ភ្នំពេញៈ​ បន្លែ​បណ្ដុះ ជា​ប្រភេទ​បន្លែ​ថ្មី​មួយ​ប្រភេទ​ដែលមា​ន​សារធា​តុចិ​ញ្ចឹម​ច្រើន​ជាង​បន្លែ​ធម្មតា ដោ​យ​ការដាំ​មាន​ការ​ប្រើប្រា​ស់​បច្ចេកទេ​ស​ថ្មី ប្រើ​រយៈ​ពេល​ខ្លី និង​កំពុង​តែមា​ន​ទីផ្សារ​ខ្ពស់​ជាពិ​សេស​នៅតា​ម​ផ្សារ​ទំនើប​ស្ទើរ​ទូទាំង​រាជ​ធានី​ភ្នំពេញ​។​

«​ទីក្រុង​បណ្ដុះ​​» ជា​ឈ្មោះ​យីហោរ​សហ​គ្រាស​​មួយ​ដែលមា​ន​ការ​ផ្គត់​ផ្គង់​បន្លែ​បណ្ដុះ​ច្រើន​ប្រភេទ​ទៅលើ​ទីផ្សារ​បច្ចុប្បន្ន ​ពោលគឺ​​ប្រមាណ​ជាង ​២០០​ ផ្សារ​ទំនើប ​និង​ម៉ា​ត​។


​សម្រាប់​ឈ្មោះ ​ទីក្រុង​បណ្ដុះ ​គឺ​កើត​ឡើង​ពី​ពាក្យ «​បណ្ដុះ​» សំដៅ​លើ​បន្លែ​បណ្ដុះ​ដែល​ចំណាយ​ពេល​ដាំ​តែ​៥ថ្ងៃ​ប៉ុណ្ណោះ ​ឯ​ពាក្យ ​ទីក្រុង មាន​ន័យ​ថា ការ​បណ្ដុះ​បន្លែ​ទាំង​នេះ​នៅក្នុ​ង​ទីក្រុង​ផ្ទាល់ ​ហើយ​បន្លែ​នេះ​ក៏មាន​ច្រើន​ប្រភេទ​ផង​ដែរ​។​នេះ​បើតា​ម​ការ​លើក​ឡើង​ពី​សំណាក់ ​លោក អុន សីហា ស្ថាប​និក​ទីក្រុង​ប​ណ្ដុះ ​ដែល​ស្ថិត​ក្នុង​​ឃុំ​បឹង​ឈូក សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ​ខណ្ឌ​ឫស្សី​កែវ​។​

​លោក​ អុន សីហា បាន​ឱ្យ​ដឹង​ថា ៖«​ខ្ញុំ​ចាប់​ផ្ដើម​បង្កើត​ទីក្រុង​បណ្ដុះ​នៅ​ឆ្នាំ​២០១៤ ​ដោយ​ចាប់​ផ្ដើម​ពី​បរិមាណ​តិចៗ ​ហើយ​មូល​ហេតុ​ដោយ​សារ​នេះ​ជា​ផលិត​ផល​ថ្មី ជា​ប្រភេទ​បន្លែ​ផ្ទុក​នូវ​សារ​ធាតុ​ចិញ្ចឹម​ច្រើន​សម្រាប់​អ្នក​បរិ​ភោគ ​ជា​ផលិត​ផល​ថ្មី​មាន​ឱកាស​ទីផ្សារ​ខ្ពស់ ​ពិសេស​គឺ​ដោយ​សារ​ខ្ញុំ​ស្រឡាញ់​ការងារ​នេះ​ និង​ជា​ចំណេះ​ជំនាញ​ដែល​ខ្ញុំ​បាន​ពី​ការ​សិក្សា​នៅ​ប្រទេស​អ៊ីស្រា​អែល​ផង​ដែរ​»​។​


​លោក​បន្ត​ថា ម្យ៉ាង​វិញ​ទៀត​ ដោយ​សារ​លោក​បាន​ឃើញ​បន្លែ​បណ្ដុះ​នេះ​នៅ​តាម​ភោជនីយ​ដ្ឋាន​ប្រទេសជិ​ត​ខាង​ឃើញ​ថាវ​ចាប់​ផ្ដើម​មាន​ទីផ្សារ​និង​អាច​ចរាចរ​បាន ក៏បា​ន​ចាប់ផ្ដើ​ម​ស្រា​វ​ជ្រាវ អនុវ​ត្ត​បច្ចេក​ទេស​ឱ្យបាន​សមស្រប និង​រក​ទីផ្សារ​បន្តិច​ម្ដងៗ​រហូត​ដល់​មាន​ទីផ្សារ​ទូលំ​ទូលាយ​ដូច​បច្ចុ​ប្បន្ន​។​

​ទីក្រុង​បណ្ដុះ​មានការ​ផ្គត់​ផ្គង់​បន្លែ​បណ្ដុះ​ដែល​នាំចូល​ពូជ​ពី​ក្រៅ​ប្រ​ទេស​ជាង១០​មុខ​រួមមា​ន ​ឆៃថាវ​បណ្ដុះ​ពណ៌​ស​, ឆៃថាវ​បណ្ដុះ​ពណ៌​ស្វាយ​ និង​ពណ៌​ផ្កា​ឈូក​,ប្រភេទ​បន្លែ​បណ្ដុះ​ចម្រុះ​, ត្រកួន​បណ្ដុះ​, ស្ពៃ​,ល្ងខ្មៅ​,ផ្កាឈូ​ករ័ត្ន​បណ្ដុះ និង​​សណ្ដែ​ក​លឿង​បណ្ដុះ​ជា​ដើម ​ហើយ​ក្រៅពី​នេះ​ក៏មាន​បន្លែ​បរទេស​ដូច​ជា ​ខាត់​ណា​ និង​សាឡា​ដ​អឺរ៉ុប​ច្រើន​មុខ​ផង​ដែរ​​។​

លោក ​អុន សីហា បាន​បន្ថែម​ថា ​សម្រាប់​ការផ្គ​ត់ផ្គង់​វិញ​ បន្លែ​បណ្ដុះ​មាន​ទីផ្សារ​ទូលាយ​ដោយចែក​ចាយ​​ទៅកាន់​​ផ្សារ​ទំនើប​ទូទាំង​រាជ​ធានី​ភ្នំពេញ​ ដែល​ជា​អតិថិ​ជន​គោល​ដៅ​មាន​ប្រមាណ​ជាង​២០០​​កន្លែង​មាន​ដូចជា​ ផ្សារ​ទំនើប​ឡាក់​គី​ជាង​១០០​សា​ខា ​ផ្សារ​ទំនើប​ម៉ាក្រូ ​ផ្សារ​ទំនើប​អ៊ី​អន​ ផ្សារ​បាយ័ន​ ផ្សារ​អាស៊ី ​ផ្សារ​ថៃ​ហួត​ និង​ម៉ា​ត​លក់​បន្លែ​សុវត្ថិ​ភាព​ផ្សេងៗ​ទៀត​ផង​ដែរ​។

​ទាក់​ទង​នឹង​ការ​ផ​លិត​ លោក អុន សីហា ក៏បាន​លើក​ឡើង​ដែរ​ថា​៖«​បន្លែ​បណ្ដុះ​របស់​យើង​គឺមាន​នៅតែ​១កន្លែង​លើ​ផ្ទៃដី​ប្រមាណ​២៥០​ម៉ែត្រកា​រ៉េ ក្រៅ​ពីនេះ​​យើង​មាន​ដៃគូ​កុងត្រា​ដែល​មាន​កសិដ្ឋាន​២ក​ន្លែង​ផ្សេង​ទៀត​»​។

​លោក​បាន​បន្ត​ថា ៖ «​បរិមាណ​ដែល​យើង​ផលិត​ យើង​អាច​ផ្ដល់ឱ្យ​តាម​តម្រូវ​ការ​អតិថិ​ជន​ដែល​គាត់​អាច​កុ​ម្ម៉​ង់​មុន​១​សប្ដាហ៍​ ដោយ​យើង​អាច​ផលិត​ជូន​គាត់​បាន​ តែបើ​គិត​ជា​មធ្យម​យើង​អាច​លក់​បាន​ប្រមាណ​ជាង​៥០០​ប្រអប់​ក្នុង​១ថ្ងៃ​ ឬ​លើស​នេះ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ផង​ដែរ​»​។​

​ចំពោះ​ផលិត​ផល​ពី​ទីក្រុង​បណ្ដុះ ​មាន​តម្លៃ​ចន្លោះ​ពី ​៤៥០០-​៥៨០០​រៀល ​សម្រាប់​បន្លែ​១០០​​ក្រាម​ ដែល​បន្លែ​ប្រភេទ​នេះ​ពុំ​តម្រូ​វឱ្យ​ទទួល​ទាន​ច្រើន​ឡើយ ​ដោយសា​រ​បន្លែ​បណ្ដុះ​មាន​ប្រយោ​ជន៍​ជាង​បន្លែ​ធម្មតា​ដល់​ទៅ៣​ដង​ឯ​ណោះ​។ នេះ​ជា​អ្វី​ដែល​ស្ថាប​និក​ទីក្រុង​បណ្ដុះ​រូប​នេះ បា​នលើក​ឡើង​។​

​យ៉ាង​ណាមិ​ញ ផលិត​ផល​របស់​ទីក្រុង​បណ្ដុះ​នៅលើ​ទីផ្សារ​ នៅមាន​កម្រិត​នៅ​ឡើយ​ ដោយ​សារ​អតិថិ​ជន​បច្ចុប្បន្ន​ជា​អ្នក​មាន​ជី​វភាព​ធូរ​ធារ​ដែល​និយម​គិត​គុណ​ភាពជា​ចម្បង ​ដែល​បន្លែ​បណ្ដុះ​មាន​តម្លៃ​ថ្លៃ​ជាង​បន្លែ​ដទៃ​។​

​ក្នុង​ការ​ចាប់​ផ្ដើម​ដំបូង ​លោក​ អុន សីហា ក៏​ជួប​កត្តា​ប្រឈម​ផង​ដែរ​ ដោយ​លោក​បាន​បញ្ជាក់​ថា ៖ «​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង ​ពុំបាន​គាំទ្រ​ឬ​លើកទឹ​កចិត្ត​អ្វី​ឡើយ ​ផ្ទុយ​ទៅវិញ​ពួក​គាត់​បែរជា​មើល​បំណាំ​យើង ​ថាឱ្យ​យើង​ដែល​ដាំ​ដំណាំ​បណ្ដុះ​តូចៗ ​ប្លែក​ខុស​គេ និង​មាន​តម្លៃ​ថ្លៃ តែ​យើង​នៅ​តែ​មាន​ចិត្ត​មានៈ ​អត់​ធ្មត់ ​តស៊ូ​ ពុំ​ខ្វល់​ពីស​ម្ដី​អ្នក​ដទៃ ហើយ​រក្សា​នូវ​គោល​ជំហរ​ក៏​ដូច​ជា​គោល​ដៅ​ដែល​យើង​បាន​ព្រាង​ទុក​»​។​

​ដោយ​ឡែក ​បញ្ហា​ប្រឈម​ក្នុង​អាជីវ​កម្ម​វិញ​គឺស្ថាប​និក​វ័យ៣​៤​ឆ្នាំ​រូបនេះ​បាន​ប្រាប់​ដែរ​ថា ​បញ្ហា​ទាំង​នោះ​ភាគ​ច្រើន​ទាក់​ទង​នឹង​ប្រភព​គ្រាប់​ពូជ​ដែល​លោក​ត្រូវ​រក​អ្នក​ផ្គត់​ផ្គង់​គ្រាប់​មាន​គុណ​ភាព​ បញ្ហា​បច្ចេក​ទេស​ដែល​វា​ជា​ប្រភេទ​បន្លែ​ថ្មី​មួយ​បែប​ និង​ចុង​ក្រោយ​គឺ​ទីផ្សារ​។​

​លោក​ថា៖ «​ទីផ្សារ​នេះ​ទៀត​សោត​គឺ​ពិតជា​សំខាន់​ដោយសា​រ​វា​ជា​ផលិតផ​ល​ថ្មី យើង​ត្រូវ​យក​ចិត្ត​ដាក់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឱ្យគេ​ស្គាល់​តាម​រយៈ​ការវាយ​លុ​ក​ទីផ្សារ​នៅតាម​បណ្ដា​ផ្សារ​ទំនើប​នានា​ធ្វើយ៉ា​ងណា​ក្ដោប​ឱ្យបាន​នូវ​អតិថិ​ជន​គោល​ដៅ​របស់​យើង និង​មាន​បញ្ហា​បន្ទាប់​បន្សំ​ផ្សេង​ទៀត​ផង​ដែរ​»​។​

​ពាក់ព័​ន្ធ​នឹង​គម្រោង​នាពេល​​អនាគត​ លោក អុន​ សីហា បាន​បង្ហើប​ដែរ​ថា លោក​និង​ក្រុម​ការ​ងារ​មាន​គម្រោង​នឹង​ពង្រីក​ខ្លួន​ឯង​ ក៏ដូច​ជា​ជាមួយ​ដៃគូ​ដែល​ជា​ផ្សារ​ទំនើប​ធំៗ​ទូទាំង​ប្រទេស ហើយ​ក៏មាន​គម្រោង​ផលិត​បន្លែ​ថ្មី​បន្ថែម ២មុ​ខ​ក្នុង​ឆ្នាំ​នេះ​ទៅលើ​ចំនួន​បន្លែ​ដែល​មាន​ស្រាប់ក៏​ដូចជា​ធ្វើកា​រ​អភិវឌ្ឍ​ការ​វេច​ខ្ចប់​ថ្មី និង​បង្កើន​គុណ​ភាព​ក្នុង​ការ​រក្សាទុ​ក​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ផង​ដែរ​​៕