ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២៣ បានអនុម័ត​ឱ្យ​គម្រោង​វិនិយោគឯកជន​ចំនួន ៩១ មាន​ទុនវិនិយោគ​ជាង ៩២៤​ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ជិត ១១ ​ម៉ឺន​កន្លែង​បើក​ដំណើរការ​អាជីវ​​កម្ម​នៅ​កម្ពុជា ដែល​គម្រោង​ធំៗ​មានដូចជា រោងចក្រ​ផលិត​សម្បក​កង់​រថ​យន្ត រោងចក្រ​ផលិត​ស៊ីម៉ងត៍ រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម និង​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន ជាដើម​។​

​យោងតាម​ការ​គណនារ​បស់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ដោយ​ផ្អែកលើ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក របស់​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) គឺ​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគឯកជន ​(​ទាំង​ក្នុង​តំបន់​សេដ្ឋ​កិច្ច និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​) សរុប ៩១ ក្រោម​ទុនវិនិយោគ ៩២៤,២៤​ លាន​ដុល្លារ និង​អាច​បង្កើន​ការ​ងារ​បាន ១០៨ ៨១០​ កន្លែង​។​


​យោងតាម CDC គម្រោង​ដែល​បានអនុម័ត​នៅក្នុង​ឆមាស​ទី​ ១ គឺមាន​ក្នុង​វិស័យ​ជាច្រើន​ដូចជា រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត ផលិត​ស៊ីម៉ងត៍ កែ​ច្នៃ​ផលិតផល​កសិកម្ម​កាត់​ដេរ​សម្លៀកបំពាក់​, ស្បែកជើង​, កាបូប​ធ្វើដំណើរ​, បន្ទះ​សូ​ឡា​, ផលិត ផ្គុំ និង​ដំឡើង​សម្ភារ​អេ​ឡិច​ត្រូ​និក​អគ្គិសនី​, គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​, កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ​, គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-ឧស្សាហកម្ម​, រោងចក្រ​កែច្នៃ​កសិផល​, រោងចក្រ​ផលិត​កេស​កា​តុង សម្ភារ​កីឡា សម្ភារ​វេច​ខ្ចប់ និង​ផលិត​គ្រឿងសង្ហារិម ជាដើម​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ថា ការ​ទាក់​ទាញ​ចំណាប់អារម្មណ៍​ពី​វិនិយោគិន ក្នុងស្រុក និង​បរទេស​ឱ្យ​បញ្ចេញ​ទុន​មក​បើក​រោងចក្រ​/​សហគ្រាស និង​អាជីវកម្ម នៅ​កម្ពុជា​ក្នុងដំណាក់កាល​សេដ្ឋកិច្ចពិភពលោក​ស្ថិតនៅក្នុង​ភាពមិន​ច្បាស់​លាស់​ពេលនេះ គឺ​បញ្ជាក់ថា កម្ពុជា​គឺជា​កន្លែង​ដ៏​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ​។


លោក​បន្តថា សម្រាប់​កត្តា​ចម្បងៗ​ដែលមាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​វិនិយោគិន គឺ​កត្តា​ភូមិសាស្ត្រ​ស្ថិតនៅ​ចំ​កណ្តាល​តំបន់​អាស៊ាន​, ច្បាប់​វិនិយោគ​អំណោយផល​, សម្បូរ​កម្លាំង​ពលកម្ម​, សម្បូរ​វត្ថុធាតុដើម ជាពិសេស​មាន​ទីផ្សារ​នាំចេញ​ច្រើន​។ បន្ថែម​លើ​នេះ​កម្ពុជា​ក៏មាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ធំៗ ដែល​អាចជួយ​ឱ្យ​ការនាំចេញ​ទំនិញ​ទៅ​ប្រទេស​ទាំងអស់នោះ​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​ស្ថិតក្នុង​ដំណាក់កាល​លំបាក​កម្ពុជា​នៅតែ​អាច​ទទួលបាន​ការបណ្តាក់ទុន​ថ្មីៗ ដូច្នេះ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា នៅពេល​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​ល្អ​ឡើងវិញ គឺ​កម្ពុជា​នឹង​ទទួលបាន​ការ​មក​បណ្តា​ក់​ទុន​កាន់តែច្រើន​»​។ លោក​បាន​បន្តថា​៖ «​អ្វីដែល​គួរឱ្យកត់សម្គាល់​ទៀត​នោះ គឺ​គម្រោង​ដែល​មក​បណ្តាក់ទុន​រយៈ​ពេល ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ មាន​លក្ខណៈ​កាន់តែ​ចម្រុះ និង​ភ្ជាប់​ជាមួយនឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​»​។​

​លោក​អះអាងថា នៅពេល​មានការ​​វិនិយោគ​ចម្រុះ​កាន់តែច្រើន គឺ​មិន​ត្រឹមតែ​ធ្វើឱ្យ​កម្ពុ​ជាមាន​ទីផ្សារ​នាំចេញ​កាន់តែច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​កាត់​-​បន្ថយ​ការនាំ​ចូល​ពី និង​ជួយ​ឱ្យ​ចន្ទល់​សេដ្ឋកិច្ចជាតិ​រឹងមាំ​ផងដែរ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា គម្រោង​ជិត ១០០​ ដែល CDC អនុម័ត​ក្នុង​ឆមាស​ទី​១ គឺ​បង្ហាញ​ពី​ជំនឿ​ចិត្ត​របស់​វិនិយោគិន​ចំពោះ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចកម្ពុជា​។ ចំនួន​នេះ​នឹង​ហក់​ឡើង​កាន់តែ​ខ្ពស់​នៅពេល​សេដ្ឋកិច្ចពិភពលោក​ល្អប្រសើរ​វិញ​។​

​លោក​បញ្ជាក់ថា​៖ «​ទោះបី​វិបត្តិ​សេដ្ឋ​​កិច្ច​ពិភពលោក​ធ្វើឱ្យ​រោងចក្រ​មួយ​ចំ​នួន​នៅ​កម្ពុជា​បិទទ្វារ ប៉ុន្តែ​ការបើក​ដំ​ណើ​រការ​ថ្មីៗ​ គឺ​នៅតែ​ច្រើន​»​។​

​ក្នុង​ឆ្នាំ​ ២០២២ គម្រោង​វិនិយោគ​ចំនួន ១៣២ ត្រូវបាន CDC អនុម័ត កើន ២៤ ​គម្រោង​បើ​ធៀប​ឆ្នាំ​ ២០២១​។ គម្រោង​ទាំងអស់​ទុនវិនិយោគ ៣ ២៣០​ លាន​ដុល្លារ កើនឡើង ៨៧,៩ ភាគរយ និង​បង្កើត​ការងារ​បាន ១២,២ ម៉ឺន​នាក់​។ នេះ​បើតាម​ឯកសារ​និន្នាការ​សេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ​ ២០២២៕