ភ្នំពេញៈ​ ​ភ្ញៀវ​បរទេស​ចំនួន​ជាង ១,៧ ​លាន​នាក់ ​បានធ្វើ​ដំ​ណើ​រម​ក​កម្ពុជា​ក្នុង​រយៈពេល ៤ ​ខែ ​ដើមឆ្នាំ ​២០២៣ កើន​ជាង ៦០០ ​ភាគរយ ​បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដោយ​ភាគច្រើន​ជា​ភ្ញៀវ​ក្នុង​តំបន់​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​

​ស្ថិតិ​ផ្លូវ​ការដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១៤ ខែមិថុនា ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែមេសា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​​បរទេស​សរុប ១ ៧២១ ៦៦៨ ​នាក់ កើនឡើង ៦១៣​ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២ ដែលមាន ២៤១ ៤៨៥ ​នាក់​។


ក្នុងចំណោម​នោះ​ គឺ​ជន​ជាតិ​ថៃ​ចំនួន ៥៧០ ០២១ ​នាក់ កើន ១ ០៣៣,៧ ​ភាគរយ ​(​ស្មើ ៣៣,១​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរ​​ទេស​សរុប​), វៀតណាម​ចំនួន​ ២៨៩ ៦៤៣​ នាក់ កើន ២៨៨​ ភាគរយ ​(១៦,៨ ​ភាគរយ​), ចិន ១៨៤ ០០៩ ​នាក់ កើនឡើង ១ ០៩៤,៦​ភាគរយ ​(១០,៧​ ភាគ​​រយ​), ឡាវ ៨០ ៥៣៨ ​នាក់ កើន ១៣ ៥២៧,៤​ ភាគរយ ​(៤,៧ ​ភាគរយ​), អាមេរិក ៦៩ ១២១ ​នាក់ កើន ៤២០,៦ ​ភាគរយ ​(៤ ​ភាគរយ​) ​ក្រៅពីនោះ​មានដូចជា កូរ៉េខាងត្បូង​, បារាំង​, ឥណ្ឌូនេស៊ី​, ចក្រ​ភព​អង់គ្លេស និង​រុស្ស៊ី ជាដើម​។​

​ផ្អែក​តាម​តួលេខ​ខាងលើ គឺ​ភ្ញៀវ​មក​តាម​ផ្លូវគោក​ចំនួន ១ ០៦៥ ៥៦៦​ នាក់ កើនឡើង ៨៩៩,៥ ​ភាគរយ​, ផ្លូវអាកាស ៦៣៤ ០២៨​ នាក់ កើនឡើង ៣៨០,៨ ​ភាគរយ និង​តាម​ផ្លូវទឹក ២២ ០៧៤​ នាក់ កើន ៦៣៤,១ ​ភាគរយ​។​


​ដោយឡែក​ក្នុង​ខែមេសា ឆ្នាំ ​២០២៣ ភ្ញៀវ​បរទេស​ដែល​មក​កម្ពុ​ជាមាន​ចំនួន ៤៣០ ១២៩​ នាក់ កើន ៤២៤,៩​ ភាគ​​រយ​ធៀប​ខែមេសា ឆ្នាំ​ ២០២២ ដែលមាន ៨១ ៩៣៩ ​នាក់ ដោយ​ជនជាតិ​ថៃ មាន​ច្រើនជាងគេ គឺ ១៤៥ ៧៨០ ​នាក់​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៤ ខែ​​មិថុនា​ថា មុន​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ប្រទេស​​កម្ពុជា ​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​​បរទេស​ជា​បន្តបន្ទាប់​ដែល​ភាគច្រើន​មកពី​ប្រទេស​ចិន​។ ក្តីបារម្ភ​ពី​ជំងឺ​កូ​វីដ​ ១៩ បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​គ្រប់​ប្រទេស​ធ្លាក់ចុះ​ស្ទើរ​ដល់​សូន្យ​ពី​ឆ្នាំ​ ២០២០-២០២២​។

លោក​បន្តថា សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា គឺ​ទោះបី​រដ្ឋា​ភិ​​បាល​ប្រកាស​បើកទូលាយ​ក៏ដោយ ក៏​សម្ទុះ​នៃ​ចំនួន​ភ្ញៀវ​ចូលមក​កម្ពុជា​ហាក់​នៅមានកម្រិត​នៅឡើយ​ពេលនេះ​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុងដំណាក់កាល​កំណើន​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​គ្រួ​​សារ​មិនទាន់​ល្អ គឺ​ការធ្វើដំណើរ​ទេសចរណ៍​ភាគច្រើន​ទៅ​តែ​ប្រទេសជិតខាង​។ នេះ​ជា​មូលហេតុ​ដែល​ភ្ញៀវ​បរទេស ពិសេស​មកពី​ប្រទេស​ចិន​មាន​ចំនួន​តិចតួច​»​។​

​ទោះបីយ៉ាងណា លោក​លើកឡើងថា គេ​មិនគួរ​យក​ស្ថិតិ​ចំនួន​ភ្ញៀវ​បរទេស​នៅពេលនេះ​ទៅ​ធៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​គ្រប់​ប្រទេស​លើ​ពិភពលោក​​រឹតត្បិត​លើ​ការធ្វើដំណើរ​ឆ្លង​ប្រទេស​ (​វិបត្តិ​កូ​វីដ ​១៩)​ នោះទេ​។​

​ទាក់ទង​នឹង​ការធ្វើជា​ម្ចាស់​នៃ​ព្រឹត្តិការ​ណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម កាលពីពេល​ថ្មីៗ​នេះ លោក ស៊ីណាន ប្រាប់ថា នេះ​ជាការ​ផ្សព្វផ្សាយ​ដ៏​ល្អ និង​មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរ​​ណ៍​កម្ពុជា ប៉ុន្តែ​សម្រាប់​ផល​ដែល​ទទួល​​បាន គឺអាច​នឹងមាន​រយៈពេល​លើសពី ៦ ​ខែ​បន្ទាប់ពីនោះ​។​

​លោក ធៀ​ម ធឿ​ង ប្រធាន​សមាគម​​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជាបាន​និយាយថា ភាគច្រើន​នៃ​ភ្ញៀវ​ទេស​​ចរ​ដែល​ធ្វើដំណើរ​មក​កម្ពុជា​ចាប់តាំងពី​ដើមឆ្នាំ​ ២០២៣ រហូតមកដល់​ពេលនេះ គឺ​ភាគច្រើន​ជា​ភ្ញៀវ​មកពី​ប្រទេសជិតខាង ខណៈ​ជនជាតិ​ចិន​ដែល​ធ្លាប់មាន​ចំនួន​ច្រើនជាងគេ​មុន​កូ​វីដ គឺមាន​ចំនួន​តិច​តួច​នៅឡើយ​។

លោក​បន្តថា ទោះ​មិន​​មាន​ចំនួន​ច្រើន ប៉ុន្តែ​ការមកដល់​របស់​ភ្ញៀវទេសចរ​បរទេស គឺ​ពិតជា​រួមចំណែក​ច្រើន​ក្នុងការ​ធ្វើឱ្យ​អ្នក​ក្នុង​វិស័យ​ទេស​​ចរណ៍ ពិសេស​មគ្គុទេសក៍​ទេសចរណ៍​ឱ្យមាន​ចំណូល​ឡើងវិញ​។​

​លោក​និយាយថា​៖ «​នៅពេលនេះ​អ្នក​ដែលមាន​បណ្តាញ​ច្រើន​គេ ​(​មគ្គុទេសក៍​​ទេសចរណ៍​) ​អាចមាន​ការងារ​ជា​មធ្យម​ប្រហែល ១០​ ថ្ងៃ​ដែរ ​ក្នុង ​១ ​ខែ ប៉ុន្តែ​អ្នក​ខ្លះ​ គឺ​ស្ទើរតែ​គ្មាន​សោះ​។ សម្រាប់​ភ្ញៀវ​ចិន​ដែល​ធ្វើដំណើរ​ចូលមក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប គឺ​នៅមាន​ចំនួន​តិច​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​ការសាកសួរ​ព័​ត៌​​មាន​ពី​វិស័យ​ទេសចរណ៍​តាមរយៈ​ម​គ្គុ​​ទេស​ក៍​ទេសចរណ៍ និង​ក្រុមហ៊ុន​ទេស​​ចរណ៍ គឺមាន​ជា​ហូរហែ​»​។​

​ឆ្នាំ​ ២០១៩ គឺជា​ពេលដែល​ប្រទេស​​កម្ពុជា ​ទទួលបាន​ភ្ញៀវ​បរទេស​ច្រើន​បំផុត ដោយមាន​ចំនួន ៦ ៦១០ ៥៩២​ នាក់ កើនឡើង ៦,៦ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨​។ ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​​ចិន ​មាន​ច្រើនជាងគេ គឺ​ចំនួន ២ ៣៦១ ៨៤៩​ នាក់ ឬ​ស្មើនឹង ៣៥,៧ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​ទាំងអស់​។​

​កាលពី​ឆ្នាំ ​២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨ ​លាន​នាក់ កើន ១ ០៥៩​ ភាគរយ ​បើ​ធៀប​ឆ្នាំ​ ២០២១​។ ភ្ញៀវ​មកពី​ប្រទេស​ថៃ មាន​ច្រើនជាងគេ គឺ ៨៥៣ ៣៧៨​ នាក់​, វៀតណាម ៤៦៣ ៩៩៥​ នាក់ និង​ចិន ១០៦ ៨៧៥ ​នាក់​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​៕