អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និងប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រង និង ការផ្លាស់ប្តូរព័ត៌មានកញ្ចប់បញ្ញើប្រៃសណីយ៍ ដែល MOU នេះ គឺជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងកាត់ព្រំដែន (Cross Border e-Commerce)។
ពិធីចុះអនុស្សរណៈនេះធ្វើឡើង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣ នៅអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ដែលមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និង មន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទស្ថាប័នទាំងពីរ និង តាមប្រព័ន្ធវីដេអូពីតំណាងក្រសួង ពាណិជ្ជកម្ម, Global Alliance for Trade Facilitation/Swisscontact, UNCTAD, សហភាពប្រៃសណីយ៍សកល (UPU) និងអ្នកជំនាញការមួយចំនួនផងដែរ។
លោក គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) មានការកើនឡើងជាបន្តបន្ទាប់ និងមានលក្ខណៈកាន់តែស្មុគស្មាញ។
លោកថា៖«ការធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មនៃស្ថាប័នទាំងពីរ គឺដើម្បីផ្លាស់ប្តូរ វិភាគ និងគ្រប់គ្រងព័ត៌មានបញ្ញើប្រៃសណីយ៍ សំដៅពង្រឹងអនុលោមភាពនៃការបំពេញកាតព្វកិច្ចពន្ធអាករ និងកាតព្វកិច្ចផ្សេងទៀត ដែលតម្រូវឱ្យមានអាជ្ញាប័ណ្ណលិខិតអនុញ្ញាត ឬវិញ្ញាបនបត្រនានា»។
លោកបានបន្ថែមថា ខាងគយពិតជាអរគុណដល់គម្រោង Go4eCAM និងសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (GATF) តាមរយៈគម្រោង SeT4SME រួមជាមួយនឹងដៃគូអនុវត្តគម្រោងដទៃទៀត ជាពិសេសគឺ Swisscontact, UNCTAD និងសហភាពប្រៃសណីយ៍សកល (UPU) សម្រាប់ការគាំទ្រធនធានផ្នែកបទពិសោធន៍និងហិរញ្ញវត្ថុ ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅបាន។
លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានលើកឡើងបន្ថែមថា ការធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ នឹងដោះស្រាយបាននូវបញ្ហាប្រឈមនានាកន្លងមក ដើម្បីធ្វើឱ្យដំណើរការបំពេញបែបបទបញ្ញើប្រៃសណីយ៍កាន់តែមានភាពឆាប់រហ័ស និងអាចគ្រប់គ្រងបាននូវហានិភ័យនានាជាយថាហេតុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
សូមបញ្ជាក់ផងដែរថា គម្រោងធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រព័ន្ធប្រកាសគយ (CDS) របស់ប្រៃសណីយ៍កម្ពុជា នឹងចូលរួមគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងស្របតាមឧត្តមានុវត្តនិងគោលការណ៍ណែនាំជាអន្តរជាតិ ជាពិសេស សេចក្តីណែនាំរបស់អង្គការគយពិភពលោកនិងសហភាពប្រៃសណីយ៍សកល៕