​ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជាង ១៨​ លាន​ដុល្លារ នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​កម្សាន្ត​រមណីយដ្ឋាន​ទាំង ៣ ដែល​គ្រប់គ្រង​ដោយ​គ្រឹះស្ថាន​អង្គរ ដោយ​កើន​ជាង ៦ ​ដង​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គ្រឹះស្ថាន​អង្គរ​។​

​គ្រឹះស្ថាន​អង្គរ គឺជា​គ្រឹះស្ថាន​សា​ធារ​ណៈ​រដ្ឋបាល ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៦ ដោយ​ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួង​ទេសចរណ៍ និង​ស្ថិតក្រោម​អាណា​ព្យាបាល​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ការប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ រួមមាន រមណីយ​ដ្ឋា​ន​អង្គរ​, ប្រាសាទ​កោះកែរ​, និង​លក់​សំបុត្រ​ទូក នៅ​កំពង់ផែ​ចុង​ឃ្នៀ​ស​។ សម្រាប់​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ត្រូវ​ចែកចេញជា ៣​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១ ​ថ្ងៃ​មានតម្លៃ ៣៧​ ដុល្លារ​, រយៈពេល ៣ ថ្ងៃ ៦២​ ដុ​ល្លារ និង ៧ ​ថ្ងៃ តម្លៃ ៧២ ​ដុល្លារ​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះ​ស្ថាន​អង្គរ ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៥ ខែកក្កដា ឆ្នាំ​ ២០២៣ ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែមិថុនា គ្រឹះស្ថាន​អង្គរ​ប្រមូល​ចំណូល​ពី​ការលក់​សំបុត្រ​បាន​ចំនួន ១៨ ២៦៥ ៨៩៣ ​ដុល្លារ កើន​ឡើង ៦៣៦,៦ ​ភាគរយ​បើ​ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ត្រឹមតែ ២ ៤៧៩ ៧៣៣​ ដុល្លារ​។​

​ក្នុងនោះ​សម្រាប់​រមណីយដ្ឋាន​អង្គរ គឺមាន​ភ្ញៀវទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា ៣៨៥ ៧៦៩ ​នាក់ កើន​ឡើង ៥៤៣,១៣​ ភាគរយ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដោយ​ប្រាក់​រកបាន​ពី​ការលក់​សំបុត្រ មាន​ចំនួន ១៧ ៨៧៧ ៤១៨ ​ដុល្លារ កើន ៦៣៨,៧១​ ភាគរយ​។ ចំពោះ​ប្រាក់​ទទួលបាន​ពី​ភ្ញៀវ​ទិញ​សំបុត្រ​ចូល​ប្រាសាទ​កោះកែរ គឺ ៩៥ ៥៣៥​ ដុល្លារ និង​កំពង់ផែ​ចុង​ឃ្នៀ​ស ២៩២ ៩៤០​ ដុល្លារ​។​


​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់​ ភ្នំពេញ​​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូលមក​កម្សាន្ត​តំបន់​អង្គរ គឺ​ពិតជា​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១-២០២២ ប៉ុន្តែ​បើ​ធៀប​មុន​ឆ្នាំ​ ២០២០​ គឺ​នៅ​តិចតួច​នៅឡើយ​។ ភ្ញៀវ​ក្នុង​ពេលនេះ​ភាគច្រើន​ជា​អ្នក​នៅក្នុង​តំបន់​អាស៊ាន​។ ជាធម្មតា​ភ្ញៀវទេសចរ​បរទេស​នឹងមាន​ចំនួន​ច្រើន​នៅ​ចុងឆ្នាំ​នីមួយៗ ដូច្នេះ​អ្វីៗ​គឺ​គេ​ត្រូវ​រង់ចាំ​មើល​នៅ​ចុងឆ្នាំ​សិន​។ លោក​បន្តថា ប្រសិន​បើ​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​ល្អប្រសើរ ចំនួន​ភ្ញៀវ​ទេស​​ចរ​បរទេស​ចូលមក​កម្ពុជា​ប្រាកដជា​នឹង​កើនឡើង​វិញ​។​

​លោក​អះអាងថា​៖ «​ទោះបី​ទិន្នន័យ​ក្រសួងទេសចរណ៍​បង្ហាញ​ថា​មាន​ភ្ញៀវ​​បរទេស​ចូលមក​កម្ពុ​ជាជាង ២ ​លាន​នាក់​ក្នុង​រយៈពេល ៦​ ខែ ឆ្នាំ​ ២០២៣ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​តំបន់​ប្រាសាទ​ក្នុង​ខេត្ត​សៀម​រាប គឺ​មិនទាន់មាន​ច្រើន​ទេ​»​។​

​ជាមួយនឹង​បទពិសោធន៍​ច្រើន​ឆ្នាំ​លើ​ការងារ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ខេត្ត​សៀមរាប លោក ខៀវ ធី បាន​បញ្ជាក់ថា ដើម្បី​ដឹង​ច្បាស់​ថា​ភ្ញៀវ​បរទេស​នឹង​ត្រឡប់មក​កម្ពុជា​វិញ​បាន​កម្រិតណា​នោះ គឺ​គេ​ត្រូវ​រង់ចាំ​មើល​នៅ​ចុងឆ្នាំ​សិន ព្រោះ​ជា​ពេល​មាន​ភ្ញៀវ​បរទេស​ធ្វើដំណើរ​មក​កម្សាន្ត​ជាច្រើន​រៀងរាល់ឆ្នាំ ​(High Season)​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន កាលពី​ថ្ងៃទី​ ៣ ខែកក្កដា ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរ​ទេស​ប្រមាណ ២,៥៧​ លាន​នាក់ កើន​​ឡើង ៤០៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន​ ៥០៦ ៧៦២​ នាក់​។ ក្នុងចំណោម​ភ្ញៀវ​ទាំង ២,៥៧​ លាន​នាក់ គឺ​ភ្ញៀវ​តាមផ្លូវ​គោក មាន​ចំនួន ១,៦៣ ​លាន​នាក់ កើនឡើង ៥២៦ ​ភាគរយ​, ផ្លូវអាកាស ៩១០ ០០០​ នាក់ កើនឡើង ២៧៩ ភាគរយ​, និង​ផ្លូវទឹក ៣០ ០០០​ នាក់ កើនឡើង ៥៨៦​ ភាគរយ​។​

​លោក​បន្ថែមថា ចាប់តាំងពី​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ចំនួន​ភ្ញៀវ​មកពី​ប្រទេស​ថៃ​បាន​ឈរ​នៅលើ​កំពូល​តារាង និង​តាម​ពីក្រោយ​ដោយ​ជនជាតិ​វៀតណាម ចិន ឡាវ អាមេរិក កូរ៉េ និង​បារាំង​។ ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​រក្សា​សម្ទុះ​កើនឡើង​បន្ថែមទៀត ដោយ​តាម​ការ​ព្យាករ​នៅ​ឆ្នាំ​ ២០២៥ កម្ពុជា​នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​បរទេស ៧​ លាន​នាក់ ដោយ​កើន​លើសពី​កំណត់​ត្រា​ក្នុង​ឆ្នាំ ​២០១៩ ដែលមាន​ចំនួន ៦,៦​ លាន​នាក់​។​

​យោងតាម​គ្រឹះស្ថាន​អង្គរ នៅក្នុង​ឆ្នាំ​ ២០២២ គ្រឹះស្ថាន​អង្គរ រក​ចំណូល​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​បាន ​១១ ៧៨៣ ៩១៦​ លាន​ដុល្លារ ក្នុងនោះ​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ​ចំនួន ១១ ៥២៨ ១៥៨ ​ដុល្លារ​, កោះកែរ ៩០ ៤៥០ ដុល្លារ និង​កំពង់ផែ​ចុង​ឃ្នៀ​ស ១៦៥ ៣០៨ ​ដុល្លារ​៕