អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមពេលបច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១០ បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្តែកម្ពុជាទទួលបានមកវិញ គឺកំណើនសេដ្ឋកិច្ចជារួម តាមរយៈកំណើនវិនិយោគ និងកំណើនទីផ្សារនាំចេញទំនិញទៅក្រៅប្រទេសជាដើម។
បើតាមអគ្គនាយកដ្ឋានគយ ការបាត់បង់ចំណូលពន្ធប្រមាណជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំនេះ ដោយសារតែ ការអនុវត្តកិច្ចព្រមព្រៀងសេរី ទ្វេភាគី ឬពហុភាគី ត្រូវបានការរួចរបាំងពន្ធភាគច្រើន ទៅមុខទំនិញដែលកិច្ចព្រមព្រៀងនៃបណ្តាប្រទេសហត្ថលេខីបានកំណត់។ ដូចនេះ នៅពេលដែលមានការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជានាំចេញទៅប្រទេសដៃគូ ត្រូវរួចពន្ធ ហើយប្រទេសដៃគូនាំចូលមកកម្ពុជាវិញ ក៏ត្រូវរួចពន្ធវិញដូចគ្នា។ ហេតុនេះហើយ ទើបក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងខិតខំជំរុញការផលិត និងកែច្នៃនាំចេញឱ្យបានច្រើនជាងនាំចូល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១០ រួមមាន (១) កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA), (២) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA), (៣) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA), (៤) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន -ឥណ្ឌា (AIFTA), (៥) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA), (៦) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន (AJCEP), (៧) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), (៨) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA), (៩) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និង (១០) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។
លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ សម្រាប់វិស័យឯកជន” នៅសាលាជាតិគយ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា៖«កម្ពុជាក៏បានបញ្ចប់ការចរចាជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងទៀតផងដែរ។
លោកបានបញ្ជាក់ថា៖«កន្លងមកការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះបានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយដែលរំពឹងថានឹងកើនឡើងជាបន្តបន្ទាប់ថែមទៀតនាពេលអនាគត»។
ទោះជាយ៉ាងណាក៏ដោយ លោកអះអាងថា អ្វីដែលកម្ពុជាទទួលបានមកវិញ គឺកំណើនសេដ្ឋកិច្ចជារួម តាមរយៈកំណើនវិនិយោគនិងផលិតកម្មក្នុងស្រុក និងកំណើនទីផ្សារនាំចេញទំនិញទៅក្រៅប្រទេស ជាដើម ៕