រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បានផ្ដល់​អនុសាសន៍​ឱ្យ​អង្គសន្និបាត​ក្រសួងទេស​ចរណ៍​លើក​សំណើ​គោរព​ជូន​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ទុកអាកាសយានដ្ឋាន​អន្តរជាតិ​ចាស់​នៅខេត្ត​សៀមរាប សម្រាប់​ធ្វើ​ជាសាល​សន្និសីទ និងពិព័រណ៍​អន្តរជាតិ ដែលរួមចំណែក​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ។

លោកបាន​លើកឡើង​បែបនេះ នៅក្នុងពិធី​បិទសន្និបាត​បូកសរុប​ការងារ​ទេស​ចរណ៍ ការបូក​សរុប​ផែនការស្តារ និងលើក​ស្ទួយ​វិស័យទេស​ចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺកូវីដ១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅ​អនុវត្ត​បន្ត ឆ្នាំ២០២៣-២០២៤។ សន្និបាត​នេះ​ធ្វើ​ឡើង​រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់​សុខា​ភ្នំពេញ។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់​ក្រសួងទេសចរណ៍។


នាឱកាស​នោះ​លោក ថោង ខុន បានផ្ដល់​អនុសាសន៍​ឱ្យ​អង្គសន្និបាត​ក្រសួង​ទេសចរណ៍លើក​សំណើ​គោរព​ជូន​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ទុក​អាកាសយានដ្ឋាន​អន្តរជាតិ​ចាស់​នៅខេត្ត​សៀមរាប ធ្វើជា​សាលសន្និសីទ និងពិព័រណ៍​អន្តរជាតិ ក្រោយ​ពេលអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-អង្គរ​ដាក់ឱ្យ​ដំណើរ​ជាផ្លូវការ។

លោកក៏បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អង្គសន្និបាត​ក្រសួង​ទេសចរណ៍​លើក​សំណើ​គោរព​ជូនប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​លទ្ធភាព​សាងសង់​ពហុកីឡដ្ឋាន​មួយ​នៅទីតាំង​ក្បែរ​នោះ ឬទីតាំង​សមស្រប​ណាមួយ ដើម្បី​បង្កើន​ផលិតផល​ទេសចរណ៍ រៀបចំ​ព្រឹត្តិការណ៍ទេស​ចរណ៍ រួមចំណែក​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​ទៅកាន់​ខេត្ត​សៀមរាប។


បើតាមការ​គ្រោងទុក នា​ខែតុលា ឆ្នាំ២០២៣​ខាងមុខ​នេះ អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ​នឹងត្រូវ​បើកដំណើរ​ការជាផ្លូវ​ហើយ។ អាកាសយានដ្ឋាន​ថ្មី​នេះ​បានចាប់​ផ្តើមសាងសង់​កាលពី​ខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd ហៅ​កាត់ AIAI ក្រោម​ទុន​វិនិយោគ​ប្រមាណ ៨៨០ លានដុល្លារ។ អាកាសយានដ្ឋាន​អន្តរជាតិ​នេះ​លាតសន្ធឹង​លើផ្ទៃ​ដី​ប្រមាណ ៧០០ ហិកតា ស្ថិតនៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ដែលមាន​ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ​ពីទី​ប្រជុំ​ជនក្រុង​សៀមរាប និងចម្ងាយ ៤០ គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​បេតិកភណ្ឌ​អង្គរ៕