ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC)​ កំពុង​រៀបចំ​ផែនការ​ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការទូទាត់​តាមរយៈ​ប្រ​​ព័ន្ធ​បាគង​ទៅ​បណ្តា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី អាហ្រ្វិក អាមេរិក​ឡាទីន និង​អឺរ៉ុប ក្នុងន័យ​បង្កើន​វិសាលភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ដែលមាន​សុវត្ថិភាព ចំណាយ​ទាប និង​ទទួល​បាន​ប្រាក់​ឆាប់រហ័ស សំដៅ​គាំទ្រ និង​ជំរុញ​វិស័យ​ទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និង​ការផ្ទេរ​ប្រាក់​របស់​ប្រជាជន​ខ្មែរ ជាពិសេស​ពលករ​ដែល​កំពុង​បម្រើការ​នៅក្រៅ​ប្រទេស​។​

​លោកស្រី ជា សិរី ទេសាភិបាលរង​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ​«​ប្រាក់រៀល ចំណេះដឹង​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​បាគង​»​ កាលពី​ថ្ងៃទី ​១៥ ខែ​​មិថុនា នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំថា ជាមួយនឹង​និន្នាការ​ថ្មី​នេះ​ប្រទេស​នានា​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ដោយ​ប្រើ​ប្រាស់​រូបិយវត្ថុ​ក្នុងស្រុក​រៀងៗ​ខ្លួន​។​


​លោកស្រី​បន្តថា ចំពោះ​កម្ពុជា​គឺ​បាន​ត​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​រួចហើយ និង​កំពុងត​ភ្ជាប់​ជាមួយនឹង​ប្រទេស​វៀតណាម ឡាវ មី​យ៉ាន់​ម៉ា ចិន និង​ឥណ្ឌា​។ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​អាច​ស្គេ​ន​ទូទាត់​នៅ​ប្រទេស​ថៃ ចេញពី​គណនី​លុយ​រៀល​របស់ខ្លួន​នៅ​កម្ពុជា​បាន ហើយ​ប្រជាជន​ថៃ​ក៏​អាច​ស្គេ​ន​ទូទាត់​ជា​ប្រាក់​រៀល​នៅ​កម្ពុជា​ដែរ​។ លោកស្រី​បន្តថា តាមរយៈ​យន្តការ​នេះ​តម្រូវឱ្យ​អ្នកទិញ និង​អ្នកលក់​ជា​ប្រជាជន​កម្ពុ​ជាមាន​គណនី​ជា​ប្រាក់រៀល ដែល​ការណ៍​នេះ​ជា​កត្តា​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​នៅ​កម្ពុជា​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​ក៏​កំពុង​សហការ​ជាមួយ​ប្រទេស​ជា​ច្រើន​ទៀត​ទាំង​នៅក្នុង​តំបន់​អាស៊ី អាហ្រ្វិក អាមេរិក​ឡាទីន និង​អឺរ៉ុប ដើម្បី​បង្កើន​វិសាល​ភាព​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ដែលមាន​សុវត្ថិភាព ចំណាយ​ទាប និង​ទទួលបាន​ប្រាក់​ឆាប់​រហ័ស សំដៅ​គាំទ្រ និង​ជំរុញ​វិស័យ​ទេសចរណ៍ កា​រវិ​និ​យោគ ពាណិជ្ជកម្ម និង​ការផ្ទេរ​ប្រាក់​របស់​ប្រជាជន​ខ្មែរ ពិ​សេស​ពលករ​ដែល​កំពុង​បម្រើការ​នៅក្រៅ​ប្រទេស​»​។


​បើ​យោងតាម​លោកស្រី ​ជា សិរី កន្លងមក​ប្រព័ន្ធ​ទូទាត់ បាគង បានទទួល​ពានរង្វាន់ និង​ការកោតសរសើរ​ជា​បន្ត​​បន្ទាប់ ខណៈ​កាលពី​ខែឧសភា កន្លងទៅ​លោក Kishida Fumio នាយករដ្ឋមន្ត្រី​ជប៉ុន ក៏បាន​កោតសរសើរ​ប្រព័ន្ធ​បាគង ដែលជា​កិច្ចសហការ​គំរូ​មួយ​រវាង​កម្ពុជា និង​ជប៉ុន (​រវាង​ធនាគារកណ្តាល​មួយ​ជាស​មា​ជិ​ក​អាស៊ាន និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​មកពី​ប្រទេស​ជប៉ុន​)​។ ភាព​ច្នៃប្រឌិត​ខ្ពស់​នៃ​ប្រព័ន្ធ​ទូទាត់​នេះ​បាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ដែលជា​ទូទៅ​មិនសូវ​សម្បូរ​សាខា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អាច​ប្រើប្រាស់ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវា​ហិរញ្ញវត្ថុ​ផងដែរ​។

​យោងតាម​លោកស្រី សិរី ដោយបាន​ដកស្រង់​សម្តី​របស់លោក Kishida ថា​៖ «​ខ្ញុំ​ជឿ​​ជាក់​ថា​យើង​អាចបង្កើត​បាគង​ទី​ ២ និង​ទី​ ៣ ដោយ​បង្កើត​ខ្សែ​ចង្វាក់​នៃ​ការបង្កើត​ថ្មី​ដែល​ឆ្លង​ព្រំដែន​ជាតិ​»​។​

​លោក តូច ចៅ​ចេក ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃ​ស​ណី​យ៍​កម្ពុជា បាន​សាទរ​ចំពោះ​ផែនការ​ចង់​ពង្រីក​ប្រព័ន្ធ​ទូទាត់​បាគង​ទៅកាន់​តំបន់​នានា​នៅលើ​ពិភពលោក ដែល​នឹង​ជួយ​សម្រួល​ដល់​ការទូទាត់​ជា​ពិ​​សេស​សម្រាប់​វិនិយោគិន​ទេស​​ចរ និង​ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស​។​

​លោក​និយាយថា​៖ «​សម្រាប់ KHQR នេះ គឺ​ផ្តល់​ភាព​ងាយ​​ស្រួល​ដល់​អតិថិជន​ក្នុង​ការធ្វើ​ការផ្ទេរ​ប្រាក់​។ ខ្ញុំ​សង្កេតឃើញ​ប្រជាជន​យើង​ប្រើប្រាស់​កាន់តែច្រើន​លើ​ការទូទាត់​តាម​ប្រព័ន្ធ KHQR ដោយសារតែ​ពួកគាត់​យល់​កាន់តែច្រើន​អំពី​ភាព​​ងាយស្រួល​ដែល​អាច​ស្គេ​ន​ឆ្លង​ធនាគារ​ក្នុងការ​ប្រើប្រាស់​រហ័ស និង​មាន​សុវត្ថិភាព​»​។​

​កាលពី​ថ្ងៃទី​ ៦ ខែមិថុនា ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្ដាល​ថៃ បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ដំណាក់កាល​ទី​ ២ នៃ​ការទូទាត់ QR ឆ្លងដែន​ក្នុង​បំណង​ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​អាស៊ាន​ទាំង​ ២ ដែល​ប្រជាជន​របស់​ប្រទេស​ទាំង​ ២ អាច​ស្គេ​ន QR Code នៅ​គ្រប់​ពាណិជ្ជករ​លក់រាយ​ក្នុងប្រទេស​ថៃ ហើយ​ប្រជាជន​​ថៃ​អាច​ស្គេ​ន QR Code នៅ​គ្រប់​ពាណិជ្ជករ​លក់រាយ​រប​ស់​ប្រទេស​កម្ពុជា​។​

​ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ KHQR កាលពី​ថ្ងៃទី ​៣ ខែកក្កដា ឆ្នាំ​ ២០២២ បន្ទាប់ពី​ដំណើរការ​សាកល្បង​ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ឆ្លង​ធនាគារ​។​

​ចំនួន​គណនី​អ៊ី​វ៉ា​ឡេ​ត ដែល​បាន​ចុះឈ្មោះ​បាន​កើន​ដល់ ១៩,៥​ លាន ហើយ​ចំនួន​ប្រតិបត្តិ​ការសរុប​បាន​កើន​​ឡើង​ពី ៧០ ៨​លាន​ដល់ ១​ ពាន់​លាន​ដុល្លារ ជាមួយ​ចំនួន​ទឹកប្រាក់​សរុប ២៧២,៨​ ពាន់​លាន​ដុល្លារ​ (​កើន ៣៤​ ភាគរយ​) ប្រហែល ៩ ​ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP)​។ នេះ​បើតាម​របាយ​ការណ៍​របស់ NBC៕