ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​របស់​ធ​នាគារ​ពិភពលោក ​(WB) បាន​កោតសរសើរ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) លើ​ការ​គ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ​បានល្អ ស្របតាម​កម្រិត​ស្តង់​ដា​អន្តរជាតិ​ក្នុងការ​គ្រប់គ្រង​ទុនបម្រុង​វិនិយោគ​របស់​ធនា​គារ​កណ្តាល ដែល​នេះ​ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​

​លោក Philip Dongsoo Hong មន្ត្រីជាន់ខ្ពស់​ផ្នែក​ទំនាក់​ទំនង​ទទួលបន្ទុក​កម្មវិធី​សហ​ប្រតិបត្តិការ​ជំនួយ​ប្រឹក្សា​ផ្នែក​គ្រប់គ្រង​ការវិនិយោគ​របស់​ WB បានលើកឡើង​ពី​ប្រសិទ្ធ​ភាព​នៃ​ការគ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ របស់ NBC ក្នុងជំនួប​ជាមួយនឹង​លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង NBC កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា កន្លងទៅ​នៅ​ទីស្នាក់ការ NBC​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC ក្រោយ​ជំនួប លោក Philip Dongsoo Hong បាន​កោតសរសើរ​អំពី​វឌ្ឍនភាព​នៃ​ការគ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ​របស់ NBC ដោយ​ក្រុមការងារ​គ្រប់គ្រង​ទុន​បម្រុង​អន្តរជាតិ​របស់ NBC គឺមាន​សមត្ថភាព និង​គុណវុឌ្ឍិ​ជំនាញ​ខ្ពស់ ហើយ​ប្រតិបត្តិ​ការវិនិយោគ​ត្រូវបាន​បំពាក់​នូវ​ប្រ​ព័ន្ធ​គ្រប់គ្រង​ការវិនិយោគ​ទំនើប និង​មាន​សុវត្ថិភាព​ខ្ពស់​សម្រាប់​បម្រើឱ្យ​ប្រតិបត្តិ​ការជួញដូរ គ្រប់គ្រង​ហានិភ័យ ការទូទាត់ និង​ចុះ​កិច្ច​បញ្ជិកា ស្របតាម​កម្រិតស្តង់ដា​អន្តរជាតិ​នៃ​ការ​គ្រប់គ្រង​ទុនបម្រុង​វិនិយោគ​របស់​ធនាគារកណ្តាល​។​

​លោក​ថ្លែងថា​៖ «​វឌ្ឍនភាព​ទាំងនេះ​បានធ្វើឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ក្លាយជា​សមាជិក​គំរូ​នៅក្នុង​ចំណោម​សមាជិក​ចំនួន ៧០​ ស្ថាប័ន នៃ​កម្មវិធី​សហ​ប្រ​តិ​ប​ត្តិ​ការ​ជំនួយ​ប្រឹក្សា​ផ្នែក​គ្រប់​គ្រង​ការវិនិយោគ (RAMP Program) របស់​ធនាគារ​ពិ​ភព​លោក​»​។​


​លោក ស៊ុំ ស​ន្និ​សិទ្ធ បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ការ​​ងារ​ជំនាញ WB ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​ការ​​អភិវឌ្ឍ​ការងារ​គ្រប់គ្រង​ទុន​បម្រុង​វិនិយោគ និង​ធនធាន​មន្ត្រី​គ្រប់គ្រង​ទុនបម្រុង​វិនិយោគ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

​លោក​ក៏បាន​ស្នើឱ្យ​ធនាគារពិភពលោក​បន្ត​សហ​ការជួយជ្រោមជ្រែង NBC បន្ថែមទៀត ដើម្បីឱ្យ​ការគ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ​របស់ NBC កាន់តែ រីកចម្រើន និង​ជឿនលឿន​។

​បើ​យោងតាម​ទិន្នន័យ​របស់​ NBC ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​ជិត ១៨ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០២២ ​ដែល​អាច​អនុញ្ញាត​ធ្វើ​ការនាំ​ចូល​ទំនិញ និង​សេវាកម្ម​សំ​ខាន់ៗ​សម្រាប់​រយៈពេល ៧ ខែ ក្នុងករណី​ប្រទេស​ប្រឈម​នឹង​វិបត្តិ ឬ​គ្រាអាសន្ន​ណាមួយ ខណៈ​សេដ្ឋវិទូ និង​អ្នកជំនាញ​បានចង្អុលបង្ហាញ​ថា ការរក្សា​នូវ​ទុនបម្រុង​អន្តរជាតិ​នេះ​គឺ​បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា និង​ការ​កើន​ឡើង​នៃ​ជីវភាព និង​ប្រាក់​ចំណូល​របស់​ប្រជាជន​។​

​លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​២៣ ខែមករា ថា ប្រទេស​កម្ពុជា​បាន​រក្សា​កម្រិត​ទុនបម្រុង​អន្តរជាតិ​ខ្ពស់ជាង​អ្វីដែល​កំណត់​ជាទូទៅ​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ធ្វើឱ្យ​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​។​

​លោក​បញ្ជាក់ថា​៖ «​នេះ​ជាការ​ប្រុងប្រយ័ត្ន​ជាពិសេស​ដោយ​សារ​ការកើនឡើង​នៃ​ការខ្ចីប្រាក់​ដោយ​ប្រទេស​កម្ពុជា​។ កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​ជួយ​កាត់បន្ថយ​ហានិភ័យ​សាច់ប្រាក់​ងាយស្រួល​ទទួលបាន​បំណុល​រយៈពេល​ខ្លី និង​សម្របសម្រួល​អត្រា​ការប្រាក់​កាន់តែ​ទាប​។ អ្វីៗ​ទាំងអស់នេះ​គឺ​ផ្តល់​ផល​វិជ្ជមាន​ដល់​ការចេញ​សញ្ញា​បណ្ណ​រដ្ឋ​នាពេល​ថ្មីៗ​នេះ​»​។​

​លោក​ពន្យល់ថា សម្រាប់​ប្រ​ទេស​កំពុងអភិវឌ្ឍន៍ ជាទូទៅ​កំពុង​រក្សា​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ពួកគេ​ក្នុង​ទំហំ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែលជា​ផលវិបាក​នៃ​ការកើនឡើង​តម្លៃ​ថាមពល បញ្ហា​ចង្វាក់​ផ្គត់ផ្គង់ និង​ជាការ​ប្រុងប្រយ័ត្ន និង​ការ​​ការពារ​ខ្លួនឯង​ប្រឆាំងនឹង​វិបត្តិ​រូបិយប័ណ្ណ​។​

​លោក​លើកឡើង​ពី​បញ្ហា​លើ​ព្រឹត្តិការណ៍​ថ្មីៗ​នៅក្នុង​ប្រទេស​ស្រីលង្កា ដែល​មិនអាច​សង​បំ​​ណុល​គេ​បាន​ផងដែរ​៕