ភ្នំពេញៈ ​ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល បានឱ្យដឹងថា លទ្ធផល​ការងារ​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (​ភ្នំពេញ​ថ្មី​) ក្នុង​ដំណាក់​កាលទី​១ គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៣ សម្រេចបាន​ជាង ៥០​ភាគរយ ដោយបាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៧១២​លាន​ដុល្លារ​។​

លោក ស៊ីន ចាន់​សិរី​វុត្ថា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​នៅ​ថ្ងៃទី​៩ ខែកក្កដា​ថា ការងារ​សាងសង់​គម្រោង​ទាំងមូល (​ដំណាក់កាល​ទី​១) គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤ និង​គ្រោង​ដាក់ ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៥ ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេ ដែល​នេះ​យោង​លើ​កម្មវិធី​ការងារ​មេ (Updated Master Schedule)​ដែល​បានធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​ដោយ​ក្រុមហ៊ុន​សាងសង់ CAIC​។​


​លោក​បាន​ថ្លែងថា ៖«​បន្ទាប់ពី​ដំណាក់កាល​ទី​១ ត្រូវបាន​បញ្ចប់ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​(​ភ្នំពេញ​ថ្មី​) នឹងមាន​សមត្ថភាព​ទ​ទួលបាន​ការចុះ​ចត​យ​ន្ត​ហោះ​រហូតដល់​កូដ​អេ​ហ្វ (Code E: A-340-300, A350-900 នឹង B777- 200/300ER, B747-300/400) ដែលមាន​ចំណត​យន្តហោះ​ចំនួន ៣២​ចំណត អាច​ទទួល​អ្នកដំណើរ​បាន​ពី ១៣​លាន​ទៅ​១៥​លាន​នាក់​/​ឆ្នាំ (២០២៤) និង​អាច​ទទួល​ទំនិញ​តាមផ្លូវ​អាកាស​ពី ១៧៥ ០០០ តោន​/​ឆ្នាំ (២០២៤) ទៅ​៣០ ០០០​តោន​/​ឆ្នាំ (២០៣០-២០៤០)»​។​

​រីឯ​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​មហាវិថី​សម្តេច ហ៊ុនសែន ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែលមាន​ទទឹង​ប្រវែង​៦០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១៣,៥ គីឡូម៉ែត្រ​វិញ លោក​បាន​បញ្ជាក់ថា សម្រេចបាន ៤៦​ភាគរយ ដែល​ផ្លូវ​នេះ​ត្រូវបាន​ត​ភ្ជាប់​ពី​មហាវិថី​សម្ដេច​ហ៊ុនសែន កាត់​ផ្លូវជាតិ​លេខ​២ ឆ្ពោះ​ត្រង់​ទៅកាន់​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​តេ​ជោ​តែម្ដង ។​


​ដោយឡែក ចំពោះ​ស្ថានភាព​នៃ​វិស័យ​អាកាសចរណ៍​រយៈពេល ៦​ខែ ឆ្នាំ​២០២៣ លោក​ស៊ីន ចាន់​សិរី​វុត្ថា​ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ចំនួន​អ្នកដំណើរ​មាន​ចំនួន​ជាង ២,៤ លាន​នាក់ (២ ៤៨០ ០៣២)​ដែលមាន​ការកើនឡើង​ជិត ២៧០​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២២​។​

​លោក​ថ្លែងថា​៖ «​ចំនួន​ជើងហោះហើរ មាន​ចំនួន​២៤ ៧២៥ ជើង មានការ​កើនឡើង ជិត ១៥០​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា (៦​ខែ​) នៅ​ឆ្នាំ​២០២២ ខណៈដែល​ចំនួន​ទំនិញ មាន​ចំនួន​ជាង ២៤​ពាន់​តោន (២៤ ៦១៦) មានការ​ថយចុះ​ប្រមាណ​ជាង ១៧​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២២»​។​

​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា នៅពេលដែល​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (​ភ្នំពេញ​ថ្មី​)​សាងសង់​រួចរាល់​១០០​ភាគរយ វា​នឹង​បង្កលក្ខណៈ​ងាយស្រួល​កាន់តែខ្លាំង​សម្រាប់​ភ្ញៀវ​អន្តរជាតិ ក្នុងការ​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា ពិសេស​នឹង​ជំរុញឱ្យមាន​ការតភ្ជាប់​ជើង​ហោះ​ត្រង់​មក​កម្ពុជា បាន​កាន់តែច្រើន​ថែមទៀត ដោយសារតែ​អាកាសយានដ្ឋាន​តេ​ជោ​នេះ មាន​សមត្ថភាព​ទទួល​យន្ត​ហោះខ្នាត​ធំ​ច្រើន​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖«​ដូច​យើង​ដឹង​ហើយ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស​នេះ ជា​កត្តា​សំខាន់​ណាស់​ក្នុង​ការជំរុញ​កំណើន​ទេសចរ​មកកាន់​កម្ពុជា​យើង​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ខិតខំ​កសាង​អាកាសយានដ្ឋាន​ថ្មីៗ​នៅតាម​បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​នានា​ដើម្បី​ធ្វើ​យ៉ាង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ទេសចរ​អន្តរជាតិ មក​កម្សាន្ត​នៅ​កម្ពុជា​»៕