ភ្នំពេញៈលោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) បាន​ជំរុញ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​វិនិយោគ​លើ​សញ្ញា​បណ្ណ​និរន្តរភាព​នៅ​កម្ពុជា ខណៈដែល​វិស័យនេះ ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ​នៅឡើយ​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​«​សក្តានុពល​នៃ​ការវិនិយោគ​លើ​សញ្ញា​បណ្ណ​និរន្តរភាព​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), SERC និង​ក្រសួងបរិស្ថាន (MoE) នៅ​ថ្ងៃទី​៦ ខែមិថុនា លោក ស៊ូ សុជាតិ បាន​សង្កត់ធ្ងន់ថា ការផ្តល់​ត្រឡប់​ទៅឱ្យ​សហគមន៍​វិញ ឃ្លា​នេះ​គឺ​ពិតជា​មានន័យ​ខ្លាំងណាស់ ​សម្រាប់​សហគម​ន៍ និង​អនាគត​របស់​មនុស្ស​ជំនាន់​ក្រោយ​។ ការបោះ​ផ្សាយ​លក់ និង​ការចូលរួម​វិនិយោគ​លើ​សញ្ញា​បណ្ណ​និរន្តរភាព​គឺជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​មនុស្ស​ក្នុងការ​ចូលរួម​ផ្តល់​ត្រឡប់​ទៅឱ្យ​សហគមន៍​វិញ​។​


​លោក​ថ្លែងថា​៖ «​ប្រ​ទស​កម្ពុជា​ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ចំនួន​វិនិយោគិន​នៅមានកម្រិត​តិច​នៅឡើយ ដូចនេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​សក្តានុពល​របស់​យើង​ចាប់យក​ឱកាស​នេះ​វិនិយោគ​លើ​សញ្ញា​បណ្ណ​និរន្តរភាព​នៅ​កម្ពុជា​។ សម្រាប់​ក្រុមហ៊ុន​ដែលមាន​បំណង​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​និរន្តរភាព​នៅ​កម្ពុជា ក៏​នឹង​មានឱកាស​ទទួលបាន​នូវ​ជំនួយ​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​របស់​យើង ដូចជា​ADB​ជាដើម​»​។​

​លោក​ KosintrPuongsophol ​អ្នកឯកទេស​ផ្នែក​ហិរញ្ញវត្ថុ​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​នៃ​ ADB​ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា អាស៊ី នឹង​ខាតបង់​រហូតដល់​២៤​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)​ ដោយសារ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។ ក្នុង​ឆ្នាំ​២១០០ អាស៊ាន​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ខាត​លើសពី ៣២ ភាគរយ​នៃ​ GDP ក្រោម​សេណារីយោ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ខ្ពស់​។​


​លោក​លើកឡើងថា​៖ «​ដូចនេះ​យើង​ត្រូវតែ​កៀរគរ​មូលនិធិ​ឱ្យបាន​ឆាប់​បំផុត ដើម្បី​បំពេញ​ចន្លោះ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញប្បទាន​អាកាសធាតុ ដែល​អាច​ធ្វើឡើង​តាមរយៈ​យន្តការ​ទាំងនេះ រួមមាន ទីផ្សារ​មូល​ប​ត្រ ដោយ​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ​បៃតង និង​សញ្ញា​បណ្ណ​តាម​គម្រោង​ផ្សេងទៀត​។ គ្រឹះស្ថាន​ហិរញ្ញវត្ថុ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ​។ ការលើកកម្ពស់​ការយ​ល់​ដឹង និង​បំ​ណិ​ន​ដល់​ប្រជាជន​ក្នុងស្រុក និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​និរន្តរភាព​ដើម្បី​សម្រួល​ដល់​ការ​កៀរគរ​មូលនិធិ​»​។​

​លោក ស៊ុំ ធី អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​ក្រសួងបរិស្ថាន​ ក៏បាន​លើកឡើង​ផងដែរ​ថា​«​ដោយ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចនេះ​ប្រទេស​យើង​កាន់តែ​ងាយ​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ យើង​មិនអាច​បង្កើន​ភាព​ធន់​នឹង​អាកាសធាតុ​ដោយ​គ្មាន​ការវិនិយោគ​លើ​ការ​សម្រប​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ​នោះទេ​។​

​លោក​ថ្លែងថា​៖ «​ការគាំទ្រ​ពី​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ជា​ចំណែក​នៅក្នុង​ការរួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ អាស្រ័យហេតុនេះ ទើប​ថ្ងៃនេះ​យើង​ពិភាក្សា​អំពី​ហេតុអ្វី​បានជា​យើង​គួរ​វិនិយោគ​លើ​សញ្ញា​បណ្ណ​និរន្តរភាព​នៅ​កម្ពុជា​។ យើង​ពិតជា​ត្រូវការ​វិនិយោគិន​ដែល​មើលឃើញ​ពី​តម្លៃ និង​ឱកាស​នៃ​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព វិនិយោគិន​ដែល​សម្លឹង​ឃើញ​ពី​ទស្សនវិស័យ​រយៈពេល​វែង​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​មើលឃើញ​មាន​ក្រុមហ៊ុន​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​នៅ​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹមថា​នឹងមាន​ក្រុមហ៊ុន​កាន់តែច្រើន​បោះផ្សាយ​សញ្ញា​បណ្ណ​នេះ​នាពេល​អនាគត​»​។​

​យោងតាម​ទិន្នន័យ​បាន​ពី ​CSX មូលធន​ប្រមាណ ​២២២ ​ពាន់​លាន​រៀល (៥៥,៥​​ លាន​ដុល្លារ​) ត្រូវបាន​ប្រមូលបាន​កាលពី​ឆ្នាំមុន​តាមរយៈ​ផ្សារ​ហ៊ុន កើនឡើង ​១៣៣ ​ភាគរយ​នៅ​ឆ្នាំ​២០២១ ដែល​ក្នុងនោះ​មូលធន​ពី​សញ្ញា​បណ្ណ​សាជីវកម្ម​មា​ន​ចំនួន ៦៣​ ភាគរយ​និង​បណ្ណ​បំណុល​រដ្ឋ​មាន​ចំនួន ៣២​ ភាគរយ​។​

​ក្រុមហ៊ុន​សរុប​ចំនួន​ ១៨ ចុះបញ្ជី​នៅលើ CSX ក្នុងនោះ​ក្រុមហ៊ុន​ចំនួន​ ៩ ចុះបញ្ជី​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ក្រុមហ៊ុន​ចំនួន ៩​ ផ្សេងទៀត ចុះបញ្ជី​សញ្ញា​បណ្ណ​។ ក្រុមហ៊ុន​ទាំងនេះ ប្រមូល​មូលនិធិ​សរុប​ចំនួន ៣១៧ ​លាន​ដុល្លារ​ តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​នៅលើ​ផ្សារ​ហ៊ុន​នេះ​។ នេះ​បើ​យោងតាម CSX​។​

CSX បានដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​២០២៣ ក្នុងការ​ធ្វើឱ្យមាន​កំណើន​នៃ​ការចុះបញ្ជី​មូល​ប​ត្រ​ថ្មី​ដល់​ ១៤​ និង​តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​ដល់ ១​ លាន​ដុល្លារ ដែល​តម្លៃ​ជួញដូរ​នេះ ​នឹងធ្វើ​ឱ្យមាន​កំណត់ត្រា​ខ្ពស់បំផុត​ ក្នុង​រយៈពេល ​៣​ ឆ្នាំ​ជាប់ៗ​គ្នា​៕