រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​សម្រេច​បង្កើត​និង​បំពេញបន្ថែម​អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល ឱ្យ​ស្ថិត​នៅក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធានា​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាព​នៃ​ការដឹកនាំ គ្រប់គ្រង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា។​

ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី ២២ ខែ​មិថុនា ឆ្នាំ ២០២៣ បាន​ឱ្យដឹង​ថា អនុក្រឹត្យ​នេះ មាន ៣ ជំពូក និង ១០ មាត្រា ដែល​បានចែង​ពី បេសកកម្ម តួនាទី ភារកិច្ច និង​រចនាសម្ព័ន្ធ។​

អនុក្រឹត្យ​គូសបញ្ជាក់ថា​៖ «​អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល បំពេញ​មុខងារ​ជា​សេនាធិការ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើ​បេសកកម្ម​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ដោយ​ឈរលើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ​និង​សមធម៌​សង្គម អនុលោម​តាម​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល»។​

អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល មាន​តួនាទី និង​ភារកិច្ច​ដូចជា ចូលរួម​រៀបចំ​និង​អនុវត្ត​គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ គម្រោង កម្មវិធី និង​ផែនការ​សកម្មភាព ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល​និង​ចូលរួម​រៀបចំ​និង​អនុវត្ត​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល។


រៀបចំ​និង​អនុវត្ត​គោលការណ៍​ណែនាំ​ឬ​បទដ្ឋាន​បច្ចេកទេស​នានា​សំដៅ​គាំទ្រ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថល និង​ចូលរួម​ស្រាវជ្រាវ វិភាគ តាមដាន និង​វាយតម្លៃ​ការវិវឌ្ឍ​និង​និន្នាការ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​បរិការណ៍​តំបន់​និង​សកល។ ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដែល​គាំទ្រ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍​ថ្នាល​ឌីជីថល​គ្រឹះ​និង​ថ្នាល​សេដ្ឋកិច្ច​ឌីជីថល ជា​គុណប្រយោជន៍​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល។​

ប្រភព​ដដែល​បន្តថា អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល ត្រូវ​ចូលរួម​រៀបចំ​កិច្ចសន្យា​និង/ឬ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​បរិការណ៍​ជាតិ តំបន់ និង​សកល ចូលរួម​រៀបចំ​សេចក្តី​ព្រាងច្បាប់​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ច្បាប់​ហិរញ្ញវត្ថុ​កែតម្រូវ និង​ច្បាប់​ទូទាត់​ថវិកា​។ កសាង​ភាពជា​ដៃគូ ព្រមទាំង​ធ្វើ​កិច្ចសហការ​និង​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល ក្នុង​បរិការណ៍​ជាតិ តំបន់ និង​សកល និង​ជាមួយនឹង​អង្គការ​អន្តរជាតិ​និង/ឬ​ដៃគូ​អភិវឌ្ឍ​។ ត្រូវ​រៀបចំ​និង​លើកកម្ពស់​ការអប់រំ ការបណ្ដុះបណ្តាល និង​ការផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល និង​រៀបចំ​របាយការណ៍​វឌ្ឍនភាព​ការងារ​និង​សមិទ្ធកម្ម​របស់​អគ្គនាយកដ្ឋាន​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ បំពេញ​តួនាទី​និង​ភារកិច្ច​ផ្សេងទៀត​តាមការ​ប្រគល់ជូន​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល មាន​នាយកដ្ឋាន​ក្រោម​ឱវាទ​ចំនួន ៣ រួមមាន នាយកដ្ឋាន​កិច្ចការ​ទូទៅ នាយកដ្ឋាន​ហេដ្ឋា​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល និង​នាយកដ្ឋាន​កម្មវិធី​សេដ្ឋកិច្ច​ឌីជីថល។

ពាក់ព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​នេះដែរ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅក្នុង​កម្មវិធី សំណេះសំណាល​ជាមួយ​សិស្ស-និស្សិត ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃទី ២២ ខែ ​មិថុនា បាន​លើក​ឡើង​អំពី​ការអភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ឌីជីថល ការជំរុញ​ចាប់យក​ឌីជីថល និង​ការបង្កើត​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​ឌីជីថល​ផងដែរ។ លោក​ក៏បាន​លើកឡើង​អំពី​វឌ្ឍនភាព​ការងារ​របស់​ក្រសួង​ប្រៃសណីយ៍ ដែល​បានធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ការងារ​មានភាព​ងាយស្រួល និង​ឆាប់រហ័ស និង​ដាក់ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការជំរុញ​ប្រសិទ្ធភាព​ការងារ៕