​កំពង់ធំៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា នៅ​ថ្ងៃទី ​២៧ ខែមិថុនា កិច្ចសន្យា​កសិកម្ម ត្រូវបាន​ធ្វើឡើង​ដោយមាន​ចំនួន ៤៦ កិច្ចសន្យា ដែល​អនុវត្ត​ដោយ​សហគមន៍​ចំនួន​ ៤០ និង​ក្រុម​ផលិត​ចំនួន ៦ រួមទាំង​អនុស្សរណៈ​យោគ​យល់​ចំនួន​ ១ ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិ​​រញ្ញ​វត្ថុ ក្នុង​ការធានា​ការទូទាត់​នៅពេល​ប្រមូល​ផល ដោយ​នឹងមាន​ការប្រមូល​ទិញស្រូវ​ចំនួន​ជិត​ ២​ ម៉ឺន​តោន និង​បន្លែ​ទៅតាម​ការប្រមូល​ផល​ជាក់ស្តែង​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យដឹងថា កិច្ច​​សន្យា​ទាំង ​៤៦​ ដែល​បាន​ធ្វើឡើង​នាពេលនេះ​រួមមាន​៖ កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd មាន​ ២២ កិច្ចសន្យា ស្មើនឹង ៣ ០០០ តោន​ស្រូវ និង​បន្លែ​, ក្រុមហ៊ុន​ Signatures of Asia Co.,Ltd ចំនួន ៨ កិច្ចសន្យា ស្មើនឹង ​៦ ៦៩០​ តោន​,​ក្រុម​​ហ៊ុន​ Kompong Thom Rice Mill ១៦៨៨ ចំនួន​ ៤ ​កិច្ចសន្យា ស្មើនឹង ២០២០​ តោន​។ ប្រភព​ដដែល​បន្តថា ក្រុមហ៊ុន B.R.M Agro Co.,Ltd ចំនួន ២ កិច្ចសន្យា​ស្មើនឹង ២ ៩២៨​ តោន​,​ក្រុម​ហ៊ុន Daily Fresh Food,​រោង​ម៉ាស៊ីន​កិនស្រូវ ជូ ផេង ចំនួន ២ ​កិច្ចសន្យា ស្មើនឹង​ ១ ១៨០ ​តោន និង​រោង​ម៉ាស៊ីន​កិនស្រូវ ងួន ហុង ចំនួន ៣ ​កិច្ចសន្យា ស្មើនឹង​ ១ ៨៤៥​ តោន និង​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន Signatures of Asia Co.,Ltd និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ AMK​។​


​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​ចុះកិច្ចសន្យា​នេះដែរ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ថ្លែងថា ទាំង​ខាង​ក្រសួងកសិកម្ម ធនាគារ​អភិវឌ្ឍន៍ជនបទ ក៏ដូចជា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត មានការ​យកចិត្ត​ទុក​ដាក់​ខ្លាំងណាស់ លើ​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​។​

​លោក​ថ្លែងថា​៖ «​ការចុះកិច្ចសន្យា​កសិកម្ម ទាមទារ​ឱ្យ​ភាគី​ទាំងសងខាង ទាំង​ខាង​ក្រុមហ៊ុននាំចេញ រោង​ម៉ាស៊ីន​​កិនស្រូវ និង​សហគមន៍ មានការ​គោរព​កិច្ចសន្យា​នេះ​ឱ្យបាន​ច្បាស់លាស់​ដោយ​ការគោរព​តាម​កិច្ចសន្យា មាន​ភាព​ស្មោះត្រង់​ជាមួយគ្នា មានន័យថា ជាការ​ជួយ​គ្នា​ទៅវិញទៅមក និង​ជាការ​ជួយ​ខ្លួនឯង​ផងដែរ​»​។


​លោក ឌិ​ត ទីណា ក៏បាន​ជំរុញ​ឱ្យ​សហគមន៍​ប្រើប្រាស់​ពូជ​សុទ្ធ និង​អនុវត្ត​បច្ចេកទេស​ឱ្យបាន​ត្រឹម​​ត្រូវ ដោយ​ក្រសួង​គ្រោង​នឹង​រៀបចំ​ប្រព័ន្ធ​កសិកម្ម​ថ្មី ដែល​ជួយ​កសាង​សហគមន៍​ឱ្យ​រឹងមាំ​តាមរយៈ​ការដាក់ចេញ​គោល​​នយោបាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​តាម​ឃុំ និង​ការគិតគូរ​ក្នុង​ការជួយ​សហគមន៍​ឱ្យ​រឹងមាំ គឺត្រូវធ្វើ​ការរួម​គ្នា​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ការទទួលខុសត្រូវ​រប​ស់​សហគមន៍​។​

​លោក​ កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​ធនាគារ​​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បានលើកឡើង​នាឱកាស​នោះ​ថា ផ្អែកលើ​លទ្ធផល​នៃ​ការវាយតម្លៃ​ពី​ស្ថានភាព​វិស័យ​ស្រូវ​​អង្ករ​កម្ពុជា ដែល​បាន​រៀបចំឡើង​ដោយ ក្រុមហ៊ុន​ស្រាវជ្រាវ និង​ប្រឹក្សា​នព្វន្ត ក្រោម​កិច្ច​គាំទ្រ​ដោយ​ធនា​គារ ARDB លើ​ក្រុមហ៊ុន​កិន​កែច្នៃ​ស្រូវ​​អង្ករ និង​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ៦៧ និង​សហគមន៍​កសិកម្ម​ចំនួន​៥៨ នៅតាម​បណ្តា​ខេត្ត​ចំនួន​១៤ ក្នុងប្រទេស ចាប់ពី​ខែធ្នូ ឆ្នាំ ២០១៩ រហូតដល់​ខែ​​មីនា ឆ្នាំ​ ២០២០ បាន​បង្ហាញថា សមត្ថ​ភាព​ផ្គត់ផ្គង់​នៃ​វិស័យ​ស្រូវ​-​អង្ករ​ជាពិសេស​សមត្ថភាព​ផលិតកម្ម​ស្រូវ ឃ្លាំង​ស្តុក ឡស​ម្ងួ​ត និង​ការ​កិន​កែច្នៃ​ស្រូវ​-​អង្ករ មានការ​អភិវឌ្ឍ​គួរឱ្យកត់សម្គាល់​។​

​លោក​គូស​បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ សមត្ថភាព​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ ឡ​ស​ម្ងួ​ត និង​ការ​កិន​កែច្នៃ​ស្រូវ​-​អង្ករ មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​គាំទ្រ​គោល​នយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​យ៉ាងតិច ​១ ​លាន​តោន​ក្នុង ១​ ឆ្នាំ ក៏ប៉ុន្តែ​ដើម្បី​សម្រេចបាន​គោលដៅ​នេះ វិស័យ​ស្រូវ​-​អង្ករ​អាច​នៅ​បន្ត​មាន​បញ្ហា​ប្រឈម​ចម្បង​មួយចំនួនទៀត​ដូចជា កត្តា​ពូជ ភាព​សុទ្ធ​នៃ​ពូជ និង​កង្វះ​ទុន​ជាដើម​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​។​

​ចំណែក លោក សុង សារ៉ន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្លែងថា ការចុះកិច្ចសន្យា​កសិកម្ម​នេះ ជា​និមិត្តរូប​នៃ​ការចាប់ផ្តើម​រីកចម្រើន​នៃ​ប្រព័ន្ធ​ខ្សែចង្វាក់​តម្លៃ និង​ការផ្គត់ផ្គង់​នៅក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជា​ពិសេស​ផលិតកម្ម​ស្រូវ ដែល​ផ្សារភ្ជាប់ និង​ធ្វើ​តំណ​ភ្ជាប់ ទៅ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដូចជា​អ្នក​ផលិត អ្នក​កែច្នៃ អ្នក​នាំចេញ អ្នកផ្តល់​ឥណទាន និង​អ្នក​ផ្គត់​​ផ្គង់​ធាតុ​ចូល​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​រួមមួយ​គឺ​ការកសាង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឱ្យ​ប្រកបដោយ​និរន្តរភាព និង​ភាពប្រកួតប្រជែង​ដោយបាន​ប្រាក់ចំណេញ​។​

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ​កិច្ចសន្យា​កសិកម្ម​នា​ថ្ងៃនេះ​នឹង​បង្ហាញ​ពី​គំរូ​ល្អ​បន្ថែមទៀត​ដល់​ប្រភេទ​ដំណាំ​កសិកម្ម​ផ្សេងទៀត និង​ជួយ​ឱ្យ​កសិករ មាន​លំនឹង​លើ​ការផ្គត់ផ្គង់ និង​តម្លៃ​លក់​កសិផល​របស់ខ្លួន​។ តាមរយៈ​កិច្ចសន្យា​កសិកម្ម​នេះដែរ​នឹង​ជួយ​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ និង​អ្នក​នាំចេញ អាច​ធានាបាន​និរន្តរភាព​នៃ​ការផ្គត់ផ្គង់ ផលិតកម្ម​កែច្នៃ និង​គុណភាព សម្រាប់​បំពេញតម្រូវការ​របស់​អតិថិជន​ផងដែរ​»​។​

​រីឯ​លោក​ ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឱ្យដឹងថា កិច្ចសន្យា​ទាំង ៤៦ ​គ្របដណ្ដប់​លើ​ផ្ទៃដី ៦ ៦៩០ ហិកតា និង​អនុវត្ត​ដោយ​កសិករ​ចំនួន ២ ២៣៦ គ្រួសារ នៅក្នុង​ស្រុក​ទាំង​ ៧ គ្របដណ្តប់​លើ​ប្រភេទ​ពូជស្រូវ និង​ទទួល​ទិញស្រូវ​ចំណី ១៧ ៦៦៣​ តោន​។​

​លោក​បន្ថែមថា មាន​ប្រភេទ​ស្រូវ​មួយចំនួន ដែល​ភាគី​ទាំង ​២ ​បានធ្វើ​កិច្ច​សន្យា​លើ​ការទទួល​ទិញ​រួមមាន​៖ ប្រភេទ​ផ្ការំដួល​មាន​ចំនួន ៦ ២៣៣ ​តោន​,​ស្រូវ​សែន​ក្រអូប មាន​ចំនួន ២ ៨៩០ តោន​,​ស្រូវ​ប្រភេទ​អូ​អឹម​មាន​ចំនួន ១ ៨៥០​ តោន​,​ស្រូវ​គ្រាប់​ខ្ចី ចំនួន ៦ ៦៩០​ តោន និង​មាន​កិច្ចសន្យា​លើ​បន្លែ​តាម​បរិមាណ​ជាក់ស្ដែង​ផងដែរ​។​

​យោងតាម​ក្រសួងកសិកម្ម​បានឱ្យដឹងថា ចាប់តាំងពី​ខែមករា ឆ្នាំ​ ២០២៣ រហូតមកដល់​ពេលនេះ ការអនុវត្ត​កិច្ច​​សន្យា​កសិកម្ម​បាន​ចំនួន​ ៩១​ កិច្ចសន្យា នៅក្នុង​ខេត្ត​ចំនួន​ ៥ រួមមាន បន្ទាយមានជ័យ ព្រៃវែង បាត់ដំបង កំពង់ធំ និង​ខេត្តព្រះវិហារ​។ ក្នុងនោះ​រោង​ម៉ា​ស៊ី​កិនស្រូវ ដែល​ចូលរួម​ក្នុង​កិច្ចសន្យា​កសិកម្ម​នេះ​មាន​ចំនួន ​១៤ និង​សហគមន៍​កសិកម្ម​ ៩១ ដែលមាន​សមាជិក​ជិត ៧ ០០០ ​នាក់ ស្មើ​បរិមាណ​ផល​ជា​ស្រូវ​ចំនួន​ជាង ៧​ ម៉ឺន​តោន​៕