​សៀមរាបៈ កសិដ្ឋាន​ដាំ​បន្លែ​ស្តង់ដា​នៃ​ប្រទេស​ជប៉ុន​ គ្រោង​បើក​កសិដ្ឋាន​ដាំ​ម្ទេស​ស្តង់ដា​ជប៉ុន​លើ​ផ្ទៃដី ​៧២ ​ហិកតា ​ស្រុក​អង្គរធំ ខេត្តសៀមរាប តាម​បច្ចេកទេស​ថ្មី ដែល​ទទួលបាន​ផល​ច្រើន និង​ជា​គំរូ​មួយ​សម្រាប់​កសិកម្ម​នៅក្នុង​ស្រុក​ផងដែរ និង​ឈានដល់​ការនាំចេញ​ម្ទេស​ស្ដង់ដា​ទាំងនោះ​ទៅ​ក្រៅប្រទេស​។​

​គម្រោង​បើក​កសិដ្ឋាន​ដាំ​ម្ទេស​ស្ដង់ដា​ជប៉ុន​នេះ​ត្រូវ​បានលើកឡើង​ដោយ​លោក ណា​បេ​ស៊ី​ម៉ា កា​ស៊ូ​ហ៊ី​តុ ប្រធាន​កសិដ្ឋាន​ដាំ​បន្លែ​ស្ដង់ដា​ជប៉ុន បន្ទាប់ពី​លោក​បាន​មើលឃើញ​អំពី​តម្រូវការ​ម្ទេស​នៅ​កម្ពុជា និង​នៅក្រៅ​ប្រទេស​។​


​តាមរយៈ​មន្ទីរ​ព័ត៌មាន​ខេត្ត​​សៀមរាប លោក ណា​បេ​ស៊ី​ម៉ា កា​ស៊ូ​ហ៊ី​តុ បានឱ្យដឹងថា កសិដ្ឋាន​ដាំ​ម្ទេស​ស្ដង់ដា​ជប៉ុន ដែល​គ្រោង​នឹង​សាងសង់​នេះ គឺជា​បច្ចេកទេស​ថ្មី ហើយនឹង​បាន​ផល​ច្រើន និង​ជា​គំរូ​មួយ​សម្រាប់​កសិកម្ម​នៅក្នុង​ស្រុក​ផងដែរ ខណៈដែល​បច្ចុប្បន្ននេះ​មាន​អ្នកបញ្ជា​ទិញ រហូតដល់ ៥០០ ​តោន​ជា​រៀងរាល់ខែ ហើយ​ផែនការ​នេះ​មិនមែន​លក់​នៅក្នុង​ស្រុក​ទេ គឺ​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅពេលដែល​គម្រោង​នេះ​បាន​ដំណើរការ កសិដ្ឋាន​នេះ​ត្រូវការ​បុគ្គលិក​បង្គោល​ដើម្បី​មើលថែ​ដំណាំ​ម្ទេស​ដែលមាន​គុណ​ភាព និង​ស្តង់ដា​នាំចេញ ព្រម​ទាំង​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​នាក់ ក្នុងការ​ប្រមូល​ផល​កសិដ្ឋាន​នេះ ដែល​វា​ក៏​ជា​ឱកាស​ជួយ​បង្កើត​ការងារ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅក្បែរៗ​នេះ​មាន​ការងារ​ធ្វើជា​រៀងរាល់ថ្ងៃ​ដែរ​»​។​


​លោក ណា​បេ​ស៊ី​ម៉ា កា​ស៊ូ​ហ៊ី​តុ បាន​បន្តថា ចំពោះ​ការដាំ​ដំណាំ​ម្ទេស​នេះដែរ សម្រាប់​ពលរដ្ឋ​ដែលមាន​ដី​សម្រាប់​ដាំ​ដំណាំ លោក​នឹង​ជួយ​បង្រៀន​ទាំង​ផ្នែក​បច្ចេកទេស ផ្តល់​ពូជ ​និង​ទទួល​ទិញ​ផលដំណាំ​របស់​ប្រជាកសិករ​ទាំងនោះ​។​

​លោក​បាន​ឱ្យដឹងទៀតថា កសិដ្ឋាន​មួយ​នេះ អាច​ដំណើរ​ការ​ទៅបាន​អាស្រ័យ​លើ​ការ​ចូលរួម​ពី​អាជ្ញាធរ និង​ប្រជា​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ទើប​អាច​ដំណើរការ​ទៅបាន​ដោយ​រលូន ហើយ​ទៅ​ថ្ងៃ​អនាគត​វា​នឹង​បង្ហាញ​ឱ្យ​ពិភពលោក​ដឹងថា ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា គឺជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ពិភពលោក​នឹង​ទទួលស្គាល់​ផលិតផល​របស់​កម្ពុជា​ដែល​ដាំ​តាម​ស្ដង់ដា​បច្ចេកទេស​។

«​សម្រាប់​ពេល​ចាប់ផ្ដើម​ផលិត​បាន យើង​ក៏​ចាប់ផ្ដើម​កែច្នៃ​ខ្នាតតូច​មួយទៀត​ទៅជា​គ្រឿងទេស​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​អាស៊ាន ដែល​ចូលចិត្ត​ញ៉ាំ​ស៊ុប ដូច្នេះ​ពួកយើង​នឹង​កែច្នៃ​ទឹកម្ទេស​មួយ​ដែលជា​ប្រភេទ​ម្ទេស​កសិកម្ម​ដាំ​នៅក្នុង​ទឹកដី​ខេត្ត​សៀមរាប មានន័យថា យើង​នឹងមាន​ទឹកម្ទេស​កម្ពុជា​ដែល​ឆ្ងាញ់​មាន​រសជាតិ​»​។ នេះ​បើតាម លោក ណា​បេ​ស៊ី​ម៉ា កា​ស៊ូ​ហ៊ី​តុ បញ្ជាក់បន្ថែម​។

​លោក​សោម សម​ស័ក្ក នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​ខេត្ត​សៀម​​រាប បានឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ១១ ខែមិថុនា​ថា ការផលិត​ទ្រង់ទ្រាយ​ធំ​បែបនេះ ប្រៀប​ដូចជា ការផ្សព្វផ្សាយ​ទាញ​ទីផ្សារ​ពិភពលោក​ឱ្យ​បានឃើញ​ប្រទេស​កម្ពុជា​ដែល​អាច​ផលិត​បាន​ផលិតផល​ដែលមាន​ស្ដង់​ដា ហើយ​នៅពេលនោះ​នឹង​អាច​ទាក់ទាញ​នូវ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ធំៗ​មក​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប​កាន់តែច្រើន​។

​លោក​បាន​បញ្ជាក់ថា​៖ «​កសិដ្ឋាន​នេះដែរ នឹង​ក្លាយជា​គំរូ​មួយ​ដើម្បីឱ្យ​ប្រជាកសិករ ដែល​ចង់​ដាំ​ម្ទេស​អាច​ទៅ​សិក្សា​ស្រាវជ្រាវ និង​រៀនសូត្រ​ពី​ក​សិ​​ដ្ឋា​ន​បាន​។ បើតាម​ខ្ញុំ​ដឹង ក្រុម​ហ៊ុន​នេះ នឹងធ្វើ ១​ ជំហាន​ម្ដងៗ កសិដ្ឋាន​នេះ​ធ្វើ​លើ​ផ្ទៃដី​ ៧២ ​ហិកតា ជា​ជំហាន​ដំបូង និង​ធ្វើ​ជំហាន​បន្តបន្ទាប់​ទៀត​ដើម្បី​តម្រូវ​ទីផ្សារ​នៅក្រៅ​ប្រទេស ហើយ​ពេលដែល​កសិដ្ឋាន​នេះ​បាន​ដំណើរការ នឹងមាន​អ្នក​​កុម្ម៉ង់​ទិញ​ផ្សេងៗ​ទៀត​កាន់តែច្រើន​ថែមទៀត​»​។

​បើតាម​ប្រធាន​កសិដ្ឋាន​ដាំ​​បន្លែ​ស្ដង់ដា​ជប៉ុន កម្ពុ​ជាមាន​តម្រូវការ​ ៥០០​ តោន ក្នុង​ ១ ​ខែ ដោយ​បរិមាណ​នេះ លោក​បញ្ជាក់ថា គឺ​ត្រូវការ​ផ្ទៃដី​ ២០០ ហិកតា ទើប​គ្រប់គ្រាន់​សម្រាប់​ផលិត​ឱ្យបាន​ដើម្បីឱ្យ​ផលដំណាំ​នេះ​មាន​និរន្ដរភាព​៕