ភ្នំពេញៈ រាជរដ្ឋាភិបាល​កំពុង​សិក្សា​ពី​ការបង្កើត​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ ដើម្បី​ត​ភ្ជាប់​ពី​ព្រលានយន្តហោះ​អន្តរជាតិ​តាខ្មៅ មក​រាជធានី​ភ្នំពេញ និង​បង្កើត​ស្ថានីយ​អ្នកដំណើរ​មួយ​ភ្ជាប់​ទៅ​ផ្សារ​ទំនើប អ៊ី​អន មានជ័យ​ដើម្បី​ផ្តល់ឱកាស​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ចូល​ទស្សនា និង​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​នេះ​ដោយផ្ទាល់ ដែល​វា​ជា​មធ្យោបាយ​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផងដែរ​។ នេះ​បើតាម​ការលើក​ឡើង​របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពីពេល​ថ្មីៗ​នេះ​។​

​លោក ស៊ុន ចាន់ថុល នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មណ្ឌល​ផ្ដល់​សេវាសាធារណៈ កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា នៅ​ផ្សារ​អ៊ី​អន​មានជ័យ​ថា កន្លង​មក​ការសិក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី​ក្នុង​រាជធានី​ភ្នំពេញ​បានបញ្ចប់​ហើយ​។ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​ចង់​បាន​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ក្រោម​ដី ទៅនឹង​ព្រលានយន្តហោះ​ថ្មី ទើប​ក្រុមហ៊ុន​វិនិយោគ​ត្រូវការ​សិក្សា​បន្ថែម​ទាំង​គន្លង​ផ្លូវ​រត់ ទុនវិនិយោគ និង​ស្ថានីយ​រថភ្លើង​បន្ថែម​។​


​លោក​បាន​បញ្ជាក់ថា​៖​ «​យើង​កំពុង​ពិភាក្សាគ្នា​លើ​រថភ្លើង​ធុន​ស្រាល​ដើម្បី​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​មក​ព្រលាន​យន្ត​ហោះ​ថ្មី​នៅ​តាខ្មៅ​របស់​យើង​។ បើ​យើង​ធ្វើបាន ខ្ញុំ​សង្ឃឹមថា ថ្ងៃ​ណាមួយ​យើង​នឹងមាន​ស្ថានីយ​ចុះ និង​ឡើង​នៅ​ផ្សារ​ទំនើបអ៊ី​អន​មានជ័យ​ផងដែរ​។ ដូច្នេះ​យើង​ចង់​ទិញ​អីវ៉ាន់ ឬ​ដើរលេង​នៅ​ផ្សារ​ទំនើប អ៊ី​អន មានជ័យ​ជិះ​រថភ្លើង​ធុន​ស្រា​លពី​ផ្សារ​ទំ​​នើ​ប​នេះ​ទៅ​ព្រលានយន្តហោះ​នឹង​អាចមាន​ស្ថានីយ​ដឹក​អ្នក​ដំ​ណើ​រ អ៊ី​អន​មានជ័យ ដើម្បី​យក​អ្នកដំណើរ​ទាំង​ប្រជាជន​ខ្មែរ និង​ភ្ញៀវ​បរទេស​ទាំងអស់​អាចម​ក​ចុះ​នៅ​អ៊ី​អនមានជ័យ នេះ​»​។

​លោក​បន្ថែមថា​៖ «​អ៊ីចឹង​បើ​យើង​ដំណើរការបាន​ទៅមុខ យើងខ្ញុំ​នឹង​សហការគ្នាជាមួយ​ផ្សារ​ទំនើប​អ៊ី​អនមានជ័យ ដើម្បី​រក​ទីតាំង​ឱ្យ​ហើយ​ក្នុងករណី​អ្នកវិនិយោគ​នោះមក​បណ្តាក់​ទុន​លើផ្លូវ​រថភ្លើង​ក្រោម​ដី និង​រថភ្លើង​ធុន​ស្រាល​នៅ​កម្ពុជា​។ ខ្ញុំ​ជឿថា យើង​នឹង​ទទួលបាន​វិ​និ​​យោគិន​ចាប់អារម្មណ៍​បោះទុន​វិនិយោគ​លើ​គម្រោង​នេះ ដូច្នេះ​យើង​ច្បាស់​ជាមាន​រថភ្លើង​មកដល់​ស្ថានីយ​អ៊ី​អន​មានជ័យ​»​។​


​លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នក​នាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់ ​ភ្នំ​ពេញ​ ប៉ុស្តិ៍​ កន្លងមក​ថា លទ្ធផល​ការងារ​សាងសង់​ដែល​ក្រុមហ៊ុន​សម្រេចបាន​នា​ដំណាក់កាល​ទី​១ (​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២២) មាន​ចំនួន​ជាង ៤៣​ ភាគរយ​នៃ​ការងារ​សរុប ដោយ​ចំណាយ​ទឹកប្រាក់​សរុប​សម្រាប់​ការសាងសង់​អស់​ចំនួន ៦១៧​ លាន​ដុល្លារ​។​

​លោក​បន្តថា បានចាប់ផ្តើម​ដំណើរការ​សាងសង់​នៅក្នុង​ឆ្នាំ​ ២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២៤ (​ដំណាក់កាល​ទី​១) (​យោង​លើ​កម្មវិធី​ការងារ​មេ Updated Master Schedule) ដែល​បានធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​ដោយ CAIC/Cambodia Airport Investment Co.,Ltd ។​

​លោក​និយាយថា​៖ «​តាម​ការ​សិក្សា និង​ស្រាវជ្រាវ ឯកសារ​អន្តរជាតិ បានបង្ហាញ​ឱ្យឃើញថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ច​រា​​ចរណ៍​តាមផ្លូវ​អាកាស​សម្រាប់​ប្រទេស​កម្ពុជា នឹង​អាច​កើតឡើង​ស្មើ​ឆ្នាំ​ ២០១៩ គឺ​នៅ​ចុង​​ឆ្នាំ​ ២០២៤ ឬ​ដើមឆ្នាំ​ ២០២៥ ស្របតាម​និន្នាការ​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ពិភពលោក​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​​ស៊ី​ហ្វិ​ក​កម្ពុជា បាន​សាទរ​ចំពោះ​វឌ្ឍនភាព​ការសាងសង់​ព្រលាន​អាកាសចរណ៍​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​លោក​រំពឹងថា ព្រលាន​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបើក​ទីផ្សារ​ហោះហើរ​ថ្មី​បន្ថែមទៀត​ក្នុងការ​រួមចំណែក​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​ការដែល​យើង​មាន​ព្រលាន​ថ្មី និង​ទំនើបៗ​វា​ឆ្លុះបញ្ចាំង​អំពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ដល់​វិស័យ​អាកាសចរណ៍​យើង​ទាំង​ការដឹក​អ្នកដំណើរ និង​ទំនិញ​។ ខ្ញុំ​សង្ឃឹមថា ព្រលានយន្តហោះ​​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបើក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​យើង​នាពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​»​។​

​កម្ពុ​ជាមាន​ក្រុមហ៊ុន​អាកាស​​ចរណ៍​អន្តរជាតិ​ចំនួន ២៦ ​កំពុងបើក​ប្រតិបត្តិ​ការហោះហើរ​ជា​​មួយ​ជើងហោះហើរ​ជាង ៤០០ ជើង​ក្នុង ១ ​សប្តាហ៍​ (​ឯកទិស​) ដែល​ទិសដៅ​ភាគច្រើន​នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បើតាម​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​​អាកាសចរ​ស៊ីវិល​។​

​ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ៥ ​ខែ ដើមឆ្នាំ​ ២០២៣ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរ​​ជាតិ ២,១៦​ លាន​នាក់ កើន ៥៣០​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២៕