ភ្នំពេញៈ ការនាំ​ទំនិញ​ទៅវិញ​-​ទៅមក​រវាង​ប្រទេស​កម្ពុជា និង​កាណាដា រយៈពេល ៥ ​ខែ​ដើម​ឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​ជាង ៣៣២​ លាន​ដុល្លារ ធ្លាក់ចុះ​ជិត ៣០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ ខណៈ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ក្នុង​ខែឧសភា មាន​ទឹកប្រាក់​ជាង ៨០​ លាន​ដុល្លារ កើន​ជាង ៣៨ ​ភាគរយ​បើ​ធៀប​នឹង​ខែមេសា ឆ្នាំ​ ២០២៣​។​

​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ពី​ខែមករា​ដល់​ខែឧសភា ឆ្នាំ​ ២០២៣ ពា​ណិ​ជ្ជ​កម្ម​រវាង​កម្ពុជា​-​កាណាដា មាន​ទឹកប្រាក់​សរុប ៣៣២,១៨ ​លាន​ដុល្លារ ថយចុះ ២៨,១​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៤៦១,៨​ លាន​ដុល្លារ ដោយ​កម្ពុជា​នាំទៅ​កាណាដា ៣២៤,០៩ ​លាន​ដុ​ល្លារ​ធ្លាក់ចុះ ២៨,២​ ភាគរយ ចំណែក​កាណាដា​នាំមក​កម្ពុជា ៨,១ ​លាន​ដុល្លារ ធ្លាក់ចុះ ២០ ​ភាគរយ​។ សម្រាប់​ជញ្ជីង​ពា​​ណិ​ជ្ជ​កម្ម​អន្តរជាតិ គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុ​ជាមាន​ឧត្តមភាព ៣១៥,៩៩ ​លាន​ដុល្លារ​។​


​ដោយឡែក​សម្រាប់​ខែឧសភា ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៨០,៩៦ ​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំចេញ ​៧៨,៦៦​ លាន​ដុល្លារ និង​នាំ​ចូល ២,៣​ លាន​ដុល្លារ​។ បើ​ធៀប​ខែមេសា ឆ្នាំ​ ២០២៣ ដដែល គឺ​កើនឡើង ៣៨,៣៨ ​ភាគរយ​ពី​ចំនួន ៥៨,៥ ​លាន​ដុល្លារ​។​

​លោក ហុង វណ្ណៈ អ្នក​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៨ ខែមិថុនា​ថា កាណាដា​ដែលជា​ប្រទេស​ធំ និង​មាន​សេដ្ឋកិច្ច​រីកចម្រើន គឺជា​ទីផ្សារ​ដ៏​សំខាន់​ដែល​តែង​បញ្ជា​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ​ពី​កម្ពុជា ជាពិសេស ​មុនពេល​មាន​វត្តមាន​កូ​វីដ ​១៩​។ វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​កើត​​ឡើងជា​បន្តបន្ទាប់​​ តាំងពី​ចុងឆ្នាំ​ ២០១៩ មកដល់ពេលនេះ​បានធ្វើឱ្យ​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ភាគច្រើន​ធ្លាក់ចុះ ហេតុនេះ​ការ​ចំណាយ​ក្រៅពី​ម្ហូបអាហារ គឺ​ត្រូវ​រឹតត្បិត​។


លោក​បន្តថា នៅពេល​សេដ្ឋកិច្ច​សកល​ល្អ ការ​​ចំណាយ​ប្រចាំថ្ងៃ​នឹង​កើនឡើង​ដូច្នេះ​ការចំណាយ​លើ​សម្ភារ​សម្រាប់​ដំណើរ​ទេសចរណ៍​ក៏មាន​ចំនួន​ច្រើន​ដែរ​។​

​លោក​លើកឡើងថា​៖ «​វិបត្តិ​សេដ្ឋកិច្ច​សកល​បានធ្វើឱ្យ​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ​(​ភាគ​​ច្រើន​ផលិតផល​វាយ​ន​ភណ្ឌ​)​ ទៅ​ប្រទេស​កាណាដា​ធ្លាក់ចុះ​ច្រើន​។ ភាគច្រើន​នៃ​ចំនួន​ទឹក​ប្រាក់​ពាណិជ្ជកម្ម​ប្រទេស​ទាំង ២ គឺ​កើតចេញពី​ការបញ្ជាទិញ​របស់​កា​ដា​ណា ដូច្នេះ​កំណើន​នេះ​នឹង​អាច​កើន​ឡើងវិញ​លុះ​ត្រាតែ​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​ល្អប្រសើរ ហើយ​វិស័យ​ទេសចរណ៍​ងើបឡើង​វិញ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ពាណិជ្ជកម្ម​អន្តរ​​ជាតិ​តែង​ផ្សារភ្ជាប់​ព្រឹត្តិការណ៍​អន្តរជាតិ គឺ​បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង ការធ្វើ​ពាណិជ្ជកម្ម​ក៏​ជួប​បញ្ហា​ដែរ​។ ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កាណាដា គឺ​ដោយសារ​វិបត្តិ​សង្គ្រាម​រវាង​ប្រទេស​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​។ នៅពេល​ជម្លោះ​ប្រដាប់អាវុធ​នេះ​បញ្ចប់ សម្ទុះ​នៃ​ការធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិ​ប្រាកដជា​នឹង​កើនឡើង ហើយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​គោលដៅ​សំ​ខាន់ៗ រួមទាំង​ប្រទេស​កា​ណា​ដា នឹងមាន​សម្ទុះ​ឡើងវិញ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មានជំនឿថា ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​កាណាដា នឹងមាន​សញ្ញា​វិ​ជ្ជ​មាន​ឡើងវិញ​ជា​បន្តបន្ទាប់​ចាប់ពី​ត្រីមាស​ទី ​២ នេះ​តទៅ​»​។​

​លោក​លើកឡើង​ទៀតថា ការិយាល័យ​តំណាង​សភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​នៅ​កា​ដា​ណា ​(​ទីក្រុង​តូ​រ៉ុ​ន​តូ​) ក៏​កំពុង​ធ្វើ​កិច្ច​​ការ​ជាច្រើន​ដើម្បី​ស្វែងរក​ទីផ្សារ និង​វិនិយោគិន​កាណាដា​ឱ្យមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។​

​យោងតាម​លោក លឹម ហេង ទំនិញ​សក្តានុពល​ដែល​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​កាណាដា មានដូចជា ផលិតផល​សម្លៀក​បំពាក់ ផលិតផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​អគ្គិសនី កង់ ជាដើម​។ ចំណែក​ទំនិញ​កាណាដា នាំមក​កម្ពុជា រួមមាន​រថយន្ត គ្រឿង​អេឡិចត្រូនិក​។​

​តារាង​ស្ថានភាព​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បាន​បង្ហាញថា គិត​ត្រឹម​ចុងឆ្នាំ ​២០២១ កាណាដា ស្ថិតនៅ​លេខ​រៀង​ទី​ ៩ ជា​ប្រទេស​ដែល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ ដោយមាន​ប្រាក់ ១,១​ ពាន់​លាន​ដុល្លារ ​(​ស្មើនឹង​ ២,៨​ ភាគរយ​)​ ក្នុងចំណោម​ទុនវិនិយោគ​សរុប ៤១​ ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ចិន​, កូរ៉េ សិង្ហ​បុរី វៀតណាម ជប៉ុន ម៉ាឡេស៊ី ថៃ និង​អង់គ្លេស​។​

​ក្នុង​ឆ្នាំ​ ២០២២ ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-​កាណាដា មានតម្លៃ​សរុប ១ ១៥៤,៤៧​ លាន​ដុល្លារ កើនឡើង ១៦,១​ ភាគរយ​ធៀប​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ៩៩៤,៧២​ លាន​ដុល្លារ ដោយ​ក្នុងនោះ​កម្ពុជា​នាំទៅ​កាណាដា ១ ១២០,៥៩ ​លាន​ដុល្លារ កើនឡើង ១៧,៤​ ភាគរយ​ចំណែក​ទំនិញ​កា​ណា​ដា នាំមក​កម្ពុជា មាន​ចំនួន ៣៣,៨៨ ​លាន​ដុល្លារ ធ្លាក់ចុះ ១៥,១ ភាគរយ​៕​