្ជាក់ថា​៖ «​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រដ្ឋាភិបាល​បាន​ដាក់ឱ្យ​ដំណើរការ និង​សាងសង់​ក្នុង​ពេលនេះ គឺ​កំពុង​ចូល​រួមចំណែក​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យ​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​»​។​

​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា​លោក ស៊ិន ច​ន្ធី បានឱ្យដឹងថា សកម្ម​​ភាព​ដឹកជញ្ជូន​នៅ​ប្រទេស​កម្ពុជា​ពេលនេះ គឺអាច​និយាយថា​ប្រហាក់ប្រហែល​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​ ១៩​។ ចំណែក​តម្លៃ​ដឹកជញ្ជូន​ដែល​កើនឡើង​ខ្ពស់​អំឡុង​ឆ្នាំ​ ២០២០-២០២២ ក៏បាន​ធ្លាក់​ចុះមក​ប្រហែល​នឹង​ពេលមុន​ដែរ​។ លោក​បន្តថា គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ថ្មីៗ​ជា​បន្តបន្ទាប់​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន​កម្ពុជា​បោះជំហាន​ទៅមុខ​កាន់តែ​លឿន តាមរយៈ​ការ​កាត់​បន្ថយ​ថ្លៃដើម និង​ពេលវេលា​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​សមិទ្ធផល​ទាំងនេះ ខ្ញុំ​មាន​សុ​ទិ​ដ្ឋ​និយម​ថា វិស័យ​ដឹកជញ្ជូន និង​ឡូ​ជី​ស្ទីក​កម្ពុជា​នឹងមាន​សម្ទុះ​ខ្លាំង​ពេល​សេដ្ឋកិច្ច ពិភពលោក​ងើប​ចេញពី​វិបត្តិ​ដែល​កំពុង​កើតមាន​នាពេលនេះ​។ ផ្លូវថ្នល់ កំពង់ផែ និង​ព្រលាន​យន្តហោះ​ថ្មីៗ នឹង​ជួយ​ឱ្យ​ទំនិញ​ផលិត​នៅ​កម្ពុជា​កាន់តែច្រើន​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​អន្តរជាតិ​»​។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​គឺជា​ផ្នែក​ដ៏​សំខាន់​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យចូល​ទៅ​បណ្តាក់ទុន​នៅ​កន្លែង​ណាមួយ​។

​នៅពេល​ប្រទេសមួយ​មាន​ប្រព័ន្ធ​ដឹកជញ្ជូន​សម្បូរបែប និង​តម្លៃ​សមរម្យ វា​នឹង​ធ្វើឱ្យ​ថ្លៃដើម​ផលិត​ទាប ដែល​ធ្វើឱ្យ​សមត្ថ​ភាព​ប្រកួតប្រជែង និង​ការនាំ​ចេញទៅ​ទីផ្សារ​អន្តជាតិ​មាន​កាន់តែច្រើន​។​

​លោក​បញ្ជាក់ថា​៖ «​ដោយសារ​ពេលនេះ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​មិនសូវ​ល្អ ដូច្នេះ​ការដឹកជញ្ជូន​ទំនិញ​គឺ​មិនសូវមាន​សកម្មភាព​ខ្លាំង​ទេ​។ ពេល​សេដ្ឋ​កិច្ច​ពិភពលោក​ល្អប្រសើរ ហើយ​កម្ពុ​ជាមាន​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អ​នោះ សម្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​នឹង​ហក់​ឡើង​លឿន​»​។​

​រយៈពេល ៤​ ខែ​ដើមឆ្នាំ​ ២០២៣ ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា មាន​ទឹកប្រាក់​សរុប ១៥ ១៦១,០៤ ​លាន​ដុល្លារ ធ្លាក់ចុះ ១៤,១​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដោយ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ៧ ២៣៤,១២​ លាន​ដុល្លារ ធ្លាក់ចុះ ៤,៩ ​ភាគរយ និង​ទំនិញ​នាំចូល ៧ ៩២៦,៩២ ​លាន​ដុល្លារ ធ្លាក់ចុះ ២១,១ ​ភាគរយ​។ នេះ​បើតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕