ភ្នំពេញៈ ​កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំឡូង​មី​ប្រមាណ​ជិត ​១,២ ​លាន​តោន ​ទៅកាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្នុង​រយៈពេល​ ៥ ​ខែ ចាប់ពី​ខែមករា ដល់​ឧសភា ឆ្នាំ​ ២០២៣ ក្នុងនោះ ប្រទេស​វៀតណាម​ជិត ​៣៥​ ម៉ឺន​តោន និង​ប្រទេស​ថៃ ជិត​ ៨៣ ​ម៉ឺន​តោន​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កញ្ញា អុឹម រចនា បាន​ប្រាប់​ឱ្យដឹងថា ដំឡូង​មី​នៅ​កម្ពុជា ភាគច្រើន​គឺ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ ដោយ​ក្នុងនោះ​ដំឡូង​មី​ស្រស់​នាំចេញ​បាន ៧៥១ ៦០០​តោន​, ចំណិត​ដំឡូង​មី​ក្រៀម ចំនួន ៧១ ២៥០​តោន និង​កាកសំណល់​ដំឡូង​មី ចំនួន ៧ ១០០​តោន​។ ដោយឡែក​ការនាំចេញ​ទៅខាង​វៀតណាម​វិញ កម្ពុជា​នាំចេញ​ដំឡូង​មី​ស្រស់​បាន ១៨៤ ៨៦០​តោន​, ចំណិត​ដំឡូង​មី​ក្រៀម​១២៤ ៧៥០​តោន និង​កាកសំណល់​ដំឡូង​មី ៣៩ ៨០០ តោន​។​


​លោក ហេង សិទ្ធិ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៥ ខែកក្កដា ដែរ​ថា បច្ចុប្បន្ននេះ​កសិករ​កំពុងតែ​ដាំ​ដុះ​ដំឡូង​មី​ថ្មី ដោយ​ដំឡូង​មី​ឆ្នាំមុន បាន​ប្រមូល​ផល​អស់​តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២៣ មកម្ល៉េះ ខណៈដែល​ដំឡូង​មី ដែល​សៃ​ឡូ​នាំចេញ​សព្វថ្ងៃនេះ ជា​ដំឡូង​មី​ដែល​សេសសល់​ពី​ឆ្នាំមុន​។​

​លោក​បាន​បញ្ជាក់ថា​៖«​កសិករ​យើង​បានចាប់ផ្តើម​ដាំ​ដុះ​ដំឡូង​មី​សម្រាប់​ឆ្នាំ​នេះហើយ ដោយបាន​ចាប់ផ្តើម​កាល​ពី​ខែមីនា​មកម្ល៉េះ​។​ខេត្តបាត់ដំបង​បានដាក់​ផែនការ​ឆ្នាំនេះ គឺ​១៣​ម៉ឺន​តោន ខណៈដែល​គិត​ត្រឹម​ខែកក្កដា​នេះ ការដាំដុះ​ដំឡូង​មី​ទើបតែ​បាន​ជាង​៧​ម៉ឺន​ហិកតា​ប៉ុណ្ណោះ ខណៈដែល​កសិករ​បាន​និង​កំពុង​ដាំ​ដុះ​បន្តបន្ទាប់​»​។​


​លោក​បាន​បន្ថែមថា ការដាំដុះ​ដំឡូង​មី​រដូវ​កាល​ថ្មី​នេះ បាន​រង​ផលប៉ះពាល់​ដោយសារ ការប្រែប្រួល​អាកាសធាតុ​ខ្លះ​ដែរ ខណៈដែល​លោក​កំពុងតែ​ធ្វើ​របាយការណ៍​ផលប៉ះពាល់​នេះ ពី​តាម​ការិយាល័យ​ផលិតកម្ម​ស្រុក​នានា​។​

​ជាមួយគ្នានេះ អ្នកស្រី អេ​ម សោ​ភ័​ណ្ឌ ម្ចាស់​សៃ​ឡូ ហ៊ីង សោ​ភ័​ណ្ឌ នៅ​ខេត្តបាត់ដំបង បាន​ប្រាប់ឱ្យដឹង​ដែរ​ថា រដូវ​ប្រមូល​ផល​នៅ​ឆ្នាំនេះ (​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២២-​ខែមេសា ឆ្នាំ​២០២៣) ការប្រមូលទិញ​អាច​នឹង​បាន​តិចជាង​រដូវ​មុន ដោយសារតែការចុះ​កុងត្រា​ទិញ​ពី​ខាង​ថៃ​មាន​ចំនួន​តិច រីឯ​កសិករ នៅក្នុង​ខេត្តបាត់ដំបង​ភាគច្រើន បាន​ងាក​ទៅ​ដាំ​ដំណាំ​ពោត​វិញ​។​

​អ្នកស្រី បាន​បញ្ជាក់ថា​៖«​ខាង​ឈ្មួញ​ថៃ គេ​ចុះ​កុងត្រា​ជាមួយ​យើង​តិច​ឆ្នាំនេះ ដោយសារ​មាន​បញ្ហា​ពី​ខាង​ចិន កាត់បន្ថយ​ការបញ្ជាទិញ​ដែរ ទើប​ថៃ​គេ​បន្ថយ​ជាមួយ​យើង​ដែរ​។​ម្យ៉ាងវិញទៀត កសិករ​យើង​គាត់​ងាក​ទៅ​ដាំពោត​ច្រើនជាង​ដំឡូង​ឆ្នាំនេះ ដោយសារ​ពោត​បាន​ថ្លៃ​ជាង​»​។​

​កសិករ​ដាំ​ដុះ​ដំឡូង​មី នៅ​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង អ្នកស្រី ចាន់ វ​ណ្ណី ក៏បាន​ឱ្យដឹង​ផងដែរ​ថា ការប្រមូល​ផល​ដំឡូង​មី អាស្រ័យ​ទៅតាម​ពូជ ដោយ​ពូជ​ខ្លះ អាច​ប្រមូល​ផល​បាន ក្រោយ​ដាំ​ដុះ​រយៈពេល​៨​ខែ និង​ពូជ​ខ្លះទៀត​១​ឆ្នាំ តែ​អ្នក​នៅ​តំបន់​ជាមួយ​អ្នកស្រី​ភាគច្រើន​ដាំ​ប្រភេទ​ពូជ​១​ឆ្នាំ ដោយសារ​ថៃ​និយម​ទិញ​ពូជ​នេះ​។​

​អ្នកស្រី​ថា​៖«​ខាង​ខ្ញុំ​បានចាប់ផ្តើម​ដាំ​ដុះ​ដំឡូង​មី តាំងពី​ខែកុម្ភៈ​មកម្ល៉េះ និង​បាន​ជួប​បញ្ហា​ខ្លះ​ដែរ ដោយសារ​រាំងស្ងួត​ពេក ខ្វះ​ទឹក​ធ្វើឱ្យ​ដំឡូង​មី​លូតលាស់​មិនសូវ​ល្អ​។ តែ​មិន​ខូចខាត​ខ្លាំងពេក​ទេ ខ្ញុំ​រំពឹងថា មាន​ភ្លៀងខ្លះមក នឹង​អាចធ្វើឱ្យ​ដំឡូង​មី​ល្អ​ឡើងវិញ​»​។​

​កាលពីដើម​ខែមករា ឆ្នាំ​២០២៣ នៅក្នុង​ពិធី​បើក​វេទិកា​ស្តីពី «​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ចិន (​ខេត្ត​ក្វាង​ស៊ី​)» អគ្គនាយក​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ភាគី​ចិន ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម រវាង​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​មន្ទីរ​ពាណិជ្ជកម្ម នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វាង​ស៊ី ប្រទេស​ចិន ក្នុង​គោលដៅ​ជំរុញ​ផលិតផល​សក្តានុពល​ក​ម្ពុ​ជា ទៅកាន់​ទីផ្សារ​ចិន ក្នុងនោះ​នឹង​ជំរុញ​ការនាំចេញ​ដំឡូង​មី​ស្ងួត​កម្ពុជា ៤០​ម៉ឺន​តោន ទៅកាន់​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០២២-២០២៣​នេះ​៕