បាយ​ស្លឹកចេក ជាយីហោ​ហាងបាយ​កញ្ចប់​មួយ​កន្លែង​ដែលកំពុង​មាន​ប្រជាប្រិយភាព ដោយសារ​ការវេច​ខ្ចប់​មានភាព​ច្នៃប្រឌិត ទាក់ទាញ និងគិតគូរ​ពី​បរិស្ថាន។ ក៏ប៉ុន្ដែ មុនពេលទទួល​បានភាព​ជោគជ័យ​បែប​នេះ អាជីវកម្ម​មួយក៏បាន​ហែលឆ្លង​ភាពជូរចត់​ជាច្រើន​កន្លងមក។


អ្នកស្រី លាន ចន្ទលាមី ជាម្ចាស់​ហាងបាយ​ស្លឹកចេក​ផ្ទាល់ បានមាន​ប្រសាសន៍​ថា៖«ទម្រាំអាច​រីកចម្រើន​ដូច​ថ្ងៃនេះ ហាងយើង​បានឆ្លងកាត់​ច្រើន​ពិសេស​អំឡុង​ពេលកូវីដ​ដែល​ការលក់​មានការធ្លាក់​ចុះ​ដល់ទៅ​ជាង​ពាក់​កណ្ដាល តែយ៉ាងណា​យើងក៏បាន​ខិតខំ​ច្នៃ និងរកគំនិត​កែខៃ​អាជីវកម្ម​នេះ​ទៅជា​អាជីវកម្ម​អនឡាញ​រហូត​ដល់​មានការគាំទ្រ​ដូច​បច្ចុប្បន្ន»។

អ្វីដែល​ជាភាព​ប្រឈម និងផលលំបាក​ក្នុង​កិច្ចដំណើរការ​អាជីវកម្ម​ចំណីអាហារ​ក្នុងសម័យបច្ចេកវិទ្យា​មួយ​នេះ គឺភាពគ្មាន​ជំនាញ​លើការគ្រប់គ្រង​បុគ្គលិក មិនមាន​ចំណេះដឹង​ក្នុងការគ្រប់គ្រង​ហិរញ្ញវត្ថុ ជាពិសេស​បច្ចេកទេស App ប៉ុន្តែ​ក្នុងមួយរយៈ​ពេលចុងក្រោយ​នេះ អ្នកស្រី​បានយល់ដឹង​កាន់តែច្រើនជាង​មុន ជាពិសេស​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើ​អាជីវកម្មបែប​សម័យ Online ដែលកំពុង​មាន​ប្រជាប្រិយភាព។


អ្នកស្រីបន្ត​ថា ក្រៅពី​ការផ្លាស់ប្ដូរ​បែបផែន​អាជីវកម្ម​ទៅជា​អាជីវកម្ម​អនឡាញ​ហើយ ចំណុចដែល​អាច​អភិវឌ្ឍន៍​បានគឺការវេច​ខ្ចប់ ដែលគេ​ប្រើ​ប្រអប់​ក្រដាស និងថង់​បរិស្ថាន ដែលងាយ​រលាយ​ជាង​ប្លាស្ទីក​ទូទៅ ដែលជាផ្នែក​មួយ​ជួយ​ដល់​បរិស្ថាន ទាស់​ត្រង់​ថា​ការចំណាយ​ទៅលើ​ថ្លៃ​ដើម​នៃ​សម្ភារ​ទាំងនេះ​មានកម្រិត​ខ្ពស់​បន្តិច។ យ៉ាងណា​ក៏ដោយ បើទោះជា​វាមាន​តម្លៃ​ថ្លៃ​ជាង​ប្រអប់​ស្នោ និងថង់​ប្លាស្ទិក​ធម្មតា ក៏អ្នកស្រី​នៅតែ​រីករាយ​ក្នុងការចំណាយ ព្រោះ​អ្នកស្រី​បានផ្តោត​សំខាន់​ទៅលើ​សុខភាព របស់​អតិថិជន ហើយក៏​ជាការបង្ហាញ​ពីទឹក​ចិត្ត​ស្រឡាញ់​បរិស្ថាន​ផងដែរ។


ចំពោះ​អតិថិជន​របស់​ហាងបាយ​បរិស្ថាន​មួយ​នេះ​ដែរ ភាគច្រើន​ជាអ្នក​បម្រើការងារ​នៅក្នុងក្រុមហ៊ុន​ឯកជន អង្គការ រួមទាំងអ្នក​បម្រើ​ការងារ​នៅក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ផងដែរ ហើយ​ភ្ញៀវភាគច្រើន​ជាអ្នក​ស្រឡាញ់​បរិស្ថាន អនាម័យ និងសោភ័ណភាព។


ហាង​បាយស្លឹក​ចេក មានលក់​ជាប្រភេទ​អាហារ​ពេលព្រឹក និងថ្ងៃត្រង់​ចាប់ពី​ម៉ោង ៨ ព្រឹកដល់​ម៉ោង ២ រសៀល ដែលមាន​ដូចជា បាយសាច់​គោងៀត បាយពងទាចៀន​ត្រី​ប្រម៉ា បាយ​ឆ្អឹងជំនីរ​ជ្រូក និងបាយត្រី​ឆ្ពឹន​ចៀន ដែលអតិថិជន​អាចធ្វើការ​កម្ម៉ង់​ទិញ​តាម App ផ្សេងៗ​បានងាយ​ស្រួល។ ចំពោះ​ចំណុច​ពិសេស​វិញ គេដាំ​បាយ​ដោយ​ប្រើ​អង្ករ​ដំណើប​ខ្មៅលាយ ជាមួយ អង្ករ​ធម្មតា ដែលធ្វើឱ្យ​មាន​ពណ៌ និងរសជាតិ​ពិសេស​ប្លែក​ពីគេ ហើយ​ធ្វើការចម្អិន​ថ្មីៗ ក្ដៅៗ នៅពេលមាន​ការកម្ម៉ង់​ម្ដងៗ។

រីឯតម្លៃ​របស់​បាយស្លឹកចេក​វិញ ជាធម្មតា​បាយមួយ​ប្រអប់​មាន​តម្លៃ ៣,៥ ដុល្លារ ប៉ុន្តែសម្រាប់​ការបញ្ជា​ទិញ​តាម App មានការ​បញ្ចុះ​តម្លៃ ៣០ ភាគរយ ដែលទូទាត់​ជាប្រាក់​រៀលនៅសល់​ត្រឹមប្រមាណ ១ ម៉ឺនរៀល​ប៉ុណ្ណោះ​សម្រាប់​បាយម្ហូប​មួយ​ប្រអប់។

ជាមួយនឹង​ការរៀបរាប់​ពីអាជីវកម្ម​ផ្គត់ផ្គង់​អាហារ​តាមប្រព័ន្ធ​អេឡិចត្រូនិក (Mobile App)ខាងលើ អ្នកស្រី ចន្ទលាមី បានបញ្ជាក់​ថា អាជីវកម្ម​មួយ​នេះ បានចាប់ផ្តើម​លើកដំបូង​កាលពី ៤ ឆ្នាំ មុន​ជាមួយ​ដើមទុន​ប្រមាណ ២៥០០ ដុល្លារ ដោយអ្នកស្រី​បានទិញ​រទេះ រួមជាមួយ​នឹង​សម្ភារ​ប្រើប្រាស់ ចាំបាច់មួយ​ចំនួន ប៉ុន្តែ​ជាអកុសល អាជីវកម្ម​មួយ​នេះ​ត្រូវបានផ្អាក​វិញ​មួយរយៈ​ពេល។ មិនយូរប៉ុន្មាន​អ្នកស្រី​ក៏បានសម្រេច​ចិត្ត​ចាប់ផ្តើម​ជាលើក​ទីពីរ ជាមួយនឹង​ការផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​លក់​តាម Online និងការកម៉្មង់​ទិញ​តាមរយៈ Mobile App ដឹក​ជញ្ជូន​ដល់​ទីកន្លែង ហើយក៏ទទួល​បានភាព​រីកចម្រើន​រហូតមក​ដល់​សព្វថ្ងៃ​ដែល​មាននៅ​សាខា​ទួលគោក និងសាខា​បឹងកេងកង៕