ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រកាសអញ្ជើញពាណិជ្ជករ អាជីវករ ម្ចាស់ក្រុមហ៊ុននាំចូល និងសាធារជនទូទៅចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍តាំងបង្ហាញម៉ូដគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី ១៧ នៅប្រទេសឥណ្ឌា ដើម្បីមានឱកាសសិក្សាស្វែងយល់បន្ថែមពីសិល្បៈហត្ថកម្មដ៏អស្ចារ្យបំផុត និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះជាមួយនឹងការរចនាបែបទំនើប។
ព្រឹត្តិការណ៍ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាជំរុញការនាំចេញវិស័យសិប្បកម្មឥណ្ឌា (The Export Promotion Council for Handicrafts-EPCH) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែមិថុនា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្គ្រីតធ័រណយដាឥណ្ឌា ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា ដែលមានការចូលរួមពីក្រុមហ៊ុនឥណ្ឌាប្រមាណ ២៥០ មកពីគ្រប់តំបន់សម្រាប់ការតាំងបង្ហាញនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
ក្រសួងបញ្ជាក់ពីការតាំងបង្ហាញនេះថា៖ «ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករ បានស្វែងយល់ពីសិល្បៈហត្ថកម្មដ៏អស្ចារ្យបំផុតរបស់ឥណ្ឌា និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះជាមួយនឹងការរចនាបែបទំនើប»។
ក្រសួងបន្ថែមថា ម៉ូដគ្រឿងអលង្ការឥណ្ឌាទាំងនេះ ថែមទាំងបានឆ្លុះបញ្ចាំងពីកេរដំណែលដ៏សម្បូរបែបនៃស្នាដៃប្រពៃណីរបស់ជនជាតិឥណ្ឌា ដែលបានបញ្ចូលគ្នាជាមួយការរចនាប័ទ្មប្រកបដោយភាពច្នៃប្រឌិត។
គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍នេះនឹងផ្តល់ជូនពិសេសសម្រាប់អ្នកទិញ ដែលបានបំពេញលក្ខណសម្បត្តិគ្រប់គ្រាន់ ដោយទទួលបានសំបុត្រយន្តហោះទៅមក និងការស្នាក់នៅក្នុងសណ្ឋាគារដោយឥតគិតថ្លៃ នៅទីក្រុងញូវដែលី៕