ភ្នំពេញៈ ក្រុមហ៊ុន Newbustar (Cambodia) Tire Co.,Ltd ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន បាន​វិនិយោគ​ប្រាក់ ៣៨​ លាន​ដុល្លារ​លើ​ការ​បង្កើត​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នៅក្នុង​ខេត្តក្រចេះ ដើម្បី​ចាប់យក​ឧស្សាហកម្ម​ដ៏​មាន​សក្តានុពល​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ការវិនិយោគ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា (CDC)​ កាលពី​ថ្ងៃ​ ២៣ ខែមិថុនា បានចេញ​វិ​ញ្ញាប​ន​ប​ត្រ​វិនិយោគ​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ​។ CDC បាន​បញ្ជាក់ថា ការវិនិយោគ​នេះ​មាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ដែលមាន​ទុនវិនិយោគ ១៣៨ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ប្រមាណ ៩៧៥ ​កន្លែង​។​


​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ការវិនិយោគ​នេះ​បាន​ធ្វើឡើង​តាម​សក្តានុពល​របស់​ប្រទេស​កម្ពុជា ក្នុង​ការដាំដុះ​កៅស៊ូ​ដែល​អាច​ផ្គត់ផ្គង់​ដល់​រោងចក្រ​នៅពេល​ពួកគេ​ចាប់​ផ្តើម​ដំណើរការ​។

លោក​បន្តថា ឧស្សាហកម្ម​ផលិត​សម្បក​កង់​រថយន្ត​ក្លាយជា​ឧស្សាហកម្ម​ថ្មី​មួយ​នៅ​កម្ពុជា ព្រោះ​វា​នឹង​នាំយក​អ្នកជំនាញ និង​បច្ចេកវិទ្យា​បរទេស​មកកាន់​កម្ពុជា​។​


​លោក​ថ្លែងថា​៖ «​យើង​មើលឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​លំហូរ​នៃ​ការ​​វិនិយោគ​ត្រូវបានធ្វើ​ពិពិធ​កម្ម​ពី​ឧស្សាហកម្ម​តាមបែប​ប្រពៃណី ដូចជា កាត់ដេរ ទៅ​វិស័យ​មិន​មែន​កាត់ដេរ ដូចជា​ឧស្សាហ​កម្ម​ផលិត​សម្បក​កង់​រថយន្ត និង​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ទៀត​។ ការណ៍​នេះ​នឹងមិន​ត្រឹមតែ​ផ្តល់​តម្លៃបន្ថែម​ដល់​សេដ្ឋ​កិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​ជំនាញ​ពលកម្ម​ក្នុងស្រុក​របស់​យើង​ទៅក្នុង​ឧស្សា​​ហ​កម្ម​ថ្មី​នេះ​ផងដែរ​»​។​

​លោក​បញ្ជាក់ថា ចាប់តាំងពី​កម្ពុជា​អនុវត្ត​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ទ្វេភាគី និង​ពហុ​ភាគី​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​ក្នុង​តំបន់ និង​ពិភពលោក​ការណ៍​នេះ​ផ្តល់នូវ​ចំណាប់​អា​​រ​ម្មណ៍​កាន់តែច្រើន​សម្រាប់​ការ​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​។​

​លោក​បន្តថា​៖ «​វិនិយោគិន​មើលឃើញ​កំណើន​សក្តា​នុ​ពល​សម្រាប់​ការវិនិយោគ​របស់​ពួកគេ​នៅ​ប្រទេស​យើង ខណៈដែល​យើង​កំពុង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ ទៀត ពិសេស​ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ចិន និង​ក្នុងចំណោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន​ក្នុង​តំបន់​»​។​

​លោក ម៉ែន សុភ័ក្ត្រ នាយក​ក្រុមហ៊ុន​ដាំ​ដុះ និង​នាំចេញ​ជ័រកៅស៊ូ Sopheak Nika Investment Agro Industrial Plants Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ខែមីនា​ថា រោងចក្រ​ផលិត​សម្បក​កង់​រថ​​យន្ត​ដែលមាន​ប្រភព​កៅស៊ូ​ក្នុងស្រុក​នឹង​ជំរុញ​ឧស្សាហកម្ម​នៅ​កម្ពុជា ដោយ​លោក​បាន​ចង្អុល​បង្ហាញ ថា កម្ពុជា​កំពុង​ក្លាយជា​ប្រទេស​នាំចេញ​ឈានមុខ​គេ​។​

​លោក​និយាយថា​៖ «​តំណាង​រោងចក្រ​មួយចំនួន​បាន​ទាក់​​ទង​ខ្ញុំ​។ យើង​នឹង​តាមដាន​មើល​អ្វី​ជា​លក្ខខណ្ឌ​តម្រូវ និង​ស្តង់​ដា​របស់​ពួកគេ​ក្នុងការ​ផ្គត់ផ្គង់​ដល់​រោងចក្រ​ទាំងនោះ​»​។​

​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន ១០៧ ៩៣៨ តោន ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ ​២០២៣ កើន ២ ៦៩០​ តោន ឬ ២,៦​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ការនាំចេញ​មានតម្លៃ​ជិត ១៤៦ ​លាន​ដុល្លារ ធ្លាក់ចុះ ​១៦ ​ភាគរយ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ ដែល​ស្ថិតក្រោម​ក្រសួងកសិកម្ម​។​

​ជាមួយគ្នានេះ បើ​យោងតាម GDR កម្ពុជា​ក៏​នាំចេញ​ឈើ​កៅ​ស៊ូ​ចំនួន ៥ ២៤៣ ​ម៉ែត្រគុប​ក្នុងអំឡុង​ខែមករា ដល់​ខែឧសភា ឆ្នាំ​ ២០២៣ ដែលមាន​តម្លៃ​សរុប​ ៧០៧ ០៧៣ ដុល្លារ​៕