​ភ្នំពេញៈ ទឹកប្រាក់​ជាង ១,២៥ ​ពាន់​លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​ប្រមូលបាន​ពី​ការនាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា នា​រយៈពេល​ ៥​ ខែ​ដើមឆ្នាំ​ ២០២៣ កើន​ជិត ១០០​ ភាគ​​រយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ក្នុង​ខែឧសភា ឆ្នាំ​ ២០២៣ ការ​នាំចេញ​កើន​លើស​ ១០០​ ភាគរយ​។ នេះ​បើតាម​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​យោងតាម​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំ​ចេញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចន្លោះ​ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ ​២០២៣ ការនាំចេញ​ទំនិញ​ស្ថិតក្នុង​ជំពូក​ (HS ២​ខ្ពង់​)​ លេខ​កូដ ៨៥ ដែល​រួមមាន​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មាន​ទឹកប្រាក់​សរុប ១២៥៣,៤៦​ លាន​ដុល្លារ កើន ៩៦​ ភាគ​​រយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៦៣៩,៦​ លាន​ដុល្លារ​។ ទឹក​​ប្រាក់​នេះ​ស្មើ ១៣,៦ ​ភាគរយ​នៃ​ការនាំ​ចេញ​សរុប​របស់​កម្ពុជា​ដែលមាន​ចំនួន​ទឹកប្រាក់ ៩ ១៨៣,៤៧​ លាន​ដុល្លារ​។​


​ដោយឡែក​សម្រាប់​ខែឧសភា ឆ្នាំ ​២០២៣ ការនាំចេញ​ផលិតផល​ខាង​លើ មាន​ចំនួន ២៧៤,៤១ ​លាន​ដុល្លារ កើនឡើង ១០២,៤ ​ភាគរយ​បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​ ២០២២ ដែលមាន ១៣៥,៥៦​ លាន​ដុល្លារ​។ ក្នុង​ខែមេសា ឆ្នាំ​ ២០២៣ ទឹកប្រាក់​នាំចេញ​ទំនិញ​ជំពូក​នេះ គឺ​ ២៤២,២៨​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជា​បណ្តើរៗ​កម្ពុជា​បានក្លាយ​ជាទី​តាំង​ផលិត​គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​គ្រឿង​បង្គុំ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ពិភពលោក​។ កំណើន​ទឹកប្រាក់​នាំចេញ​ផលិតផល​ទាំងនេះ​បង្ហាញថា​កម្ពុជា​ពេលនេះ​មិន​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ផលិតផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ទៀត​ទេ​។


​លោក​បន្តថា សម្រាប់​មូលហេតុ​ដែល​រោងចក្រ​ផលិត​ផលិត​​ផល​ទាំងអស់នេះ​មាននៅ​កម្ពុជា​កាន់​តែ​ច្រើន គឺ​ដោយសារ​កម្ពុជា​មានច្បាប់​វិនិយោគ​ទាក់ទាញ សម្បូរ​កម្លាំង​ពល​កម្ម​ជំនាញ​និង​មានតម្លៃ​សមរម្យ មាន​ទីផ្សារ​ទទួល​ទិញ​ច្រើន និង​ជាពិសេស​កម្ពុ​ជាមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ទៅកាន់​ប្រទេស​ជាច្រើន​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​កំណើន​ការ​នាំចេញ​នេះ គឺ​កម្ពុជា​ក៏​នឹង​មានឱកាស​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​ឱ្យមក​បើក​រោង​​ចក្រ​ផលិត​គ្រឿងយន្ត​ធំៗ​ដែលមាន​បច្ចេកវិទ្យា​ទំនើបៗ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​»​។​

​លោក​បន្តថា ក្នុង​គោលបំណង​ត្រៀម​ទទួល​រោងចក្រ​ឧស្សាហកម្ម​ធំៗ រដ្ឋា​ភិ​បាល​កម្ពុជា​ក៏​កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់ខ្លួន​ផងដែរ​ដើម្បី​ចាំ​ទទួល​គម្រោង​វិនិយោគ​ទាំងអស់នោះ​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​សប្តាហ៍​មុន ទើប​អនុម័ត​ឱ្យ​ក្រុមហ៊ុន ៣ សាងសង់​រោងចក្រ​ផលិត​ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ដោយ​រួម​មាន ក្រុមហ៊ុន Rongdasheng Industrial Co., Ltd, ក្រុមហ៊ុន TG-Brother Electronic Lighting Co., Ltd. និង​ក្រុមហ៊ុន Boxu Crafts Co., Ltd.​។ គម្រោង​ទាំង ៣ មាន​ទុន​វិ​និ​យោគ​សរុប ១២,៥​ លាន​ដុល្លារ​។​

​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ ​លោក​តែ តាំង​ប៉ បាន​និយាយថា ឱកាស​ក្នុងការ​ទាក់​ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នឹងមាន​កាន់តែច្រើន​បើ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​អាច​ធ្លា​ក់ទាប​ជាង​ពេលនេះ ឬ​ប្រហាក់ប្រហែល​ប្រទេសជិតខាង​។​

​លោក​ថ្លែងថា​៖ «​តម្លៃ​ប្រេង និង​តម្លៃ​អគ្គិសនី ជា​កត្តា​គួបផ្សំ​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគ​គិ​ន ព្រោះ​ប្រេង និង​អគ្គិសនី គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ផ្នែក​ផលិតកម្ម ក្រៅពី​ការចំណាយ​លើ​វត្ថុធាតុដើម និង​កម្លាំង​ពលកម្ម​។ កាល​ណា​តម្លៃ​ប្រេង រួមទាំង​តម្លៃ​អគ្គិសនី​មាន​ស្ថិរភាព និង​តម្លៃ​ទាប វិនិយោគិន​នឹង​មើលឃើញ​ឱកាស​ផ្សេងៗ​ចេញពី​កត្តា​ទាំងអស់នោះ​»​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​ប្រមូលបាន​ប្រាក់ ១ ៩៩៨,១៩ ​លាន​ដុល្លារ កើន ៨៤,៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ១ ០៨១,១​ លាន​ដុល្លារ​។ ប្រាក់​នាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​បំ​ណែ​ករប​ស់វា ស្មើនឹង ៨,៩​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​៕