​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ជា​បញ្ហា​ចម្បង​មួយ ក្នុងចំណោម​បញ្ហា​ចម្បង​ដទៃទៀត ដែល​យើង​ជួបប្រទះ ព្រមទាំង​ត្រូវការ​ដោះស្រាយ និង​សម្រេច​ចិត្តជា​រៀងរាល់​ថ្ងៃ​។ មនុស្ស​ភាគច្រើន​គិតថា រាល់​ការ​វិនិយោគ​ទាំងអស់ សុទ្ធ​តែមាន​ហា​និ​ភ័យ​ខ្ពស់ ប៉ុន្តែ​ជាក់ស្ដែង តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដឹងថា ហានិភ័យ​ជា​រឿង​មួយ​ដែល​យើង​អាច​កាត់បន្ថយ​បាន​? ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិនិយោគ វិនិយោគិន​គួរតែ​ចេះ​ធ្វើ​ពិពិធ​កម្ម​ការ​វិនិយោគ​របស់ខ្លួន​។​

តើ​អ្វី​ទៅ​គឺជា​ការធ្វើ​ពិពិធ​កម្ម​?


​ការធ្វើ​ពិពិធ​កម្ម គឺជា​ការបែងចែក​ការវិនិយោគ ឬ​ការបែងចែក​សាច់ប្រាក់រ​បស់​យើង​ទៅលើ​ការវិនិយោគ​ផ្សេងៗ​គ្នា ដើម្បី​បង្កើន​ប្រាក់ចំណូល​ជា​អតិបរមា និង​ការពារ​ហានិភ័យ​។


​ឧទាហរណ៍​៖ វិនិយោគិន​មាន​សាច់​ប្រាក់​ដែល​សល់​ពី​ចំណាយ​ចាំបាច់ ឬ Discretionary Income គួរ​បែងចែក​ការវិនិយោគ​លើ​អចល​ទ្រព្យ​ខ្លះ និង​ខ្លះ ទៀត​លើ​ផលិតផល​វិនិយោគ​ផ្សេងទៀត ដែលមាន​ការធ្វើ​និយតកម្ម​ច្បាស់លាស់​។​

​ចំពោះ​ការវិនិយោគ​លើ​ភាគហ៊ុន វិ​និ​យោគិន​មិនគួរ​ដាក់​ប្រាក់​វិនិយោគ​របស់​ខ្លួន​ទាំងអស់​ទៅលើ​តែ​ភាគហ៊ុន​តែ​១​ប្រភេទ​នោះទេ ពោលគឺ​ត្រូវ​ចេះ​វិនិយោគ​លើ​ភាគហ៊ុន ដែល​ស្ថិតក្នុង​វិស័យ​ផ្សេងៗ​គ្នា ឬ​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​បោះ​ផ្សាយ​ដែលមាន​ទំហំ​មូលធន​នូ​ប​នីយកម្ម​ទីផ្សារ​ខុសៗ​គ្នា ពីព្រោះ​ក្រុមហ៊ុន​តូច និង​ក្រុមហ៊ុន​ធំ​មាន​កម្រិត​ហានិភ័យ និង​ផលចំណេញ​ខុសគ្នា​។

​នៅពេលដែល​ក្រុមហ៊ុន​បោះផ្សាយ​ ២ ​ស្ថិតក្នុង​វិស័យ​តែ ​១, ស្រដៀង​គ្នា ឬ​មាន​ទំនាក់ទំនង​វិជ្ជមាន​ជាមួយគ្នា ភាគហ៊ុន​ក្រុមហ៊ុន​ទាំង ​២ នឹង​ឡើងថ្លៃ ឬ​ធ្លាក់​ថ្លៃ​នៅក្នុងពេល​តែមួយ​។ ដូច​មាន​សុភា​សិត​មួយ​លើកឡើងថា «​កុំ​ដាក់​ពងមាន់​ទាំងអស់​ចូលទៅក្នុង​កញ្ច្រែង​តែមួយ​» ​ដើម្បី​កាត់បន្ថយ​ហានិភ័យ ឬ​ជួយ​ទប់​ទល់​ការខាតបង់​ពី​ការវិនិយោគ ឬ​ការ​ខាតបង់​ទាំងស្រុង វិនិយោគិន​គួរ​ធ្វើ ពិពិធ​កម្ម​ការវិនិយោគ មានន័យថា នៅពេល​ថ្លៃ​ភាគហ៊ុន ១​ធ្លាក់ចុះ ភាគ​ហ៊ុន​ផ្សេងទៀត​អាច​នឹង​កើនឡើង ដូច្នេះ​វិនិយោគិន​នៅតែ​អាច​ទទួលបាន​ប្រាក់​ចំណេញ ឬក៏​មិនមាន​ការខាតបង់​ច្រើន​ឬក៏​មិន​ធ្លាក់​ក្នុងស្ថានភាព​ដែល​ពិបាក​ក្នុងការ​ស្រោចស្រង់​វិញ​បាន​។​

​ឧទាហរណ៍​៖ កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺ​ស្ថិតនៅក្នុង​វិស័យ​តែមួយ ដែលជា​ហេតុ​ធ្វើឱ្យ​ថ្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​បោះផ្សាយ​ទាំង​ ២ ​ប្រែប្រួល​ក្នុងទិសដៅ​ស្របគ្នា​។ ផ្ទុយទៅវិញ ការវិនិយោគ​ទៅលើ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ធនាគារ អេស៊ីលីដា ភី​អិ​ល​ស៊ី​គឺ​ស្ថិតនៅក្នុង​វិស័យ ២​ ផ្សេងគ្នា ក្នុងករណីនេះ វិនិយោគិន​អាច​ទទួល​​បាន​អត្ថប្រយោជន៍​ពេញលេញ​ពី​ការ​បែងចែក​ទុន​ក្នុងការ​វិនិយោគ​។​

​ជាមួយគ្នានេះដែរ វិនិយោគិន​មិនគួរ​វិនិយោគ​លើ​ភាគហ៊ុន​ច្រើន​ប្រភេទ​ពេក​ទេ ព្រោះ​វា​នឹង​ធ្វើឱ្យ​ចំណាយពេល​ច្រើន​ទៅលើ​ការវិភាគ​ក្រុមហ៊ុន​នីមួយៗ មុន​សម្រេចចិត្ត​វិនិយោគ​។

​អត្ថប្រយោជន៍​នៃ​ការធ្វើ​ពិពិធ​កម្ម​

​បង្កើន​ប្រាក់ចំណូល​ជា​អតិបរមា និង​ការពារ​ហានិភ័យ ដែល​អាច​រង​ផល ប៉ះ​ពាល់​នៃ​ការប្រែប្រួល​ទីផ្សារ​។​ស្វែងរក​អត្ថប្រយោជន៍​នៃ​ឧបករណ៍​វិនិយោគ​ផ្សេងៗ​។​សម្រេច​ផែនការ​វិនិយោគ​រយៈពេល វែង​។​រក្សា​ដើមទុន​ឱ្យមាន​សុវត្ថិភាព​។​

​ម្យ៉ាងវិញទៀត វិនិយោគិន​ក៏ត្រូវ​ចេះ​វិភាគ​លើ​ក្រុមហ៊ុន​បោះផ្សាយ​ដោយ​ផ្អែកលើ​គុណភាព​នៃ​ប្រភេទ​អាជីវកម្ម​របស់​ក្រុមហ៊ុន តម្រូវការ​ក្នុង​ទីផ្សារ ផលិតផល​សក្តានុពល និង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន ក៏ដូចជា​ថ្លៃ​ទីផ្សារ​, ស​ន្ទ​​នី​យ​ភាព និង​ការបែងចែក​ភាគលាភ​ទៀងទាត់​ប្រចាំឆ្នាំ ហើយ​ចំនួន​ភាគលាភ​ដែលមាន​ការកើនឡើង​ជា​ប្រចាំ​៕

​យោង​៖ ដកស្រង់​ពី​គេហទំព័រ​

https://www.investopedia.com/investing/diversify-your-portfolio-beyond-stocks/

រៀបចំ​ដោយ​៖​និយតករ​មូល​ប​ត្រ​កម្ពុជា​

​នាយកដ្ឋាន​ស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ និង​ទំនាក់​ទំនង​អន្តរជាតិ​

​អ៊ីមែ​ល​៖ edu@serc.gov.kh​ ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១