​ត្បូងឃ្មុំៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បានធ្វើ​ការជំរុញ​ដល់​ប្រជាកសិករ​ឱ្យ ប្រើប្រាស់​ពូជស្រូវ​សុទ្ធ​ដែលមាន​ផលិតភាព​ខ្ពស់ ដើម្បី​ផ្តល់​ទំនុកចិត្ត​ពី​អ្នកទិញ និង​ទទួល​​បាន​តម្លៃ​ស្រូវ​ខ្ពស់​ផងដែរ​។​

​ការជំរុញ​បែបនេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​​សម្ពោធ​ឃ្លាំង​ស្តុក​ស្រូវ​ចំណី​ចំណុះ ១០០ ​តោន និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ​ប្រវែង ៩ ៧៧៤​ ម៉ែត្រ នៅក្នុង​សហគមន៍​កសិកម្ម​តំបែរ​រុងរឿង ក្នុងភូមិ​ត្រពាំង​ឫស្សី ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ក្រោម​គម្រោង​ខ្សែចង្វាក់​ផលិតកម្ម​ដោយ​ភាតរ​បរិ​ស្ថាន​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។


​យោងតាម​ក្រសួងកសិកម្ម​កាល​ពីថ្ងៃ​ទី​ ៥ ខែកក្កដា បានឱ្យដឹងថា ក្នុង​ពិធី​សម្ពោធ​ឃ្លាំង​ស្តុក​ស្រូវ​នោះ លោក ឌិ​ត​ ទីណា បាន​លើកឡើងថា រដ្ឋាភិបាល​បាននិងកំពុង​គិតគូរ​ដល់​ប្រជាពលរដ្ឋ ក្រោម​ម្លប់​សន្តិភាព ដែល​សមិទ្ធផល​ទាំងនេះ នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព មាន​ប្រាក់ចំណេញ មាន​និរន្តរភាព​សេដ្ឋកិច្ច និង​ជីវភាព​ល្អប្រសើរ​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ឃ្លាំង​ស្តុក​ស្រូវ​មានលទ្ធភាព​ស្តុក​ស្រូវ​ដល់ ១០០ ​តោន ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ​គឺអាច​លក់​ស្រូវ​ស្ងួត ដែល​ទទួលបាន​តម្លៃ​ខ្ពស់ជាង​ស្រូវ​សើម​។ រីឯ​ផ្លូវ​ដែល​បាន​បើក​ការដ្ឋាន​សាងសង់​នាពេលនេះ ក៏​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​យើង​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​ជួយ​ដល់​ការដឹកជញ្ជូន​ទិន្នផល​កសិកម្ម​ឱ្យ​កាន់តែ​រហ័ស ជាពិសេស​ជួយ​បង្កើន​តម្លៃ​កសិផល​ផងដែរ​»​។​


​លោក​រដ្ឋមន្ត្រី ក៏​ជំរុញ​ការប្រើប្រាស់​ពូជ​ស្រូវ​សុទ្ធ​ដែលមាន​ផលិតភាព​ខ្ពស់​មាន​ទីផ្សារ ដើម្បី​ផ្តល់​ទំនុកចិត្ត​ពី​អ្នកទិញ និង​អាច​លក់បាន​ក្នុងតម្លៃ​ស្រូវ​ខ្ពស់​ថែមទៀត ខណៈ​លោក​ក៏បាន​ណែនាំ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​លើ​ប្រឡាយទឹក​សម្រាប់​ធ្វើស្រែ​បាន​ទាំង​អស់​គ្នា​គឺជា​រឿង​សំខាន់​មួយ​។​

​ជុំវិញ​ការជំរុញ​នេះ លោក មួង ឡាំង​អៃ អ្នក​បច្ចេកទេសផ្នែក​ដំណាំ​ស្រូវ​របស់​អង្គការ Gret បានបង្ហាញ​ការគាំទ្រ ខណៈ​លោក​ថា កាល​ណា​មានការ​ប្រើប្រាស់​គ្រាប់ពូជ​ស្រូវ​សុទ្ធ នឹងធ្វើ​ឱ្យ​ប្រជាកសិករ​អាច​ទទួលបាន​ទិន្នផល​ខ្ពស់​ក្នុង​បរិមាណ​ពី​ ៥ % ទៅ​ ២០% និង​ជួយ​កាត់​បន្ថយ​ការចំណាយ​គ្រាប់ពូជ​ច្រើន​។​

​លោក​បាន​ប្រាប់​ឱ្យដឹងថា​៖ «​តាមរយៈ​ការ​ប្រើប្រាស់​គ្រាប់ពូជ​សុទ្ធ គឺ​ធ្វើឱ្យ​ការ​ដុះ​លូត​លាស់​នៃ​ដំណាំ​ស្រូវ​រហូត​ដល់ពេល​ប្រមូល​ផល គឺមាន​លក្ខណៈ​ស្មើគ្នា​ល្អ កាត់បន្ថយ​ស្មៅ​ដុះ​ក្នុង​ស្រែ ស្រូវ​ដុះ​មក​មានការ​លូតលាស់​ល្អ រឹងមាំ ហើយ​គុណភាព​គ្រាប់​អង្ករ ក៏មាន​ភាព​សុទ្ធ​ខ្ពស់ ភាព​បាក់​នៃ​គ្រាប់​អង្ករ​មាន​កាន់​តែ​តិច ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការនាំចេញ និង​ទទួលបាន​តម្លៃ​ទីផ្សារ​ខ្ពស់​»​។​

​អ្នកជំនាញ​កសិកម្ម លោក មួង ឡាំង​អៃ ក៏បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ពិសេស​អាជ្ញាធរ​មូលដ្ឋាន បង្កើន​ការផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​ឱ្យ​កាន់តែខ្លាំង​បន្ថែមទៀត ពី​អត្ថប្រយោជន៍​នៃ​ការប្រើ​ប្រាស់​ពូជស្រូវ​សុទ្ធ​ដើម្បីឱ្យ​ពួកគាត់​ងាក​មក​ផ្លាស់ប្តូរ​ដាំ​ដុះ​ពូជស្រូវ​សុទ្ធ និង​បង្កើន​បរិ​មាណ​នាំចេញ​អង្ករ​ឱ្យបាន​កាន់តែច្រើន​។​

​បើតាម​របាយការណ៍រ​បស់​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា កាល​ថ្ងៃទី​ ៨ ខែមិថុនា​កន្លងទៅ បាន​បង្ហាញថា ក្នុង​រយៈពេល​ ៥​ ខែ ដើមឆ្នាំ​ ២០២៣ កម្ពុជា​សម្រេច​បានការ​នាំចេញ​អង្ករ​ចំនួន ២៧៨ ១៨៤​ តោន និង​ស្រូវ​ ២ ១៤២ ៤៨៣​ តោន ទទួលបាន​ថវិកា​ចំនួន ​៧៣៦,៩០​ លាន​ដុល្លារ​។ ការនាំចេញ​នេះ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៨៣, ៤៩%, អង្ក​រស​ចំនួន ​១០, ៨៧%, អង្ករ​ចំហុយ​ ៣,៧១% និង​អង្ករ​សរីរាង្គ​ចំនួន ១,៩៣% ។​

​ក្រៅពី​ការជំរុញ​ឱ្យមាន​ការប្រើ​ប្រាស់​ពូជ​​ស្រូវ​សុទ្ធ លោក​ឌិ​ត ទីណា ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​អាណត្តិ​ក្រោយនេះ រាជរដ្ឋាភិបាល​នឹងមាន​ការដាក់​មន្ត្រី​ជំនាញ​កសិកម្ម​តាម​ឃុំ នៅក្បែរ​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ជួយ​លើ​បច្ចេកទេស​កសិកម្ម និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ទាក់ទង​នឹង​កសិកម្ម​ឱ្យបាន​ទាន់ពេលវេលា ឱ្យមាន​ការចំណាយ​តិច ចំណេញ​ច្រើន​មាន​ប្រសិទ្ធភាព និង​និរន្តរភាព​សេដ្ឋកិច្ច​៕