​ភ្នំពេញៈ Tripadvisor ដែលជា​ថ្នាល​ព័ត៌មាន​ធ្វើដំណើរ​កម្សាន្ត​ឈានមុខ​គេ​របស់​ពិភពលោក​បាន​ចាត់​ចំណាត់ថ្នាក់​ប្រាសាទ អង្គរវត្ត​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ចំណោម​តំបន់​ទេសចរណ៍​ទាំង ១០ ​ប្រទេស​នៅលើ​ពិភពលោក​ដែល​ភ្ញៀវទេសចរ​ត្រូវតែទៅ​គយគន់​ ដើម្បី​ទទួលបាន​បទពិសោធន៍​សម្រាប់​ដំ​ណើ​រ​កម្សាន្ត​មើល​ថ្ងៃ​រះ​ដ៏​ល្អ​បំផុត​នៅលើ​ពិភពលោក​។​

​យោងតាម Tripadvisor ដែល​បានប្រកាស​នៅ​ថ្ងៃទី​ ២០ ខែមិថុនា គឺ​តាម​រយៈ​ការវិភាគ​ទិន្នន័យ​ត្រួតពិនិត្យ​រយៈ​ពេល ១២ ​ខែ​របស់ខ្លួន​ (​ពីថ្ងៃ​ទី​ ១ ខែ​​ឧសភា ឆ្នាំ​ ២០២២ ដល់​ថ្ងៃទី​ ៣០ ខែ​​មេសា ឆ្នាំ​ ២០២៣)​ ពី​អ្នកដំណើរ​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក ការ​ជ្រើសរើស​របស់​ភ្ញៀវទេសចរ​ល្អ​បំផុត ​«​អ្វីដែល​ត្រូវធ្វើ​»​ គឺជា​បញ្ជី​ជាក់លាក់​នៃ​បទពិសោធន៍​សម្រាប់​ទេស​ចរ​ដែល​ស្វែងរក​ការបង្កើត​ពេលវេលា​ដែល​មិនអាច​បំភ្លេចបាន​។


​ក្រុមហ៊ុន​អះអាងថា​៖ «​បញ្ជី​នេះ​បាន​នាំមក​នូវ​សកម្មភាព និង​ដំណើរ​កម្សាន្ត​ដ៏​ល្អ​បំផុត ពី​ដំណើរ​កម្សាន្ត​ដែល​អាច​កក់​ទុក​បាន និង​បទ​ពិសោធន៍​ទៅកាន់​កន្លែង​ទាក់ទាញ​ឈាន​មុខ​គេ​ដែល​ភ្ញៀវទេសចរ​អាច​ទស្សនា​បាន​តាម​ដងផ្លូវ​ធ្វើដំណើរ​»​។​

​បើតាម Tripadvisor សម្រាប់​តំបន់​ទាំង ១០ នៅលើ​ពិភពលោក​ដែល​ភ្ញៀវទេសចរ​គួរតែ​ទៅ​ទស្សនា រួមមាន តំបន់​ទេសចរណ៍ Grand Circle Island និង Haleiwa Tour និង​ទីក្រុង Honolulu​ទីក្រុង Hawaii, វគ្គ​បង្រៀន​ធ្វើ​ម្ហូប​ថៃ នៅ​ទីក្រុង​ឈៀង​ម៉ៃ​, តំបន់​ទេសចរណ៍ Ubud Tour តំបន់ ទីក្រុង Ubud កោះ Bali, តំបន់​ទេសចរណ៍ Red Dunes ATV តំបន់ Sandsurf សត្វ​អូដ្ឋ​ហាង Stargazing & 5*BBQ ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​, ដំណើរ​នៅ​ផ្លូវ​រូង​ក្រោម​ដី DMZ 3rd Infiltration ដ៏​ល្អ​បំផុត​ចេញ​នៅ​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​, តំបន់​ទេសចរណ៍ Reykjavik Food Walk ដំណើរ​កម្សាន្ត​នៅ Local Foodie Adventure ទីក្រុង​ Reykjavik​ ប្រទេស​អ៊ី​ស្លង់​, ដំណើរ​កម្សាន្ត​ក្រោម​ទឹក​នៅ San Juan Guided Snorkel Tour ទីក្រុង San Juan, កន្លែង​ជិះទូក​កម្សាន្ត Puerto Rico Amsterdam Luxury Guided Sightseeing Canal Cruise ​ទីក្រុង​អាំ​ស្ទែ​ដាំ​ប្រទេស​ហូ​ឡង់​, ដំណើរ​កម្សាន្ត​មើល​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត​ខេត្តសៀមរាប ប្រទេស​កម្ពុជា​, និង​ដំណើរ​កម្សាន្ត​តាម​រថយន្ត​ហ្ស៊ី​ប នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​


​លោកស្រី Kate Urquhart អ្នក​គ្រប់​​គ្រង​ទូទៅ​ក្រុមហ៊ុន Tripadvisor បាន​ថ្លែងថា​៖ «​បទពិសោធន៍​ប្រែក្លាយ​ភ្ញៀវ​​ទេសចរ​ទៅជា​អ្នក​ផ្សងព្រេង ដោយ​ភ្ជាប់​ពួកគេ​ជាមួយ​សហគមន៍​ក្នុង​តំបន់ និង​ផ្តល់ឱ្យ​ពួកគេ​នូវ​រឿងរ៉ាវ​ដែល​មិនអាច​បំភ្លេចបាន​រយៈពេល​ច្រើន​ឆ្នាំ​។ ជាមួយនឹង​បទពិសោធន៍​ដែល​អាច​កក់​បាន​ច្រើនជាង ៣០០ ០០០ នៅ​គោលដៅ​ជាង​ ២៥០ ០០០ ​កន្លែង​នៅ​ទូទាំង​ពិភពលោក ក្រុមហ៊ុន Tripadvisor ជួយ​មនុស្ស​ឱ្យទទួល​បាន​អ្វីដែល​ល្អ​បំផុត​។​

​លោកស្រី Kate ថ្លែងថា​៖ «​រង្វាន់​ទាំង​នេះ​គឺជា​សក្ខីភាព​មួយ​ចំពោះ​អាជីវកម្ម​ដែល​បាន​ឧទ្ទិស​ដល់​ការធានា​ឱ្យ​សហ​​គម​ន៍ Tripadvisor ទទួលបាន​ការធ្វើ​ដំណើរ​ដែល​គួរឱ្យ​ចងចាំ ហើយ​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នក​គ្រប់គ្នា​ដែល​បាន​ចំណាយ​ពេលវេលា​ដើម្បី​ចែករំលែក​ការវាយតម្លៃ​របស់​ពួកគេ និង​ជួយ​ដល់​ភ្ញៀវ​ផ្សេងទៀត​ឱ្យ​រៀបចំ​ផែនការ ធ្វើដំណើរ​បន្ទាប់​របស់​ពួកគេ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២២ ខែមិថុនា​ថា ការវាយតម្លៃ​ដោយ​ក្រុមហ៊ុន Tripadvisor កំពុង​ឆ្លុះបញ្ចាំង​ពី​ការពិត​ថា​ប្រាសាទអង្គរវត្ត​មាន​ភា​ព​ទាក់ទាញ​។ លោក​ពន្យល់​បន្ថែមថា ប្រាសាទ​នៅ​ខេត្តសៀមរាប​របស់​កម្ពុ​ជា​នៅតែ​ជា​កន្លែង​ដ៏​ទាក់ទាញ​នៅក្នុង​តំបន់ និង​ពិភពលោក ដោយសារ​គោលដៅ​ទេសចរណ៍វប្បធម៌​នេះ​បាន​លាក់ទុក​ប្រវត្តិសាស្ត្រ​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​ក្នុងការ​ស្វែងយល់​អំពី​អរិយធម៌ និង​វប្បធម៌​របស់​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​ក្នុងអំឡុងពេល​សម​​រាត្រី​ថ្ងៃ​រះ​នៅ​ឆ្នាំនេះ​ក្នុង​ខែមីនា យើង​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់នាក់ ទទួល​បានការ​ទស្សនា​ទិដ្ឋភាព​នៅ​ប្រា​សាទ​អង្គរវត្ត ដែលជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ភ្ញៀវទេសចរ​»​។​

​សម​រាត្រី សម​មេត្រី​ (​ថ្ងៃ​រះ​)​ បានកើត​ឡើង​នៅ​ចំ​ពីលើ​កំពូល​ប្រាសាទអង្គរវត្ត កាលពី​ថ្ងៃទី​ ២១ ខែមីនា បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជិត ៩​ ពាន់​នាក់​។ យោងតាម​ក្រសួងទេសចរណ៍​ការមើល​ថ្ងៃ​រះ​ចំ​កណ្តាល​ប្រាសាទអង្គរវត្ត​នៅ​ថ្ងៃទី​ ២០២៣ ខែមីនា ជា​រៀងរាល់ឆ្នាំ​ដែល​មើលឃើញ​ច្បាស់​បំផុត​គឺ​នៅ​ថ្ងៃទី​ ២១ មីនា ជា​ពេលដែល​សម​រាត្រី​កើតឡើង​៕