ភ្នំពេញៈ ជាមួយនឹង​ការអូសបន្លាយ​ពេល​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នៅ​បន្ត​អូសបន្លាយ និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​សកល​នៅ​បន្ត​មាន​ភាព​តានតឹង​ដែល​ប៉ះពាល់​ដល់​កំណើន​ពាណិជ្ជកម្ម និង​ធ្វើឱ្យ​តម្រូវការ​សកល​មានការ​ធ្លាក់ចុះ ប៉ុន្តែ​កម្ពុជា​បានទទួល​រង​អត្រា​អតិផរណា​ក្នុង​កម្រិត​មួយ​ទាប​គឺ​ក្នុង​រង្វង់​ប្រមាណ​ជិត​ ២ ​ភាគរយ​ប៉ុណ្ណោះ​ ក្នុង​ត្រីមាស​ទី​១ ដែល​ឆ្លុះបញ្ចាំង អំពី​ការគ្រប់គ្រង​បាន​នូវ​សកម្មភាព​ម៉ាក្រូសេដ្ឋកិច្ច និង​អត្រា​ប្តូរប្រាក់​។​

​យោងតាម​ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ស្ថានភាព​សេដ្ឋកិច្ច​សកល ស្ថិតក្នុង​ភាពមិនប្រាកដប្រជា ដោយ​សារ​អតិផរណា​នៅតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់ លក្ខខណ្ឌ​មិនសូវ​អំណោយផល​ល្អ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នៅ​បន្ត​អូសបន្លាយ និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​និង​សកល​នៅ​បន្ត​មាន​ភាព​តានតឹង ដែល​ប៉ះពាល់​ដល់​កំណើន​ពាណិជ្ជកម្ម​។


​ជាមួយគ្នានេះដែរ តាម​ការវាយតម្លៃ​រប​ស់​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ខែមេសា ឆ្នាំ​ ២០២៣ បង្ហាញថា កំណើន​នឹង​សម្រេចបាន ២,៨ ភាគរយ នៅ​ឆ្នាំ​ ២០២៣ ទាប​ជាង​កំណើន​ឆ្នាំ​ ២០២២ ខណៈ​សេដ្ឋកិច្ច​កម្ពុជា ក៏​ទទួលរង​ឥទ្ធិពល​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល​ផងដែរ​។ ទោះជា​យ៉ាងនេះ​ក្ដី តាម​ការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ច​កម្ពុជា នៅមាន​ភាពរឹងមាំ អាច​សម្រេចបាន ៥,៦ ​ភាគរយ​នៅ​ឆ្នាំ​ ២០២៣​។

​ក្រសួង​សេដ្ឋកិច្ច​បានលើកឡើង​ថា​៖ «​អត្រាកំណើន​នេះ គាំទ្រ​ដោយ​ការរក្សា បាន​កំណើន​ល្អ នៃ​កម្មន្តសាល​មិនមែន​កាត់ដេរ ដែល​បម្រើឱ្យ​ការ​នាំចេញ និង​ការប្រើប្រាស់​ក្នុងស្រុក​។ ជាមួយគ្នានេះ វិស័យ​ទេសចរណ៍ ក៏​កំពុង​ងើបឡើង​វិញ​គួរឱ្យកត់សម្គាល់​តាមរ​យៈ​ការ​កើន​ភ្ញៀវទេសចរ​ក្នុងស្រុក និង​អន្តរ​ជាតិ​។ ជាក់ស្តែង ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ គឺ​អតិផរណា​មធ្យម​ប្រចាំត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ មាន​អត្រា ១,៩ ភាគរយ​ធៀប​ នឹង​ត្រីមាស​ដូចគ្នា​ឆ្នាំ​ ២០២២ និង​ទាប​ជាង​ត្រីមាស​មុនៗ ដោយសារ​ការ​ថមថយ​ស​ន្ទ​ស្សន៍​ថ្លៃ​ម្ហូបអាហារ និង​ការធ្លាក់ចុះ​ស​ន្ទ​ស្សន៍​ថ្លៃ​ប្រេង និង​ឧស្ម័ន (Gas)​។ ទន្ទឹមនេះ អត្រា​ប្តូរប្រាក់​មធ្យម​រង្វង់ ៤ ០៨៤ ​រៀល​ក្នុង​ ១ ដុល្លារ​អាមេរិក​បាន​កើនឡើង​ ០,៥​ ភាគរយ​»​។​


​លោក គី សិរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើកឡើងថា អត្រា​ទាប​នៃ​អតិផរណា​របស់​កម្ពុជា​នៅ​ត្រីមាស​ទី​ ១ ​នេះ​ដោយសារតែ​ការធ្លាក់ចុះ​នៃ​មុខទំនិញ​សំខាន់​នៅលើ​សកលលោក ជាពិសេស​គឺ​ប្រេង និង​ឧស្ម័ន ប៉ុន្តែ​អត្រា​ទាប​នេះ​នៅតែ​បង្ហាញ​ឃើញថា កម្ពុជា​ក៏​ទទួលរង​ការធ្លាក់ចុះ​នៃ​តម្រូវការ​ក្នុងស្រុក​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ថ្មីៗ​នេះ ថ្លៃ​ប្រេង និង​ឧស្ម័ន​មានការ​ប្រែប្រួល​បន្តិចបន្តួច ប៉ុន្តែ​អ្វីដែល​ធ្លាក់ចុះ​ខ្លាំង​នោះ​គឺ​វិបត្តិ​នៃ​ការធ្លាក់ចុះ​នៃ​តម្រូវការ​ក្នុងស្រុក​ធ្វើឱ្យ​តម្រូវការ​ក្នុងស្រុក​មានការ​ថមថយ​ធ្វើ​ការលក់​មិនសូវ​បាន​ច្រើន​ដែលជា​ហេតុ​ធ្វើឱ្យ​តម្លៃ​ទំនិញ​ក៏​មិន​ឡើងថ្លៃ​ដែរ​។ ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​អត្រា​អតិផរណា​គឺ​មិនមែន​មានន័យថា​ទំនិញ​ចុះថ្លៃ​នោះទេ គ្រាន់តែ​ទំនិញ​ឡើងថ្លៃ​យឺត​ជាង​ធម្មតា ពីព្រោះ​បើ​អត្រា​អតិផរណា​ជាង​ ១ ​ភាគរយ​នេះ គឺ​ទំនិញ​ឡើងថ្លៃ​រួចទៅហើយ តែ​មិនមែនជា​ការចុះ​​ថ្លៃទំនិញ​ទេ ដូច្នេះ​វា​ឆ្លុះបញ្ចាំង​អំពី​ការថយចុះ​នៃ​តម្រូវ​ការសរុប​ដែល​ធ្វើឱ្យ​ទំនិញ​ឡើងថ្លៃ​យឺត​ជាង​មុន​»​។​

​លោក​បាន​ថ្លែង​បន្តទៀតថា​៖ «​ស្ថាន​ភាព​អតិផរណា​ថយ​ល្បឿន​នេះ​ក៏​ឆ្លុះបញ្ចាំង​អំពី​វិធានការ​របស់​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹង​សណ្តាប់ធ្នាប់​សាធារណៈ និង​សុ​ខុ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​ដូច្នេះ​ធ្វើឱ្យ​អត្រា​អតិផរណា​មាន​ចរន្ត​ថេរ មាន​ន័យ​ថា ការគ្រប់គ្រង​បាន​នូវ​អត្រា​ប្តូរប្រាក់​ថេរ​របស់​ធនាគារជាតិ ក៏​ជា​យន្តការ​រូបិយវត្ថុ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​នៃ​ការប្រែប្រួល​អតិផរណា​ផងដែរ​»​។

​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច នៅ​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣ ថ្លៃទំនិញ​សំខាន់ៗ​លើ​ទីផ្សារ​អន្តរជាតិ គិត​ជា​មធ្យម ដូចជា​ថ្លៃ​ប្រេង​ឆៅ​ ៧៩​ ដុល្លារ​ក្នុង ​១ ធុង បាន​ធ្លាក់ចុះ ១៨,២​ ភាគរយ​, ថ្លៃ​កៅស៊ូ (TSR20) ១ ៣៩០,១​ ដុល្លារ​អាមេរិក​ក្នុង​ ១​ តោន​បាន​ធ្លាក់ចុះ ២១,៥ ​ភាគរយ​, ស​ន្ទ​ស្សន៍​ថ្លៃ​ថាមពល ១១២,៩ បាន​ធ្លាក់ចុះ ១៧,៦​ ភាគរយ​, ស​ន្ទ​ស្សន៍​ថ្លៃ​មិនមែន​ថាមពល ១១១,១ បាន​ធ្លាក់ចុះ ១៤,៩​ ភាគរយ និង​ស​ន្ទ​ស្សន៍​នៃ​ថ្លៃ​លោហធាតុ​មានតម្លៃ ១១៧,៣ បាន​ធ្លាក់ចុះ​ ១៨,៣ ភាគរយ​, ថ្លៃ​មាស ២ ០៧១,៨​ ដុល្លារ​ក្នុង​ ១ ​អោន​ស៍ បាន​កើនឡើង 0,៨​ ភាគរយ និង​អង្ករ ៤៩៥​ ដុល្លារ​អាមេរិក​ក្នុង ​១​តោន បាន​កើនឡើង ១៦,៤ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​ឆ្នាំ​ ២០២២៕