ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានកែតម្រូវការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកអត្រា ៥,៦ ភាគរយតាមមូលដ្ឋានគោលដែលបានធ្លាក់ចុះពី ៦,៦ ភាគរយធៀបនឹងការព្យាករកាលពីខែតុលា ឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ប៉ះពាល់ដល់តម្រូវការ និងជំរុញឱ្យមានការកើនឡើងនៃអតិផរណាដែលបណ្ដាលមកពីសង្គ្រាមអូសបន្លាយនៅប្រទេសអ៊ុយក្រែន និងបញ្ហាភូមិសាស្ត្រនយោបាយ។
យោងតាមសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៤-២០២៦ និងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៤ ការរៀបចំឡើងនៅឆ្នាំក្រោយនៃអ្វីដែលគេហៅថា «ច្បាប់ថវិកា» ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ២៩ ខែមិថុនា សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ នេះត្រូវបានវាយតម្លៃឡើងវិញថា នឹងសម្រេចបានកំណើនប្រមាណ ៥,៦ ភាគរយដូចគ្នានឹងការព្យាករកាលពីដើមឆ្នាំគឺខ្ពស់ជាងឆ្នាំ ២០២២ ដែលសម្រេចបានកំណើន ៥,២ ភាគរយប៉ុណ្ណោះ។
យោងតាមសេចក្តីព្រាងច្បាប់៖ «ការសម្រេចបានអត្រាកំណើនេះ គឺបណ្ដាលមកពីការថមថយកំណើននៃវិស័យកាត់ដេរដោយសារការថមថយនូវតម្រូវការសកល ជាពិសេសនៅប្រទេសជាដៃគូពាណិជ្ជកម្មកម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្នុងខណៈដែលវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនល្អដូចការរំពឹងទុក ដោយសារសក្តានុពលខ្ពស់នៃសកម្មភាពផលិតកម្មបម្រើឱ្យការនាំចេញមួយចំនួន រួមមាន គ្រឿងបង្គុំ សូឡា និងសម្បកកង់ និងផលិតកម្មបម្រើឱ្យតម្រូវការក្នុងស្រុក ជាពិសេសផលិតកម្មចំណីអាហារ និងភេសជ្ជៈ និងឧស្សាហកម្មដំឡើងរថយន្តជាដើម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែមិថុនា ឆ្នាំ ២០២៣ បានព្យាករថា ទោះបីជាមានការប្រឈមខ្លះក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានឹងកើន ៥,៦ ភាគរយនៅឆ្នាំនេះដោយចង្អុលបង្ហាញថាកម្ពុជាបានកំណត់ចក្ខុវិស័យរបស់ខ្លួនក្នុងការឈានដល់ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ បន្ទាប់ពីឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥។
លោកថ្លែងថា៖ «សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៥,២ ភាគរយនៅឆ្នាំ ២០២២ ហើយត្រូវបានគេព្យាករថានឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំនេះ។ វិស័យសេវាកម្មគឺស្ថិតនៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញរឹងមាំដែលភាគច្រើនដោយសារតម្រូវការកើនឡើងពីអ្នកប្រើប្រាស់»។
មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីខែមេសា បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើងពី ៥ ភាគរយក្នុងឆ្នាំ ២០២២ ដល់ ៥,៨ ភាគរយនៅក្នុងឆ្នាំ ២០២៣ ហើយបន្ទាប់មកកើនឡើង ៦,២ ភាគរយឆ្នាំ ២០២៤ ខណៈធនាគារពិភពលោកបានរក្សាការព្យាករសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាក្នុងអត្រា ៥,២ ភាគរយក្នុងឆ្នាំ ២០២៣។
យោងតាមច្បាប់ថវិកាឆ្នាំ ២០២៤ ចំពោះវិស័យសំណង់ និងអចលនទ្រព្យ វិស័យនេះនៅបន្តកំណើនវិជ្ជមាន ប៉ុន្តែមាននិន្នាការថមថយដោយសារការបន្តថមថយសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លៃខ្ពស់ ក៏ប៉ុន្តែត្រូវបានប៉ះប៉ូវដោយកំណើនសកម្មភាពសំណង់ និងចរន្តទិញ-លក់លំនៅឋានថ្លៃទាប និងសំណង់បម្រើឱ្យឧស្សាហកម្ម ព្រមទាំងសេវាកម្មក្នុងស្រុក រួមមានសំណង់រោងចក្រ និងអគារផ្សារទំនើប និងផ្សារលក់រាយជាដើម ចំណែកវិស័យកសិកម្មវិញ គឺនៅបន្តរក្សាកំណើនវិជ្ជមាន ក៏ប៉ុន្តែមានកំណើនថមថយជាងការរំពឹងទុក ដោយសារការកើនឡើងទាបនៃអនុវិស័យដំណាំ ពិសេសស្រូវវស្សាដែលបណ្ដាលមកពីកត្តាអាកាសធាតុ និងកំណើនថមថយនៃអនុវិស័យចិញ្ចឹមសត្វ ជាពិសេសផលិតកម្មជ្រូក ដោយសារកត្តាថ្លៃ និងការនាំចូលសាច់បង្កកពីក្រៅប្រទេស៕