ភ្នំពេញៈ ផ្នែក​ឯកជន​រំពឹងថា​ការវិនិយោគ​លើ​ការដាំដុះ និង​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា នឹង​អាច​កើនឡើង​ពី ៥​ ភាគរយ​នាពេល​បច្ចុប្បន្ន​ទៅ​ ៣០​ ភាគរយ​ត្រឹម​ឆ្នាំ​ ២០២៧ បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យអនុវត្ត «​គោ​លន​យោ​បាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ ២០២២-២០២៧»​។​

​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា ឆ្នាំ​ ២០២៣ បានប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ ​«​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ២០២២-២០២៧»​ ដែល​គោលនយោបាយ​នេះ​មាន​ចក្ខុវិស័យ​អភិវឌ្ឍន៍​ផលិតកម្ម ការកែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង ធានា​នូវ​និរន្តរភាព និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ព្រមទាំង​មានបំណង​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏​សំខាន់​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​ពិភពលោក​។​


​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា លោក អួន ស៊ី​ឡុ​ត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៩ ខែមិថុនា​ថា គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការលើក​ទឹកចិត្ត​ប្រជាកសិករ និង​អ្នកវិនិយោគ​ឱ្យ​ខិតខំ​ពង្រឹងគុណភាព ពង្រីក​ការដាំដុះ និង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ឱ្យ​កាន់តែ​ល្អ ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​សម្រេច​ដែលមាន​គុណ​ភាព​ទៅ​ទីផ្សារ​អន្តរជាតិ​។​

​លោក​ថ្លែងថា​៖ «​កន្លងមក​ដោយសារ​មិនសូវមាន​ទីផ្សារ​ក្នុងស្រុក គឺ​ទិន្នផល​គ្រាប់ស្វាយចន្ទី​ឆៅ ​(​មិនទាន់​កែច្នៃ​)​ ជាង​ ៩០​ ភាគរយ​ត្រូវបាន​ឈ្មួញ​នាំ​យកទៅលក់​ឱ្យ​ប្រទេសជិតខាង​ដើម្បី​កែច្នៃ​ជា​ផលិតផល​សម្រេច​។ ការនាំ​ចេញ​គ្រាប់​មិនទាន់​កែច្នៃ ធ្វើឱ្យ​កម្ពុជា​ខាត​ចំណូល​សេដ្ឋកិច្ច​ជាច្រើន​លាន​ដុល្លារ​ក្នុង ​១ ឆ្នាំៗ​។ ខ្ញុំ​ជឿថា គោល​នយោបាយ​ជាតិ​ស្វាយចន្ទី នឹង​ជួយ​ឱ្យ​សមត្ថភាព​កែច្នៃ​ក្នុងស្រុក​កើន​ពី ៥ ​ភាគរយ​នៅពេលនេះ ឡើងដល់ ៣០​ភាគរយ​នៅត្រឹម​ឆ្នាំ​ ២០២៧»​។​


​ទិន្នន័យ​សមាគម​ស្វាយចន្ទី​កម្ពុជា ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី ៦០ ​ម៉ឺន​តោន​, ឆ្នាំ​ ២០២០ ចំនួន ៩៥​ ម៉ឺន​តោន​, ឆ្នាំ​២០២១ ចំនួន ១,១​ លាន​តោន ​(២៤​ភាគរយ​នៃ​ការនាំចេញ​សរុប​លើ​ពិភព​​លោក​) និង​ឆ្នាំ​ ២០២២ ចំនួន ៦៧ ​ម៉ឺន​តោន​។ បច្ចុប្បន្ន​គ្រាប់ស្វាយចន្ទី​ឆៅ មានតម្លៃ​ក្នុង​រង្វង់ ១ ៥០០​ ដុល្លារ​ក្នុង​ ១ ​តោន ចំណែក​គ្រាប់ស្វាយចន្ទី​កែច្នៃ​រួច​មានតម្លៃ​ប្រហែល ៨ ០០០​ ដុល្លារ​។​

​លោក​អះអាងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយសារ​តម្លៃ​គ្រាប់​ស្វាយចន្ទី​ឆៅ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ វា​បាន​បណ្តាលឱ្យ​ចម្ការ​ស្វាយចន្ទី​ប្រ​ហែល ១០​ ម៉ឺន​ហិកតា​ត្រូវបាន​កសិករ​កាប់​ចោល​យក​ដី​ដាំ​ដំណាំ​ផ្សេងៗ​។​

​ទិន្នន័យ​សមាគម​ស្វាយចន្ទី​កម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ដីចម្ការ​ស្វាយចន្ទី ប្រមាណ ៧០​ ម៉ឺន​ហិកតា ក្នុងនោះ​ប្រហែល ៧ ម៉ឺន​ហិកតា​ប្រឈម​នឹង​ការបាត់បង់​ដោយសារតែ​កសិករ​ឈូស​ចោល​ទៅ​ដាំដំឡូង​មី ឬ​ដំណាំ​ផ្សេង​ជំនួស​វិញ​។ ជាធម្មតា​ដើម​ស្វាយ​ចន្ទី​អាច​ផ្តល់​ផល​បន្ទាប់ពី​ដាំ​បាន ៥-៦​ ឆ្នាំ (​លើកលែង​ពូជ M១០ និង M ២៣ ឱ្យ​ផល​ចាប់ពី​អាយុ ២ ​ឆ្នាំ​) និង​ឱ្យ​ផល​រហូតដល់​អាយុ ២៥ ​ឆ្នាំ​។ ក្នុង​ដី ១ ​ហិកតា​ជា​មធ្យម​ផ្តល់​ផល​ចន្លោះ​ពី​ ១,៥-១,៨​ តោន​ក្នុង ១​ ឆ្នាំ​។​

​លោក ស៊ី​ឡុ​ត បាន​បញ្ជាក់ថា គោល​នយោបាយ​ជាតិ​នឹង​ជួយ​ឱ្យ​កសិករ និង​អ្នកវិនិយោគ​បង្កើត​ការដាំដុះ​ស្វាយ​​ចន្ទី​ឡើងវិញ ហើយ​ការវិនិយោគ​លើ​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាតតូច និង​មធ្យម ក៏​នឹង​កើនឡើង​ផងដែរ​។ លោក​អះអាងថា​៖ «​ខ្ញុំ​មានជំនឿថា​ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​នឹង​កើន​ដល់​ប្រហែល ៧៣ ម៉ឺន​ហិកតា​នៅ​ចុងឆ្នាំ ​២០២៣ នេះ ខណៈ​ចាប់ពី​ដើមឆ្នាំ​មក គឺមាន​ដើម​ស្វាយចន្ទី​ជាង ៦ ​លាន​ត្រូវបាន​លក់​ចេញពី​កន្លែង​បណ្តុះ​ធំៗ​»​។​

​ទាក់ទង​ការបង្កើន​សមត្ថភាព​កែច្នៃ លោក ស៊ី​ឡុ​ត និយាយថា នៅ​កម្ពុជា​ពេលនេះ​មាន​សិប្បកម្ម​កែច្នៃ​ស្វាយចន្ទី​ខ្នាតតូច​ប្រហែល ៣០ និង​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ខ្នាត​មធ្យម ៣ ​ដែល​កំពុងដំណើរការ​ (​ខេត្តកំពង់ធំ កំពង់ចាម និង​ខេត្តព្រះវិហារ​)​។ ដើម្បី​ជំរុញ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​ឆៅ​ក្នុងស្រុក​ពី ៥​ភាគរយ​ទៅ ៣០ ភាគរយ គឺ​គេ​ត្រូវការ​រោងចក្រ​ខ្នាត​មធ្យម​យ៉ាង​តិច ៥០​ បន្ថែមទៀត​។​

​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ​សំបូរ ដែល​ស្ថិតក្នុង​ខេត្តកំពង់ធំ លោកស្រី អ៊ិន ឡៃ​ហ៊ួ​ត បាន​ប្រាប់ថា គោលនយោបាយ​ជាតិ​ស្វាយចន្ទី​នឹង​ជួយ​ធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​កាន់តែ​រីកចម្រើន ដោយ​រាប់​ចាប់​តាំងពី​ការដាំដុះ ថែទាំ ប្រមូល​ផល កែច្នៃ និង​នាំចេញ​។ លោកស្រី​បន្តថា តាម​គម្រោង​រដ្ឋាភិបាល​នឹង​ទម្លាក់​កម្ចី​មួយចំនួន​ដើម្បី​ផ្តល់ឱ្យ​អ្នកមាន​តម្រូវ​ការ​ក្នុង​ផលិតកម្ម​នេះ​យកទៅ​ប្រើ​ក្នុង​អត្រា​ការប្រាក់​ទាប​។​

​លោកស្រី​ថ្លែងថា​៖ «​បើ​មាន​ទីផ្សារ និង​ទុន​បង្វិល​ច្រើន ខ្ញុំ​គិតថា ឱកាស​ក្នុង​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​ដើម្បី​នាំទៅ​ទីផ្សារ​អន្តរជាតិ​នឹង​កើន​ឡើង ខណៈ​បច្ចុប្បន្ន​គ្រាប់ស្វាយចន្ទី​ឆៅ​ស្ទើរ​ទាំងអស់​ត្រូវបាន​ឈ្មួញ​ទិញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដើម្បី​កែច្នៃ​ជា​ផលិតផល​សម្រេច​»​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ប្រើប្រាស់ ​«​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ ​២០២២-២០២៧» ថា ស្វាយចន្ទី​កម្ពុជា គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ជា​ដំណាំ​អាទិភាព​មួយ​នៅក្នុង​ចំណោម​ដំណាំ​អាទិភាព ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការបង្កើន​ផលិត​ភាព និង​ការប្រកួតប្រជែង តាមរយៈ​គុណភាព ការកែច្នៃ និង​ការនាំចេញ​ដែល​ទទួលបាន​តម្លៃ​ខ្ពស់​។​

​លោក​ថ្លែងថា​៖ «​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ​ ២០២២-២០២៧ ​នេះ នឹង​ដើរតួ​ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​កម្លាំងចលករ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ពង្រឹង​ផលិតភាព​នៃ​ផលិត​កម្ម​ដំណាំ​ស្វាយចន្ទី និង​លើកកម្ពស់​ការប្រកួតប្រជែង​ទាំង​ទិន្នផល និង​គុណភាព ការធ្វើ​ពិពិធ​កម្ម ការកែច្នៃ ការនាំចេញ និង​ការបង្កើន​តម្លៃបន្ថែម ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ខ្សែចង្វាក់​តម្លៃ សំដៅ​ជួយ​គាំទ្រ​ដល់​តួអង្គ​ដែលមាន​ស្រាប់ និង​ទាក់ទាញ​វិនិយោគ​បន្ថែម ដោយ​រក្សា​ទីផ្សារ​ចាស់ និង​ស្វែងរក​ទីផ្សារ​ថ្មី​ប្រកបដោយ​ចីរភាព ដែល​នឹង​បង្កើត​ឱកាស​ការងារ និង​តម្លៃបន្ថែម​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​ចំណាកស្រុក និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​»​។​

​ប្រភព​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២២ ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​មាន​ ៤៣៥ ៧៣៣ ​ហិកតា ក្នុងនោះ​ផ្ទៃដី​ប្រមូល​ផល ៣៣០ ៨៦១ ​ហិកតា និង​មាន​ទិន្នផល ៥០៨ ២៨៣​ តោន ហើយ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​បាន ៤៧១ ៥២០​ តោន និង​ការនាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​បាន ១ ៥៥៧​ តោន​៕