ភ្នំពេញៈក្នុងក្របខ័ណ្ឌ​នៃ​ការប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី៦ ឆ្នាំ២០២៣ ពី​ថ្ងៃទី១៥​ ដល់​ថ្ងៃទី១៦ មិថុនា ក្រោម​ប្រធាន​បទ «TVET ផ្តល់​ជំនាញ និងការងារ​សមរម្យ» ក្រសួង​បរិស្ថាន​បានចូលរួម​ជាមួយ​បណ្តា​ក្រសួង ស្ថាប័នរដ្ឋ និងឯកជន រៀបចំ​ជាស្តង់​ពិព័រណ៍ ដាក់តាំង​បង្ហាញ​នូវ​សម្ភារ ឧបករណ៍​បច្ចេកទេស ដែល​បង្ហាញ​អំពី​សមិទ្ធផល និង​ភារកិច្ច​ស្នូល​របស់​អគ្គ​នាយកដ្ឋាន​ទាំង ៥ របស់​ក្រសួង​បរិស្ថាន ដោយ​ផ្តោត​ទៅលើ​សសរស្តម្ភ​ទាំង ៤ គឺកិច្ចគាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវចម្រុះ និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើក​ទី៦ ឆ្នាំ២០២៣ ត្រូវបាន​ប្រារព្ធ​ឡើងនៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោម​អធិបតីភាព​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។


បើតាម​ក្រសួង​បរិស្ថាន ទិវា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពីសារៈ​សំខាន់ នៃការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ​ដល់​សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងសហគ្រាស គ្រឹះស្ថាន​ឧស្សាហកម្ម ក្រុមហ៊ុន​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ។

ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ​លើក​ទី៦ ឆ្នាំ២០២៣ ត្រូវបាន​ប្រារព្ធ​ឡើង​នៅមជ្ឈមណ្ឌល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះពេជ្រ ចាប់ពី​ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៣ រៀបចំ​ឡើង​ដោយ​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។


ការរៀបចំ​ដាក់តាំង​បង្ហាញ​ពី​សមិទ្ធផល​នានា របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​គ្រឹះស្ថាន​សិក្សា សហគ្រាស គ្រឹះស្ថាន​ឧស្សាហកម្ម ក្រុមហ៊ុន​ឯកជន និងដៃគូ​អភិវឌ្ឍន៍ នៅក្នុង​ទិវា​នេះ គឺដើម្បី​ឱ្យ​សិស្ស និស្សិត យុវជន ក៏ដូចជា​សាធារណជន​ទូទៅ បានឃើញ​និង​ទទួល​ព័ត៌មាន​កាន់តែ​ច្បាស់​អំពី​តម្រូវការ​កម្លាំង​ពលកម្ម និងជំនាញ​នៅលើ​ទីផ្សារ​ការងារ ព្រមទាំង​មានការ​ធ្វើ​បាឋកថា ចែករំលែក​បទ​ពិសោធន៍ ពី​វាគ្មិន​ល្បីៗ​ទៀតផង៕