ភ្នំពេញៈ រដ្ឋសភា​បានអនុម័ត​លើ​ការសាងសង់​គម្រោង​អភិ​វឌ្ឍន៍​ថាមពល​អគ្គិសនី​ចំនួន ​៦​ ដែល​នឹងមាន​អានុភាព​ផលិត​ថាមពល​បាន​ប្រមាណ ៦៧០ ​មេ​ហ្កា​វ៉ា​ត់​ ដើម្បី​រួមចំណែក​ដល់​ការរក្សាបាន​នូវ​ស្ថិរភាព​ផ្គត់ផ្គង់ និង​កាត់​បន្ថយថ្លៃ​ថាមពល​នាពេលខាងមុខ​។​

​ការអនុម័ត​លើ​គម្រោង​ថា​ម​ពល​អគ្គិសនី​ទាំង​ ៦ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី ​២៣ ខែ​មិថុនា នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​ ៩ នីតិកាល​ទី​ ៦​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ស្តីពី​លទ្ធផល​កិច្ចប្រជុំ​លើ​គម្រោង​ទាំង​ ៦ ​នោះ រួមមាន ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រដ្ឋា​ភិ​បាល​ឱ្យ​ក្រុមហ៊ុន ខ្មែរ អេ​ឡិ​ក​ទ្រី​ខ​ល​, ក្រុមហ៊ុន ឡាក់​ឃី សូ​ឡា ផៅ​វ័រ ឯ​.​ក​, ក្រុមហ៊ុន ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី​, និង​ក្រុម​ហ៊ុន ស្ទឹង​មេទឹក​ហាយ ដ្រូផៅ​វ័រ​។​

​រដ្ឋសភា​បានលើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​គម្រោង​អភិវឌ្ឍន៍​ថាមពល​អគ្គិសនី​នៃ​សេចក្តីព្រាងច្បាប់​ទាំង ៦ ​នេះ បានផ្តល់​គុណប្រយោជន៍​យ៉ាង​ធំធេង​ក្នុងការ​រួមចំណែក​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​អភិ​​វឌ្ឍន៍​សេដ្ឋកិច្ចជាតិ​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​មិនតែប៉ុណ្ណោះ​គម្រោង​អភិវឌ្ឍន៍​ថាមពល​អគ្គិ​ស​នី​នេះ ក៏​ផ្តល់​គុណប្រយោជន៍​ផ្សេងទៀត​ផងដែរ ដូចជា​ការទទួលបាន​អគ្គិ​ស​នី​ពី​ប្រភព​ថាមពល​ស្អាត កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ ដែល​បញ្ចេញ​ឧស្ម័ន​កាបូន និង​ធានា​រក្សាបាន​បរិស្ថាន​ល្អ ធនធានធម្មជាតិ និង​ការប្រែប្រួល​អា​កាស​ធាតុ​»​។​


​រដ្ឋសភា​បាន​បញ្ជាក់ថា មាន​ប្រភព​ថាមពល​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​គ្រប់​គ្រាន់ មាន​ស្ថិរភាព និង​ធានា​សន្តិសុខ​ថាមពល​។ មាន​បណ្តាញ​ផ្គត់ផ្គង់​អគ្គិ​ស​នី​គ្របដណ្តប់​ទូទាំងប្រទេស​។ ធានាបាន​ទាំង​អត្រា​ថ្លៃ​សមរម្យ គុណភាព ចី​រ​ភាព និង​សុវត្ថិភាព​នៃ​ប្រភព​អគ្គិសនី​។ នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី ផ្តល់​ការងារ​ជូន​ពលរដ្ឋ ទាំង​នៅក្នុងពេល​សាងសង់ និង​ដំណើរការ​។ ចំណូល​ពន្ធ​ចូល​ថវិការដ្ឋ និង​មិនមែន​សារពើពន្ធ​ដទៃទៀត​។​

​លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើងថា ការធានាបាន​នូវ​សន្តិសុខ​ថាមពល និង​ការផលិត​បាន​ថាមពល​ពី​ប្រភព​ផ្សេងៗ​ គឺ​ពិតជា​ចូលរួមចំណែក​សំខាន់​ណាស់​សម្រាប់​វិស័យ​ផលិតកម្ម​កម្ពុជា ដែល​នឹង​ធ្វើឱ្យ​ថ្លៃដើម​ផលិតកម្ម​ធ្លាក់ចុះ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​តំបន់ និង​សកលលោក​។​

​លោក​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា រដ្ឋាភិបាល​បាន​ខិតខំ​កៀរគរ​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក ដើម្បី​វិនិយោគ​លើ​ការអភិវឌ្ឍ​ថាមពល​អគ្គិសនី​នៅក្នុង​គោលបំណង​ដើម្បី​បង្កើន​ប្រភព​នៃ​ការ​ផ្គត់ផ្គង់ និង​ធ្វើឱ្យ​ថាមពល​របស់​យើង​មានតម្លៃ​កាន់តែ​ទាប​ដែល​នឹង​ជួយ​កាត់​បន្ថយ​ថ្លៃដើម​ផលិត ព្រមទាំង​អនុញ្ញាតឱ្យ​យើង​កាន់​តែមាន​ភាព​ប្រកួតប្រជែង​។ យើង​ស្វាគមន៍​ចំពោះ​ការអភិវឌ្ឍ​វិស័យ​ថាមពល​ឱ្យ​កាន់តែច្រើន​ថែមទៀត​»​។​

​កាលពី​ខែមីនា អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) បាន​បង្ហាញថា អតិថិជន​មកពី​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ខ្នាត​មធ្យម និង​ធំ​ផ្លូវការ​ចំនួន ២១ ៨៩៥ បាន​ប្រើ​អគ្គិសនី​ចំនួន ៥ ២៣៦,៤៦​ ជី​​ហ្កា​វ៉ា​ត់​ម៉ោង ​(GWh) កាលពី​ឆ្នាំមុន ឬ ៣៧,៦០​ ភាគរយ​នៃ​ចំនួន​សរុប​ទូទាំងប្រទេស ១៣ ៩២៨,៣៥ GWh​។​

​ស្ថិតិ​របស់ EAC បង្ហាញថា ថាមពល​ជាង ៣ ៤៦៤MW ឬ ៧៧,១ ​ភាគរយ​នៃ​ថាមពល​ដែល​បាន​ដំឡើង​នៅ​ចុងឆ្នាំ ២០២២ បានមកពី​ប្រភព​ក្នុងស្រុក​។ ដូចគ្នានេះដែរ​អគ្គិសនី​កម្ពុជា បញ្ជាក់ថា ថាមពល​អគ្គិសនី​ជាង ១ ០០០​ មេ​ហ្កា​​វ៉ា​ត់ ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម ថៃ និង​ឡាវ កាលពី​ឆ្នាំមុន​៕