ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ប្ដេជ្ញា​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ទៅដល់​អ្នកវិនិយោគ​ដែលមាន​សក្ដានុពល​នៅ​ប្រទេស​ជប៉ុន ខណៈ​លោក​បាន​កត់សម្គាល់ថា កម្ពុជា​មាន​កក្តា​អំណោយផល​ជាច្រើន ជាពិសេស​កត្តា​ភូមិសាស្ត្រ និង​កម្លាំង​ពលកម្ម។​

ការបង្ហាញ​ជំហរ​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​លោក ព្រាប កុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួល​ភារកិច្ច​ជួយ​ដល់​កិច្ចការ​វិនិយោគ​បរទេស ទំនាក់ទំនង​អន្តរជាតិ និង​កំណែទម្រង់​អភិបាលកិច្ច និង​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​លោក អ៊ូអិណុ អាត់ស៊ូស៊ី កាលពី​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣។


ជំនួប​នេះ ដើម្បី​សម្ដែង​ការគួរសម សំណេះសំណាល និង​ស្វែងយល់​អំពី​គោលនយោបាយ ពាណិជ្ចកម្ម និង​ការវិនិយោគ​របស់​ប្រទេស​ជប៉ុន​នៅ​កម្ពុជា និង​ដើម្បី​ជម្រាប​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការវិនិយោគ​បរទេស ជាពិសេស​អំពី​ទំនាក់ទំនង​ការទូត​ដ៏ល្អ​រវាង​កម្ពុជា និង​ជប៉ុន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​នោះ។​

ក្នុងឱកាស​នោះដែរ​លោក ព្រាប កុល បាន​ជម្រាបជូន​ពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​បញ្ហា សង្គ្រាម និង​ជម្លោះ​នៅ​បណ្តា​ប្រទេស​មួយចំនួន​ដែល​កម្ពុ​ជាមាន​ទំនាក់ទំនង​ការទូត​ជាមួយ គោលនយោបាយ​ពាណិជ្ជកម្ម តួនាទី​របស់​កម្ពុជា​នៅក្នុង​តំបន់​។ លោក​បន្តថា ក៏ដូចជា​គោលជំហរ​កម្ពុជា​ទៅលើ​គោលនយោបាយ និង​ឥរិយាបថ​របស់​ជប៉ុន​ទៅលើ​បញ្ហា​ជម្លោះ នៅ​ប្រទេស​ផ្សេងៗ​រួមទាំង​ប្រទេស​មីយ៉ាន់ម៉ា នយោបាយ​សន្តិភាព និង​ទស្សនទាន​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​ជប៉ុន។ល។​


ក្នុងជំនួប​នោះដែរ លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី បាន​ថ្លែងអំណរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​គាំទ្រ​គោលនយោបាយ​ការបរទេស​របស់​ជប៉ុន ជាពិសេស​ចំពោះ​ការបង្កើត និង​ថែរក្សា​ទំនាក់ទំនង​ដ៏ល្អ​ជាមួយ​ប្រទេស​ជប៉ុន។​

សេចក្តីប្រកាស​ព័ត៌មាន​បាន​គូសបញ្ជាក់ថា​៖ «​ក្នុង​កិច្ចសន្ទនា​ប្រកបដោយ​ភាពស្និទ្ធស្នាល ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ពេញចិត្ត​ចែករំលែក​ព័ត៌មាន​ដល់ ឯកឧត្តម ព្រាប កុល អំពី​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ជប៉ុន និង​ព័ត៌មាន​អំពី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​អាច​បង្ហាញ​ពី​គម្រោង​ផែនការ​វិនិយោគ​ជប៉ុន និង​អ្នកវិនិយោគ​ជប៉ុន ដែល​ស្វែងរក​ឱកាស​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា»។

បន្ថែម​ពីនេះ​លោក បានកត់សម្គាល់​ថា​កម្ពុ​ជាមាន​កត្តា​ទាក់ទាញ និង​អំណោយផល​ជាច្រើន​សម្រាប់​អ្នកវិនិយោគ​ជប៉ុន ជាពិសេស​កត្តា​ភូមិសាស្ត្រ កត្តា​កម្លាំង​ពលកម្ម (​យុវជន​ពេញកម្លាំង​) និង​ស្ថិរភាព​នយោបាយ​។ ក្រៅពីនេះ លោក​បាន​កោតសរសើរ​ដល់​ឆន្ទៈ និង​គោលនយោបាយ​របស់​កម្ពុជា​ក្នុងការ​ធ្វើកំណែទម្រង់ ដើម្បី​បង្កើនភាព​ងាយស្រួល ភាព​ទាក់ទាញ និង​ការជឿទុកចិត្ត​កាន់តែខ្លាំង​ថែមទៀត​ពី​សំណាក់​អ្នកវិនិយោគ​បរទេស ជាពិសេស​ដល់​ពាណិជ្ជករ និង​អ្នកវិនិយោគ​ជប៉ុន។​

លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី បាន​ថ្លែងអំណរគុណ​ដល់​លោក ព្រាប កុល ដែល​បាន​ចែករំលែក​ព័ត៌មាន និង​ពិភាក្សា​ការងារ​ជុំវិញ​ទំនាក់ទំនង ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល​កាយវិការ​នេះ​បង្ហាញ​ឱ្យឃើញ​នូវការ​រាប់អាន​ជ្រាលជ្រៅ ការយក​ចិត្តទុកដាក់ និង កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ល្អ និង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង ២ ក៏ដូចជា​ការបង្កើត​នូវ​បរិយាកាស​កាន់តែ​អំណោយផល​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា និង​ជប៉ុន។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ឱ្យដឹងថា៖ «​ឯកឧត្តម អ៊ូ​អិ​ណុ អាត់ស៊ូស៊ី បាន​ប្ដេជ្ញា​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រីករាយ​ធ្វើការ​ជាមួយ​ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ផ្សព្វផ្សាយ​អំពី​កម្ពុជា​ទៅដល់​អ្នកវិនិយោគ​ដែល​មាន​សក្ដានុពល​នៅ​ប្រទេស​ជប៉ុន»៕​