​ភ្នំពេញៈ អាកាសធាតុ​ក្តៅ​ធ្វើឱ្យ​ការប្រមូល​ផល​អំបិល​នៅ​ខេត្តកំពត រហូតមក​ដល់ពេល​​នេះ​សម្រេចបាន​លើសពី ៧៥ ​ពាន់​តោន​ហើយ ខណៈ​ការ​ប្រ​មូល​ផល​នៅ​មិនទាន់​ចប់​នៅឡើយ ដោយ​អាច​បន្ត​ជាង ១ ​ខែ​ទៀត ​បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ថែម​។ នេះ​បើតាម លោក ប៊ុន ណារិន ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប​។​

​ខេត្តកំពត និង​កែប ជាទី​តាំង​ផលិត​អំបិល​ក្នុងប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ ​២០២៣ នេះ​ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ​២ គឺ​ប្រហែល​ឆ្នាំ​ ២០២២ ដែលមាន ៤ ៧៤៨​ ហិកតា​។ ធម្មតា​រដូវ​កាល​ផលិត​អំបិល គឺ​ចាប់ពី​ចុងខែ​ធ្នូ ដល់​ពាក់កណ្តាល​​ខែឧសភា​ នៃ​ឆ្នាំ​នីមួយៗ ប៉ុន្តែ​ក៏មាន​ឆ្នាំ​ខ្លះ​អាកាសធាតុ​ក្តៅ​ក៏​អូសបន្លាយ​រហូតដល់​ដើមខែ​​កក្កដា​។ បើសិន​អាកាសធាតុ​អំណោយផល​ដី ១​ ហិកតា​ គេ​អាច​ផលិត​អំបិល​បាន​មធ្យម ២០​ តោន​ ក្នុង ១ ​ឆ្នាំ​។​


​ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប​ (GI) លោក ប៊ុន ណារិន បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​១៤ ខែមិថុនា​ថា ទោះបី ២ ​សប្តាហ៍​កន្លងមកនេះ​ ក្នុង​ខេត្តកំពត​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដែល​ធ្វើឱ្យ​ការប្រមូល​ផល​អំបិល​ត្រូវ​អាក់ខាន ប៉ុន្តែ​មិនមែន​មានន័យថា ការផលិត​អំបិល​ឆ្នាំ​ ២០២៣ ត្រូវ​បញ្ចប់​នោះទេ ព្រោះ​មាន​ក្រុម​ផលិត​មួយចំនួន​នៅ​មិនទាន់​បញ្ចេញ​ទឹកសមុទ្រ​ចោល​ទេ​។ មូលហេតុ​ពួកគេ​ធ្វើ​ដូច្នេះ ដោយសារ​ក្រ​សួង​ធនធានទឹក​ព្យាករ​ថា ក្នុង​ខែ ​៧-៨ នឹង​មិនសូវមាន ភ្លៀង ដូច្នេះ​ពួកគេ​រង់ចាំ​មើល​អាកាសធាតុ​មួយរយៈ​ទៀត​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​កំ​ណើ​ន​ទិន្នផល​អំបិល​ដែល​ប្រ​មូល​បាន ព្រមទាំង​មានឈ្មោះ​ជា​ផលិតផល GI ផង​នោះ ខ្ញុំ​គិតថា ទីផ្សារ​អំបិល​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ នេះ​នឹង​ល្អប្រសើរ ហើយ​ការនាំចេញ​នឹងមាន​បរិ​​មាណ​ច្រើន ព្រមទាំង​ទទួលបាន​តម្លៃ​ខ្ពស់​ផងដែរ​»​។​


​ផលិតផល​អំបិល​កំពត​-​កែប ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ២៦ ខែមេសា បានដាក់​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ «GI»​។​

​បើតាម​លោក ណារិន បច្ចុប្បន្ន​អំបិល​ដែល​ដាក់លក់​នៅ​ឃ្លាំង ​(​ទីតាំង​ផលិត​) គឺមាន​តម្លៃ​ពី ២៥ ០០០-៣០ ០០០​ រៀល​ ក្នុង ​១ ​បាវ ៥០​ គីឡូក្រាម​។ សម្រាប់​ការនាំចេញ​ក្រោមរូបភាព​ជា​ផលិតផល GI គឺ​មិនទាន់បាន​ធ្វើជា​ផ្លូវការ​ទេ ដោយ​ក្រុម​ការ​ងារ​របស់​សមាគម​កំពុង​រៀបចំ​បោះពុម្ព​សម្បក​វេច​ខ្ចប់​។ តម្លៃ​អំបិល​នាំចេញ​ស្ថិតក្រោម​ស្លាក​​សញ្ញា GI ត្រូវ​រំពឹងថា នឹងមាន​តម្លៃ​ចន្លោះ​ពី ៣៥ ០០០ - ៤០ ០០០ ​រៀល ​ក្នុង ​១ ​បាវ​។​

​សម្រាប់​ទិន្នផល​អំបិល​នៅ​ខេត្ត​កែប ឆ្នាំនេះ លោក ណារិន ប្រាប់ថា បើតាម​លោក​ដឹង​ការ​​ប្រមូល​ផល​បាន​ក្នុង​រង្វង់​ជិត ២ ០០០ ​តោន​ប៉ុណ្ណោះ ដោយ​បរិមាណ​នេះ​បាន​ធ្លាក់ចុះ ​២-៣ ​ឆ្នាំ​ហើយ​។ មូលហេតុ​ដែល​ខេត្ត​កែប​ផលិត​អំបិល​បាន​តិច គឺ​ដោយសារ​ចំនួន​អ្នក​ផលិត​ថយចុះ និង​អាកាសធាតុ​មិនសូវ​អំណោយផល​។​

​លោក សុខ គឹម​ជឿន ប្រធាន​​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​កំពត បាន​ប្រាប់ថា អាកាស​​ធាតុ​ក្តៅ និង​មិនសូវមាន​ភ្លៀង បានធ្វើឱ្យ​ការប្រមូល​ផល​អំបិល​ក្នុង​ខេត្តកំពត ឆ្នាំ ​២០២៣ កើន​លើស​ឆ្នាំ​ ២០២២ ជាង​ទ្វេដង ហើយ​បើ​គិត​មកដល់ពេលនេះ​ (​ថ្ងៃទី ​១៤ ខែមិថុនា​)​ ការប្រមូល​ផល​សម្រេចបាន​ជាង ៧,៥ ​ម៉ឺន​តោន​។ ទិន្នផល​នឹង​កើន​ថែម​​ទៀត​បើ​មិនមាន​ភ្លៀង​ធ្លាក់​។​

​លោក​ប្រាប់ថា​៖ «​ផល​អំបិល​ប្រមូលបាន​ក៏ត្រូវ​បាន​បញ្ចេញ​លក់​ទៅតាម​ទីផ្សារ​អស់​វិញ​ច្រើន​ហើយ​ដែរ​»​។​

​ក្រសួង​ឧស្សាហកម្មធ្លាប់​ឱ្យដឹងថា ក្នុង ១ ​ឆ្នាំៗ ​កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី ៧-១០ ​ម៉ឺន​តោន ​ដើម្បី​បំពេញតម្រូវការ​ប្រើ​ប្រាស់​ក្នុងស្រុក​។​

​កាលពី​ឆ្នាំ ​២០២២ កម្ពុជា​បាន​នាំចូល​អំបិល​ធម្មជាតិ​ពី​ប្រទេស​ឥណ្ឌា​ ប្រមាណ​ជិត ២ ​ម៉ឺន​តោន ​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ខណៈ​កត្តា​អាកាស​​ធាតុ​ធ្វើឱ្យ​ទិន្នផល​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២២ ស្ថិតក្នុង​រង្វង់ ៤ ​ម៉ឺន​តោន​៕