ភ្នំពេញៈមន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ (BFIs) ​ទាំងអស់​ត្រូវ​បន្ត​អនុលោម​តាមច្បាប់ ​និង​បទ​ប្បញ្ញត្តិ​ ដោយ​អនុវត្ត​រាល់​គំនិត​ផ្តួចផ្តើម​ពី​សមា​គម​​នានា ​ដូចជា​គោលការណ៍​ស្តីពី​ការផ្តល់​ឥណទាន​ក្រម​ប្រតិបត្តិ​នៃ​ការផ្តល់​កម្ចី ​ប្រកបដោយ​សមធម៌​ក្រម​ប្រតិបត្តិ​ សម្រាប់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​និង​ចៀសវាង​ការធ្វើ​អាជីវកម្ម​ ដែល​គ្មាន​ក្រមសីលធម៌​ណាមួយ ​ដែល​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​អតិថិជន​។​

​ថ្លែង​ក្នុង​សុន្ទរកថា ​បើក​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​ដល់​អគ្គនាយក ​និង​ភាគ​ទុ​និក​ ឬ​ ក្រុមប្រឹក្សាភិបាល​ស្តីពី​សារៈសំខាន់ ​និង​តួនាទី​អភិបាលកិច្ច​ក្នុង​ការធានា​ការអនុវត្ត​កិច្ចការពារ​អតិថិជន ​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ (BFI)​ កាលពី​ថ្ងៃទី​១៤ ​ខែមិថុនា​ កន្លងមកនេះ ​លោក ​រ័ត្ន​ សុវណ្ណ​នរៈ​ គំនិត​ផ្តួចផ្តើម​នេះ​បាន​លើកទឹកចិត្ត​ដល់​អគ្គ​នាយ ​និង​ភាគ​ទុ​និក ​ឬ ​ក្រុមប្រឹក្សាភិបាល​នៃ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ឱ្យ​យល់​កាន់តែច្បាស់​ និង​ទទួលស្គាល់​តួនាទី​របស់ខ្លួន ​ក្នុងការ​ធានា​ដល់​កិច្ចការពារ​អ្នកប្រើប្រាស់​និង​ការត្រួតពិនិត្យ​ការអនុវត្ត​ទីផ្សារ​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​ហើយក៏​បានចាត់ទុក​បញ្ហា​សំខាន់ៗ ​ទាំងនេះ​ថា ​វា​ចាំ​បាច់​ត្រូវដាក់​បញ្ចូល​ទៅក្នុង​យុទ្ធសាស្ត្រ​ និង​គោលនយោបាយ​របស់​គ្រឹះស្ថាន​នីមួយៗ​។​


​លោក​បាន​គូសបញ្ជាក់ថា​៖«​តួនាទី​របស់​ភាគ​ទុ​និក​ និង​ថ្នាក់​គ្រប់គ្រង​កំពូល​របស់​គ្រឹះស្ថាន​មាន​សារៈសំខាន់​ណាស់ ​ក្នុងការ​ធានាបាន​នូវ​កិច្ចការពារ​អ្នកប្រើប្រាស់​និង​ប្រតិបត្តិ​ទីផ្សារ​»​។​ ឯកឧត្តម​បាន​បន្ថែមថា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវតែ​រក្សា​អភិបាលកិច្ច​ល្អ​ និង​ប្រកបដោយ​ប្រសិទ្ធភាព​ជានិច្ច​ ដើម្បី​​ធានាបាន​នូវ​ក្រមសីលធម៌​អាជីវកម្ម​វិជ្ជាជីវៈ​ និង​ក្រម​ប្រតិបត្តិ​របស់ខ្លួន ​ហើយ​ធានាថា ​ផលិតផល​និង​សេវាកម្ម​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង​ឱ្យស្រប​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់​ហើយ​ការពេញចិត្ត​របស់​អ្នកប្រើប្រាស់​តែងតែ​ជា​អាទិភាព​សម្រាប់​គ្រឹះស្ថាន​ក្នុងការ​រចនា ​និង​អភិវឌ្ឍ​ផលិតផល​និង​សេវាកម្ម​របស់​ពួកគេ​»​។​

​លោ​កថា ​ធនាគារជាតិ​នៃ​កម្ពុជា​សូម​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទាំងអស់​បន្ត​អនុលោម​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ ដោយ​អនុវត្ត​នូវ​រាល់​គំនិត​ផ្តួចផ្តើម​ពី​សមាគម​នានា ​ដើម្បី​ផ្តល់​ជា​អត្ថប្រយោជន៍​របស់​អតិថិជន​។​


​កម្មវិធី​បណ្តុះ​នេះ​ត្រូវបាន​ធ្វើឡើង​រួមគ្នា​រវាង​សមាគម​ធនាគារ​នៅ​កម្ពុជា ​(ABC) សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ ​និង​បច្ចេកវិទ្យា​នៃ​កម្ពុជា ​(CAFT) និង​អង្គការ ​CERISE+SPTF ដោយមាន​ការគាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) និង ​Luxembourg Aid& Development ដោយមាន​ការចូលរួម​ពី​អគ្គនាយក​ភាគ​ទុ​និក​ក្រុមប្រឹក្សាភិបាល​នៃ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​និង​និយតករ​ជាង​១០០​នាក់​។​

​លោក​ Nitin MADAN ​នាយក​ផ្នែក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ប្រកបដោយ​ការទទួលខុសត្រូវ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ​(RIFF-SEA)​ នៃ​អង្គការ ​Social Performance Task Force (SPTF)​ បាន​មានប្រសាសន៍ថា នៅ​អង្គការ​CERISE+​ លោក​ជឿជាក់ថា ​អភិបាលកិច្ច​សាជីវកម្ម​គឺជា​ចំណុច​ស្នូល​ក្នុងការ​ធានាថា ​កិច្ចការពារ​អតិថិជន​ពិតជា​មាន​សារៈសំខាន់​ ហើយ​គុណ​តម្លៃ​របស់​ភាគ​ទុ​និក​ត្រូវបាន​ការពារ​។​

​លោក​ថា​៖«​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ ​និង​កិច្ចការពារ​អតិថិជន​មិនមែនជា​សកម្មភាព​ដាំ​ដើមឈើ​ចំនួន​ ១០០០ ​ដើម​ នោះទេ​ តែ​យើង​កំពុងនិយាយ​អំពី​របៀប ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ផ្តោតលើ​អតិថិជន​»​។​

​លោក ​សុខ​ វឿន ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​យល់ឃើញថា​ កម្មវិធី​បណ្តុះបណ្តាល​ស​ម្រា​ប់​អគ្គនាយក​និង​ភាគ​ទុ​និក​ឬ​ក្រុមប្រឹក្សាភិបាល​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នេះ​ គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ការបន្ត​ចែករំលែក​ និង​ផ្លាស់ប្តូរ​បទពិសោធន៍​សំដៅ​អនុលោម​តាម​នីតិវិធី​ច្បាប់​ ដែលមាន​ស្រាប់​។​

​លោក​បាន​ថ្លែងថា​៖«​យើង​ជឿជាក់ថា​កម្មវិធី​នេះ ​នឹង​ជួយ​ឱ្យសម្រេចបាន​នូវ​ការរំពឹងទុក​របស់​យើង​ឆ្ពោះទៅរក​តួនាទី​អភិបាលកិច្ច​សំខាន់ៗ​ ដែល​ផ្តល់​លទ្ធភាព​ដល់​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ស្តង់ដា​ការពារ​អតិថិជន ​(Client Protection Pathway) និង​ការអនុវត្ត​នានា​ ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​»​។​

​លោក ​Raymond SIA ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ ក៏បាន​កត់សម្គាល់ថា​វគ្គ​បណ្តុះបណ្តាល​នេះ ​បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន ​ដល់​វិស័យ​ធនាគារ​វិនិយោគិន​ភាគី​ពាក់ព័ន្ធ​ និង​សាធារណជន​អំពី​ការប្តេជ្ញាចិត្ត​របស់​សមា​ជិ​ក​នៃ​​សមាគម​ធនាគារ​នៅ​កម្ពុជា ​ក្នុងការ​អនុវត្ត​អភិបាលកិច្ច​សាជីវកម្ម​ល្អ​ តាមរយៈ​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ ដែលមាន​នៅក្នុង​គោលនយោបាយ ​និង​នីតិវិធី​របស់​សមាជិក​ទាំងអស់នោះ​។​

​លោក ​Raymond បាន​មានប្រសាសន៍​បន្ថែមថា​៖«​វគ្គ​បណ្តុះបណ្តាល​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម ​ក្នុងការ​ពង្រឹង​ការរួបរួម​គ្នា​និង​ការកសាង​ទំនុកចិត្ត​នៅក្នុង​វិស័យ​ធនាគារ​របស់​យើង​»៕