ភ្នំពេញៈ ក្រុមហ៊ុន Global Loyalty Network “GLN International Inc.”​ដែលជា​ក្រុមហ៊ុន​បណ្តាញ​ឌី​ជី​ថលស​កល នៃ​ប្រទេស​កូរ៉េខាងត្បូង និង​ធនាគារ អេស៊ីលីដា បាន​សហការគ្នា​ក្នុងការ​ដាក់ឱ្យ​ដំណើរការ​ការទូទាត់​ឆ្លងដែន​តាមរយៈ​ទូរស័ព្ទ​ចល័ត​តាម​ឃ្យូ​អរ​កូដ ​GLN CPMQR ដើម្បី​ស្គេ​ន​ជាមួយ​ម៉ាស៊ីន​ឆូត​កាត POS នៅ​ប្រទេស​កម្ពុជា​។​

​តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២០ ខែមិថុនា​នេះ នឹង​ជំរុញ​ឱ្យ​បណ្តា​អ្នកប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់​ស្ថាប័ន GLN នៃ​សា​ធារ​ណ​រដ្ឋ​កូរ៉េ និង​សកលលោក អាចធ្វើ​ការទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ទូរស័ព្ទ​ចល័ត ដោយ​គ្រាន់តែ​បង្ហាញ​ឃ្យូ​អរ​កូដ​សម្រាប់ធ្វើ​ប្រតិបត្តិ​ការទូទាត់​ដោយ​ការ​ស្គេ​ន​តាម​ម៉ាស៊ីន​ឆូត​កាត POS​។​


​លោក Kim Kyung Ho នាយក​ប្រតិបត្តិ Global Loyalty Network “GLN International Inc”​បាន​ថ្លែងអំណរគុណ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​កិច្ច​សហ​ប្រតិបត្តិការ​របស់​ស្ថាប័ន​ខ្លួន និង​ធនា​គារ​អេស៊ីលីដា ចំពោះ​ការផ្លាស់ប្តូ​រការ​ទូទាត់​ឆ្លងដែន​តាមរយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​។ លោក​បន្តថា ការពង្រីក​សេវា​កម្ម GLN នៅ​ប្រទេស​កម្ពុជា គឺជា​ការ​បន្ថែម​នូវ​គុណ​តម្លៃ​ដល់​បណ្តាញ​ប្រតិ​ប​ត្តិ​ការ​នាពេល​បច្ចុប្បន្ន​រប​ស់​យើង រួមមាន​ទីក្រុង​ហុងកុង ជប៉ុន ឡាវ សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋ​អាមេរិក និង​វៀតណាម​។​

​លោក​បាន​ថ្លែងថា​៖ «​តាមរយៈ​ការ​ដាក់ឱ្យ​ដំណើរការ​នេះ​នឹង​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​កម្ពុជា​អាច​ទូទាត់​ជាមួយ​ពាណិជ្ជករ​ក្នុងស្រុក ដែល​រួមចំណែក​ដល់​បទពិសោធ​ន៍​ធ្វើ​​ដំណើរ កាត់បន្ថយ​ការចំណាយ​លើ​ការទូទាត់ និង​ជំរុញ​ឌី​ជី​ថ​លូ​ប​នី​យ​​កម្ម​នៃ​ការទូទាត់​នៅ​ប្រទេស​កម្ពុជា​។ យើង​ទន្ទឹងរង់ចាំ​ការពង្រីក​វិសាល​ភាព​នៃ​ភាពជា​ដៃគូ តាមរយៈ​ការរួម​បញ្ចូល​សេវា​ដក​ប្រាក់​តាម QR ATM សេវា​ផ្ទេរប្រាក់​ឆ្លងដែន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​ការទូទាត់​ក្រៅប្រទេស​កម្ពុជា ដែល​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា​អាចធ្វើ​ការទូទាត់​ទៅ​ក្រៅប្រទេស​តាម​ប្រព័ន្ធ​ឌីជីថល​»​។​


​លោក អ៊ិន ចាន់នី ប្រធាន​អគ្គ​នា​យក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​និយាយថា ការសហការ​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​ជាមួយ​ស្ថាប័ន Global Loyalty Network “GLN International Inc” នឹង​អនុញ្ញាតឱ្យ​អតិថិជន ឬ​ភ្ញៀវទេសចរ​នៅ​ទូទាំង​សកលលោក​អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ក្នុងការ​ធ្វើការ​ទូទាត់​ឆ្លងដែន​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ចល័ត​នេះ​។​

​លោក​ថ្លែងថា​៖ «​ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​នេះ អតិថិជន​អ្នក​ប្រើប្រាស់​កម្មវិធី​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត​របស់​បណ្តាញ GLN នឹង​អាច​ទូទាត់​ឆ្លងដែន​ជាមួយនឹង​ពាណិជ្ជករ​អេស៊ីលីដា នៅ​ទូទាំងប្រទេស​កម្ពុជា បាន​កាន់​តែមាន​ភាពងាយស្រួល រហ័ស សុវត្ថិភាព និង​សម្បូរបែប​»​។​

​អេស៊ីលីដា ក៏​ជា​ធនាគារ​មួយ​ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា​ជ្រើសរើស​ក្នុងការ​ទូទាត់​ឆ្លងដែន​តាមរយៈ QR ផងដែរ​។ កាលពី​ថ្ងៃទី ​៦ ខែមិថុនា ធនាគារកណ្តាល​កម្ពុជា​-​ថៃ ក៏បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ដំណាក់​កាល​ទី ​២ ​នៃ​ការទូទាត់ QR ដែល​អនុ​ញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា និង​ថៃ​អាចធ្វើ​ការទូទាត់​តាមរយៈ​ការ​ស្គេ​ន QR​។

​បើ​យោងតាម​លោក លោក ចាន់នី ចាប់តាំងពី​ធនាគារ​អេស៊ីលីដា​ត្រូវបាន​អនុញ្ញាត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ការដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រ​ព័ន្ធ​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​ជាមួយ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ ឆ្នាំ ​២០២០ មក​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​រវាង​ប្រទេស​ទាំង​ ២ មានការ​កើន​ឡើង​គួរឱ្យកត់សម្គាល់​។ ដោយសារ​អ្នកប្រើប្រាស់​អេស៊ីលីដា ម៉ូ​បាល​ស្គេ​ន QR ទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​នានា​នៅក្នុង​ប្រទេស​ថៃ បាន​រហូតដល់​ទៅ ៥២​ លាន​រៀល​ក្នុង​ ១​ ថ្ងៃ ។ គិត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ដល់​ខែឧសភា ឆ្នាំ​ ២០២៣ ចំនួន​ប្រតិបត្តិ​ការទូទាត់​មាន​ដល់​ទៅ ៩,៥៥៥ និង​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២៧​ លាន​បាត​។​

​កាលពី​ថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ​ ២០២២ ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ឱ្យ​ដំ​ណើ​រការ​ផ្លូវការ​ប្រព័ន្ធ KHQR បន្ទាប់​ពី​ដំណើរការ​សាកល្បង ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ឆ្លង​ធនាគារ​។​

​ចំនួន​គណនី​អ៊ី​វ៉ា​ឡេ​ត ដែល​បាន​ចុះ​​ឈ្មោះ​បាន​កើនឡើង​ដល់ ១៩,៥​ លាន ហើយ​ចំនួន​ប្រតិបត្តិ​ការសរុប​បាន​កើន​ឡើង​ពី ៧០៨​ លាន​ដល់ ១ ពាន់​លាន​ដុល្លារ​ជាមួយនឹង​ចំនួន​ទឹកប្រាក់​សរុប ២៧២,៨​ ពាន់​លាន​ដុល្លារ ​(​កើនឡើង ៣៤​ ភាគរយ​) ដែល​ប្រហែល ៩​ ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​។ នេះ​បើតាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ២០២២ របស់ NBC​។​

​យោងតាម NBC បច្ចុប្បន្ននេះ​ការ​​ទូទាត់​ឆ្លងដែន​ជាមួយ​ប្រទេស​ជិត​​ខាង​ក៏​ត្រូវបាន​ពង្រឹង​ដល់​កម្រិត​កាន់​​តែ​ប្រសើរ​។ បន្ទាប់ពី​កិច្ច​សហប្រតិបត្តិ​ការ​ប្រកបដោយ​ជោគជ័យ​ជាមួយ​ធនាគារកណ្ដាល​ថៃ ធនាគារជាតិ​នៃ​កម្ពុជា កំពុងធ្វើការ​ជាមួយ​ធនាគារ​កណ្ដាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ និង​ធនាគារកណ្ដាល​រដ្ឋ​វៀតណាម ដើម្បី​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​នៃ​ប្រទេស​នានា ក្នុង​គោលបំណង​ធ្វើឱ្យ​ការទូទាត់​ឆ្លងដែន​កាន់តែ​ងាយស្រួល លឿន សុវត្ថិភាព និង​បរិ​យា​ប័ន្ន​៕