ភ្នំពេញៈ កម្ពុជា​បញ្ចេញ​លក់​ជ័រកៅស៊ូ​ជាង ១០,៧​ ម៉ឺន​តោន​ ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈ​​ពេល ៥ ខែ​ដំបូង ឆ្នាំ​ ២០២៣ កើន​ជិត ៣​ ភាគរយ​ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ទឹកប្រាក់​ប្រមូលបាន​ធ្លាក់ចុះ​ ១៦ ​ភាគរយ​។ នេះ​បើ​យោង​តាម​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ទិន្នន័យ​ឱ្យដឹងថា ពី​ខែមករា​ដល់​ខែឧសភា ឆ្នាំ​ ២០២៣ ការ​នាំចេញ​ជ័រកៅស៊ូ​សម្រេចបាន ១០៧ ៩៣៨​ តោន កើនឡើង ២,៥៥ ​ភាគរយ ពី​ចំនួន ១០៥ ២៤៨​ តោន បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​នៅក្នុង​រយៈ​ពេល ៥ ​ខែ ដើមឆ្នាំ​ ២០២៣ គឺ ១ ៣៥១​ ដុល្លារ ក្នុង ១​ តោន ថយចុះ ២៥២​ ដុល្លារ ឬ​ស្មើនឹង ១៦​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ទឹកប្រាក់​ដែល​កម្ពុជា​ប្រមូលបាន​ពី​ការ​នាំចេញ​ជ័រកៅស៊ូ គឺ​ប្រមាណ ១៤៥,៨៤​ លាន​ដុល្លារ​។​


​ក្រៅពី​ការនាំចេញ​ជ័រកៅស៊ូ កម្ពុជា​ក៏បាន​បញ្ចេញ​លក់​ឈើ​កៅស៊ូ​ប្រមាណ ៥ ២៤៣ ​ម៉ែត្រ​គុប ដែលមាន​ទឹកប្រាក់ ៧០៧ ០៧៣ ​ដុល្លារ​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ហ៊ឹម អូន បានឱ្យ ​ភ្នំពេញ ​ប៉ុស្តិ៍ ដឹង​នៅ​ថ្ងៃទី​ ២៥ ខែ​មិថុនា ថា បរិមាណ​ជ័រកៅស៊ូ​នាំទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ​នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន ប៉ុន្តែ​ចំនួន​ប្រាក់​ដែល​ប្រមូលបាន គឺ​មិន​កើន​ឡើយ ព្រោះ​តម្លៃ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ ខណៈ​ជ័រកៅស៊ូ​កម្ពុជា​តែងតែ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​ការនាំចេញ​។ លោក​បន្តថា មូលហេតុ​ដែល​តម្លៃ​ជ័រកៅស៊ូ​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ គឺ​ដោយសារ​កំណើនសេដ្ឋកិច្ច​ពិភពលោក​មិន​រឹងមាំ ដែល​បណ្តាលមកពី​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ចិន​អាមេរិក និង​សង្គ្រាម​រវាង​ប្រ​ទេស​រុស្សី​-​អ៊ុយ​ក្រែ​ន​។​


​លោក​ប្រាប់ថា​៖ «​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​គឺអាច​មកពី​កម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​ខាងក្រៅ ស្របពេល​តម្រូវការ​កៅស៊ូ​អន្តរជាតិ​ធ្លាក់ចុះ​»​។​

​លោក​ប្រាប់ទៀតថា តម្រូវការ​ជ័រកៅស៊ូ​ក្នុងប្រទេស​កម្ពុជា​នឹង​អាច​កើនឡើង​នាពេលខាងមុខ ព្រោះ​បច្ចុប្បន្ន​ចំនួន​រោងចក្រ​ផលិត​កង់​រថយន្ត និង​ដំឡើងរថយន្ត​នៅ​កម្ពុជា​ក៏​កើនឡើង​ផងដែរ​។​

​លោក​អះអាងថា​៖ «​ខ្ញុំ​សង្ឃឹមថា នៅពេល​រោងចក្រ​ផលិត​កង់​​រថយន្ត​មានដំណើរ​ការ​ពេញ​លេញ ទីផ្សារ​ជ័រកៅស៊ូ​ក្នុងស្រុក​នឹង​កើនឡើង​ក្នុង​ទំហំ​ធំ ហើយ​តម្លៃ​ក៏​ល្អ​ដែរ ដោយ​នឹងមាន​ការប្រកួតប្រជែង​រវាង​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​»​។​

​យោងតាម​លោក ហ៊ឹម អូន ជ័រកៅស៊ូ​កម្ពុជា​ភាគច្រើន​ត្រូវបាន​នាំទៅ​ប្រទេស​វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហ​បុរី ជប៉ុន និង​សហគម​អឺ​រុ​ប ផងដែរ​។​

​បច្ចុប្បន្ន​ចំនួន​ក្រុមហ៊ុន​វិ​និ​យោគ​លើ​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​នៅ​កម្ពុជា​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​រោងចក្រ​ផលិត​សម្បក​កង់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​​ស្វាយរៀង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​។ បន្ថែម​ពីលើ​នេះ​ចុង​សប្តាហ៍​មុន ​(​ថ្ងៃទី​ ២៣ ខែមិថុនា​) ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ក៏​ទើបបាន​អនុម័ត​ឱ្យ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្បក​​កង់​យានយន្ត​របស់​ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី​អ៊ី ស្នួល ខេត្តក្រចេះ ក្រោម​ទុន​​វិនិយោគ​ ១៣៨​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា ការវិនិយោគ​លើ​ការ​ដាំ​កៅស៊ូ​នៅ​កម្ពុជា បានកើត​មាន​ជា​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ការវិនិយោគ​ធំៗ លើ​រោងចក្រ​ផលិត​កែច្នៃ ឬ​ផលិត​កង់​កៅស៊ូ គឺ​ទើបតែ​កើតមាន​នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​។ បើ​កម្ពុ​ជាមាន​រោង​ចក្រ​កែច្នៃ​/​ផលិត​កង់​យានយន្ត​កាន់តែច្រើន គឺ​វា​នឹង​ជួយ​កាត់​បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចេញ ពិសេស​អាចជួយ​ឱ្យបាន​តម្លៃ​ខ្ពស់ជាង​មុន​។​

​លោក​ប្រាប់ថា​៖ «​ដោយសារ​ជ័រកៅស៊ូ​កម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​តម្លៃ​វា​ក៏​ប្រែប្រួល​តាម​តម្រូវការ​ទីផ្សារ​អន្តរជាតិ​ដែរ​»​។​

​កាលពី​ឆ្នាំ ​២០២២ កម្ពុជា​នាំ​ចេញ​ជ័រកៅស៊ូ ៣៧២ ៩០០ ​តោន កើនឡើង ៦ ៦០០​ តោន ស្មើនឹង ២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២១ និង​លក់​ឈើ​កៅស៊ូ បាន ១ ៥០០ ​ម៉ែត្រគុប កើន ២៦ ​ម៉ែត្រគុប ស្មើ ១​ ភាគរយ​។ ចំណែក​ប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​ជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩​ ដុល្លារ និង​ឈើ​កៅស៊ូ ៤ ០៨៩ ២៧៣​ ដុល្លារ​។ នេះ​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕