​ភ្នំពេញៈ ក្រុមហ៊ុន Metal Jewelry (Cambodia)Co., Ltd បាន​វិនិយោគ​ទឹកប្រាក់​ប្រ​មាណ ៩​ លាន​ដុល្លារ​ ដើម្បី​បង្កើតរោងចក្រ​កែច្នៃ​គ្រឿងអលង្ការ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ភ្នំពេញ សម្រាប់​នាំទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​ក្រុមហ៊ុន​នេះ​បានទទួល​ការ​យល់ព្រម​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ កាល​ពីថ្ងៃ​ទី​ ២៣ ខែមិថុនា ដោយ​បោះទុន ៩​ លាន​ដុល្លារ​ដើម្បី​បង្កើត​រោងចក្រ​ផលិត និង​ដំ​ឡើង​គ្រឿងអលង្ការ និង​គ្រឿង​ផ្សេងៗ​ដែល​ធ្វើ​ពី​លោហធាតុ និង​ប្លា​ស្ទិ​ក ដោយមាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង​បង្កើត​ការងារ​បាន ៤៣៤​កន្លែង​។​


​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ ខែកក្កដា​ថា ថ្មីៗ​នេះ​កម្ពុជា​ទាក់​​ទាញ​ការវិនិយោគ​ថ្មីៗ​ជាច្រើន​ក្នុង​វិស័យ​ផ្សេងៗ​ក្រៅពី​វិស័យ​កាត់ដេរ ដែល​វា​នឹង​នាំមក​នូវ​បច្ចេកវិទ្យា និង​ជំនាញ​ថ្មីៗ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ​។​

​លោក​ថ្លែងថា​៖ «​វា​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​យើង​ជុំវិញ​ការបង្កើត​រោងចក្រ​គ្រឿង​អលង្ការ​ថ្មី​ក្រៅពី​កាត់ដេរ​។ ខ្ញុំ​សង្កេតឃើញថា ថ្មីៗ​នេះ​យើង​ទាក់ទាញ​បានការ​វិនិយោគ​ថ្មីៗ​ជាច្រើន រួមទាំង​រោងចក្រ​ដំឡើងរថយន្ត រោងចក្រ​កែច្នៃ​សម្បក​កង់​រថយន្ត រោងចក្រ​កែច្នៃ​ក​សិ​កម្ម និង​រោងចក្រ​កែច្នៃ​គ្រឿង​​អលង្ការ ដែលមាន​ភាព​វិជ្ជមាន​ខ្លាំង​ក្នុងការ​គាំទ្រ​កំណើន​សេដ្ឋ​កិច្ច​របស់​យើង​»​។​


​លោក​បន្តថា​៖ «​ការមកដល់​នៃ​រោងចក្រ​កែច្នៃ​គ្រឿងអលង្ការ គឺ​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត និង​ការ​ជឿជាក់​របស់​វិនិយោគិន​លើ​ស្ថិរភាព និង​សន្តិភាព​របស់​ប្រទេស​កម្ពុជា​»​។​

​បើ​យោងតាម​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​ ១១ ខែមិថុនា គឺ​កម្ពុជា​ផលិត​បាន​ដុំ​មាស ៦ ៧២៧,៧០​ គីឡូក្រាម​ដែលមាន​គុណភាព ៩០ ភាគ​រយ​តាមរយៈ​ក្រុមហ៊ុន Renai-ssance Minerals (Cambodia) Ltd បន្ទាប់ពី​ក្រុមហ៊ុន​បានចាប់ផ្តើម​ដំណើរការ​ចម្រាញ់​ក្នុង​រយៈពេល​ជិត ៣ ​ឆ្នាំ​។​

​ក្រសួង​ឱ្យដឹងថា​៖ «​បន្ទាប់ពី​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ការដ្ឋាន និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​នេះ​ជា​ផ្លូវការ រហូតដល់​ខែមិថុនា ក្រុមហ៊ុន Renaissance Minerals (Cambodia)​ បាន​ចម្រាញ់​មាស​ដែលមាន​គុណភាព ៩០​ ភាគរយ​បាន​សរុប ៦ ៧២៧,៧០​ គីឡូ​ក្រាម​។ សមិទ្ធផល​នេះ បាន​នាំមក​នូវ​លំហូរ​ទុនវិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា ការបង្កើត​ឱកាស​ការងារ និង​សេដ្ឋកិច្ច ការពង្រីក​បាន​ពិពិធ​កម្ម​ខឿន​ឧស្សាហកម្ម​ក្នុងស្រុក និង​ផល​ប្រយោជន៍​សេដ្ឋកិច្ចសង្គម​ផ្សេងៗ​ទៀត​ជាច្រើន​សម្រាប់​ប្រទេស​កម្ពុជា​»​។​

​លោក អ៊ឹង ឌី​ប៉ូ​ឡា អគ្គ​នា​យក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​ខែវិច្ឆិកា​ថា បច្ចុប្បន្ន​រដ្ឋា​ភិ​បាល​បានផ្តល់​អាជ្ញា​បណ្ណ​អា​ជីវ​កម្ម​រ៉ែ​មាស​ដល់​ក្រុមហ៊ុន ៤ ខណៈ​ក្រុមហ៊ុន​មួយចំនួនទៀត​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​។​

​លោក​បន្តថា ទាក់ទង​ក្រុម​ហ៊ុន​ទាំង ៤​​ នោះ​គឺ​មានតែ​ក្រុម​ហ៊ុន Renaissance មួយ​ទេ​ដែល​ចម្រាញ់​យក ៩០​ភាគរយ​ដើម្បី​ដឹកចេញទៅ​ក្រៅប្រទេស​ដើម្បី​បន្សុទ្ធ​ទៅជា ៩៩,៩៩​ ភាគរយ ឬ​ខ្មែរ​ហៅថា​មាស​ទឹក​ ១០​។ ក្រៅពីនោះ​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ដែល​ចម្រាញ់​មាស​សុទ្ធ គឺ ៩៩,៩៩ ក្នុងស្រុក​។​

​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន ៧ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​មាស​ពី​រដ្ឋាភិបាល ដោយបាន​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ចំនួន​ ៤ រួមមាន មណ្ឌលគិរី រតនគិរី បាត់ដំបង និង​ព្រះវិហារ​។

​កម្ពុជា​រកចំណូលបាន​ជាង ​១៥​ លាន​ដុល្លារ​ពី​ធនធាន​រ៉ែ​មាស​ដែល​ក្រុមហ៊ុន​ចម្រាញ់​បាន​ប្រមាណ​ជាង ៥,៣ តោន​គិត​ត្រឹម​ចុងឆ្នាំ​ ២០២២​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

Renaissance ជា​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ដ្រាលី និង​ជា​ក្រុមហ៊ុន​ទី ​១ ដែល​ចាប់ផ្ដើម​ផលិត​មាស ជា​លើកដំបូង នៅ​កម្ពុជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២១​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា​រំពឹងថា ផលិត​ផល​មាស​ជា​លក្ខណៈ​ឧស្សា​ហ​កម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរ​ខ្វាវ​នឹង​ផ្តល់​ចំណូល​ដុល​ជា​មធ្យម ១៨៥ លាន​ដុល្លារ​ក្នុង ​១​ ឆ្នាំ ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្សេងៗ​មាន​ ៤០​ លាន​ដុល្លារ​ក្នុង ១​ ឆ្នាំ​៕