ភ្នំពេញៈ​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម ​នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ នៅក្នុង​រយៈពេល ​៥​ ខែ ​ដើមឆ្នាំ​២០២៣ ដោយមាន​ទឹកប្រាក់​សរុប​ជិត ២,៩​ ពាន់​លាន ​ដុល្លារ កើន​ជិត ៣​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​​ឆ្នាំ​២០២២ ខណៈ​ការនាំ​ទំនិញ​ពី​កម្ពុជា​ ទៅ​វៀតណាម កើន​ជិត ២៣​ ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​តារាង​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ពី​ខែមករា​-​ខែឧសភា ឆ្នាំ​២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស ​ដែលមាន​ព្រំដែន​ជាប់​គ្នា​នេះ មាន​ទឹកប្រាក់​សរុប ២ ៨៧០,៥៩​ លាន​ដុល្លារ កើនឡើង ២,៩​ភាគ​រយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២ ដែលមាន ២ ៧៨៩,៤១​ លាន​ដុល្លារ​។ តុល្យភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ គឺ​កម្ពុ​ជា មាន​ឱនភាព​ប្រមាណ ២២២,៨៩ លាន​ដុល្លារ ដែល​ចំនួន​នេះ​ គឺ​ល្អប្រសើរ​ច្រើន ​​បើ​ធៀប​រវាង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​២០២២/២០២១ ដែលមាន​រហូតដល់ ៦៣១,៣៩ ​លាន​ដុល្លារ​។ វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៣ របស់​កម្ពុជា ដោយ​តាម​ពីក្រោយ​ប្រទេស​ចិន និង​អាមេរិក​។​


​បើតាម​តារាង​ខាងលើ​គឺ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ ទៅ​វៀតណាម មាន​ទឹកប្រាក់ ១ ៣២៣,៨៥​ លាន​ដុល្លារ កើនឡើង ២២,៧​ ភាគរយ​ពី​ចំនួន ១ ០៧៩,០១​ លាន​ដុល្លារ ​និង​ទំនិញ​វៀតណាម ​នាំមក​កម្ពុជា ​១ ៥៤៦,៧២​ លាន​ដុល្លារ ធ្លាក់ចុះ ៩,៦​ ភាគរយ ពី​ចំនួន ១ ៧១០,៤​ លាន​ដុល្លារ​។​

​ដោយឡែក​សម្រាប់​ខែឧសភា ឆ្នាំ​២០២៣ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​ ៤៤០,១៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៩,៦​ ភាគរយ​ពី​ចំនួន ៤៨៦,៨៨​ លាន​ដុល្លារ​ ពី​ខែឧសភា ឆ្នាំ​២០២២​។ ក្នុងនោះ​កម្ពុជា​ នាំ​ទំនិញ​ទៅ​វៀតណាម ១៤២,៣៩​ លាន​ដុល្លារ កើនឡើង ៤០​ ភាគរយ និង​វៀតណាម ​នាំ​ទំនិញ​មក​កម្ពុជា ​២៩៧,៧៦ ​លាន​ដុល្លារ ធ្លាក់ចុះ ២២,៧​ ភាគរយ​។​


​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​៦ ខែកក្កដា ​ថា​ ទោះបី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​មិនល្អ ដែល​ធ្វើឱ្យ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ភាគ​ច្រើន​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម គឺ​នៅតែ​រក្សាបាន​កំណើន​ជា​បន្តបន្ទាប់ ពិសេស​ ការនាំចេញ​រប​ស់​កម្ពុជា​។ កំណើន​ទឹកប្រាក់​នាំចេញ​ទំនិញ​ពី​កម្ពុជា ​ទៅ​វៀតណាម គឺ​ភាគច្រើន​បានមកពី​ការនាំចេញ​ផលិតផល​កសិកម្ម ព្រោះ​ទិន្នផល​ដែល​កម្ពុជា ​ប្រមូលបាន គឺ​កើន​ឡើងជា​រៀងរាល់ឆ្នាំ​។​ លោក​បន្តថា ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​ទាំង ២ នឹង​បន្ត​កើនឡើង​ថែមទៀត ​ខណៈ​ថ្មីៗ​ នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ២ បាន​ទើប​ព្រមព្រៀងគ្នា​ស្តីពី​ចរាចរណ៍​នៃ​ទំនិញ​ឆ្លងដែន​ប្រទេស​ទាំង ២​។​

​លោក​បាន​បញ្ជាក់ថា​៖«​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នឹង​បន្ត​កើនឡើង​បន្ថែមទៀត ​នាពេលខាងមុខ ពិសេស​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា ​ទៅ​ប្រទេស​វៀតណាម​»​។​ ​លោក​លើកឡើង​ទៀតថា បច្ចុប្បន្ននេះ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា ក៏​កំពុង​ខិតខំ​ជំរុញ​ការវិនិយោគ​លើ​រោងចក្រ​កែច្នៃ​ក្នុងស្រុក ​ឱ្យបាន​ច្រើន​បន្ថែមទៀត​ ដើម្បី​បង្កើន​សក្តានុពល​នាំចេញ​ផលិតផល​សម្រេច និង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​។​

​យោងតាម​លោក លឹម ហេង ផលិតផល​សំខាន់ៗ ​ដែល​កម្ពុជា នាំទៅ​វៀតណាម រួមមាន​ដូចជា ស្រូវ​ កៅស៊ូ​ ស្វាយចន្ទី​ ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំជក់ និង​ធនធានធម្មជាតិ ចំណែក​វៀតណាម​ នាំមក​វិញ មានដូចជា សម្ភារ​សំណង់ គ្រឿង​ម៉ាស៊ីន ប្រេងឥន្ធនៈ ខ​បក​រណ៍​អេឡិចត្រូនិក​-​អគ្គិសនី ជី​កសិកម្ម គ្រឿងទេស និង​បន្លែ ផ្លែឈើ ជាដើម​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​និយាយថា ក្នុងនាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​ និង​មាន​ទំនាក់ទំនង​ការទូត​ល្អ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​ប្រទេស​ទាំង ២ បានបង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់ ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​។ ការកើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក បានធ្វើឱ្យ​កម្ពុ​ជាមាន​សមត្ថភាព​កាន់តែខ្លាំង ​ក្នុងការ​បំពេញ​ឱ្យ​តម្រូវការ​ក្នុងស្រុក និង​ជំរុញ​ការនាំចេញ ពិសេស​ប្រទេសជិតខាង​។ លោក​បន្តថា ដោយសារ​ប្រទេស​ទាំង ២ មាន​ព្រំដែន​ជាប់​គ្នា ដូច្នេះ​ទំហំ​ទឹកប្រាក់​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ អាចមាន​ខ្ពស់ជាង​នេះ​ច្រើន​។​

​លោក​បន្ថែមថា​៖«​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគីពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​ ដែល​កើន​ឡើងជា​បន្តបន្ទាប់​នេះ គឺ​ដោយសារ​បរិមាណ និង​គុណភាព​នៃ​ផលិតផល​កម្ពុជា ​មា​នភា​ព​កាន់តែ​ប្រសើរ ពិសេស​ផលិតផល​កសិកម្ម​»​។​

​ក្នុង​​ឆ្នាំ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៦ ១៣៥,៧៦ ​លាន​ដុល្លារ កើនឡើង ១៩,៦​ ភាគរយ​ ធៀប​ឆ្នាំ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម មាន​ទឹកប្រាក់ ២ ១៦៨,៦១៩​ លាន​ដុល្លារ កើន​ឡើង ៩,២​ ភាគរយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុជា ៣ ៩៦៧,១៤១៣​ លាន​ដុល្លារ​ កើនឡើង ២៦,២​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕