ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International នៅថ្ងៃទី ១០ ខែកក្កដា បានអនុស្សរណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម QR-Code» ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់យន់របស់ចិនឱ្យមានលក្ខណៈទូលំទូលាយបន្ថែមទៀតនៅក្នុងប្រទេសទាំង ២។
លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងនាឱកាសនោះថា ការចុះអនុស្សរណៈនេះ នឹងផ្តល់នូវក្របខ័ណ្ឌសហប្រតិបត្តិការរវាងUnionPay និងប្រព័ន្ធបាគង KH QR។
លោកស្រីបានបញ្ជាក់ថា៖«កាលណា យើងបានចុះកិច្ចសហប្រតិបត្តិការនេះហើយ នៅពេលដែលយើងរៀបចំការតភ្ជាប់ហ្នឹងបាន យើងនឹងឃើញថា ពេលរដ្ឋយើងទៅចិន អាចស្កេនទូទាត់តាមQR code នៅចិនបាន ទាំងQR របស់ UnionPay, Ali payនិង We chat ផងដែរ។ដូច្នេះប្រជាជនខ្មែរយើងជាង១០លាននាក់ ដែលមានE-Wallet ដែលអាចទូទាត់តាម QR គឺអាចទូទាត់បាននៅស្រុកចិន តាមប្រព័ន្ធនេះបានដោយងាយស្រួល»។
លោកស្រី ជា សិរី បានបន្ថែមថា ភ្ញៀវទេសចរចិនដែលមកកម្ពុជាអាចទូទាត់ពី Walletរបស់ខ្លួនដែលហៅថា UnionPay& able Wallet អាចមកកម្ពុជា ហើយស្កេន KH QR ហើយទូទាត់បាន ដោយចំណុចនេះ វាល្អជាងអ្វីដែលមាននាពេលបច្ចុប្បន្ន ព្រោះថាទេសចរចិនដែលមកកម្ពុជាគាត់ស្កេនបានតែហាងទំនិញណាដែលមានភ្ជាប់ជាមួយUnionPay, Ali payនិង We chat តែប៉ុណ្ណោះ។
«ដូចនេះអាជីវករដែលមានភ្ជាប់បាគងឬក៏KH QR របស់ធនាគារក្នុងស្រុកនេះខាងចិនគាត់ស្កេនមិនទាន់បានទេ។ ដូច្នេះនៅពេលដែលយើងតភ្ជាប់គ្នាហើយ ទេសចរឬវិនិយោគិនចិនអាចស្កេនទូទាត់តាម KH QRរបស់យើងបានហើយ។ អ៊ីចឹងវាសម្រួលទាំងសងខាង មានន័យថា សម្រួលទាំងទេសចរខ្មែរពេលទៅចិន និងទេសចរចិនពេលមកខ្មែរផងដែរ»។ លោកស្រី ជា សិរី បានបញ្ជាក់បន្ថែម។
ចំណុចសំខាន់មួយទៀតក្នុងកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងទៀត លោកស្រីបានសង្កត់ធ្ងន់ថា៖«យើងធ្វើជាមួយប្រទេសជិតខាងយើង គឺជំរុញការប្រើប្រាស់ប្រាក់រៀល។ដូចដែលខ្ញុំបានលើកមកហើយ ទាល់តែប្រជាជនកម្ពុជាយើងទៅស្រុកគេ មានគណនីជាលុយរៀលទើបអាចទូទាត់តាម KH QR នៅចិន ឬថៃបាន។ងាកមកកម្ពុជាយើងវិញ អាជីវកម្មយើង ភាគច្រើនដាក់តែលុយដុល្លារប៉ុណ្ណោះ ដូច្នេះនៅពេលគាត់ចង់បានអតិថិជនជាទេសចរចិនច្រើន ទាល់តែគាត់ដាក់ KH QR ជាលុយរៀលទៀតទើបបាន ហើយចិនវិញក៏ដូចគ្នា គាត់ជំរុញប្រើប្រាស់ប្រាក់យន់របស់គាត់ដូចគ្នា»។
លោកស្រី ជា សិរី រំពឹងថា នៅពេលដែលកិច្ចសហប្រតិបត្តិការនេះជោគជ័យនឹងជួយមួយផ្នែកទៀតទៅលើវិស័យទេសចរណ៍របស់ប្រទេសទាំង២ព្រោះនៅពេលដែលទេសចរចិនមកនឹងងាយស្រួលចាយវាយទូទាត់ដែលវាក៏អាចទាក់ទាញទេសចរមកបន្ថែមទៀតដែរ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងដែរថា Crossing Border Payment នេះមានសារៈសំខាន់ណាស់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលនៅលើឆាកអន្តរជាតិ ជាពិសេសMOUថ្មីរបស់ធនាគារជាតិ និងUnionPay International នេះ គឺជាមធ្យោយបាយថ្មីមួយទៀត ក្នុងការបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនៃប្រទេសទាំង២។
លោកបានថ្លែងថា៖«វាមានសារៈសំខាន់ណាស់ក្នុងការនាំរូបិយប័ណ្ណរៀលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។សម្រាប់ធនាគារ អេស៊ីលីដានាពេលកន្លងមកបានមានកិច្ចសហប្រតិបត្តិការជាមួយUnionPay យូរហើយ គ្រាន់តែថា ការទូទាត់ត្រូវឆ្លងកាត់រូបិយប័ណ្ណអន្តរជាតិ»។
លោកបន្តថា៖«នៅពេលដែលធនាគារជាតិនិងUnionPay មានការទូទាត់តាម KH QRដោយផ្ទាល់នាពេលខាងមុខនេះ នឹងកាន់តែងាយស្រួលនឹងចំណេញច្រើនដោយមិនចាំបាច់ឆ្លងកាត់រូបិយប័ណ្ណអន្តរជាតិផ្សេងទៀត ដែលមានអត្រាការប្រាក់ឡើងចុះ»។
លោកអ៊ិន ចាន់នី បានបន្ថែមថា Crossing Border Payment នេះ វាភាពចាំបាច់ណាស់ដោយខាងធនគារជាតិកំពុងតែមានការពង្រីកបន្ថែមទៅវៀតណាម និងបណ្តាប្រទេសមួយចំនួនទៀត នាពេលខាងមុខ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ពាណិជ្ជករ និងធុរជនក្នុងការទូទាត់ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។
បើតាមលោកស្រី ជា សិរី បច្ចុប្បន្ននេះ កម្ពុជាបានដាក់ឱ្យដំណើរការការទូទាត់តាមប្រព័ន្ធ QR-Codeជាមួយវៀតណាម និងថៃ ខណៈចិន ឥណ្ឌានិងឡាវ ធនាគារជាតិបាននិងកំពុងរៀបចំប្រព័ន្ធទូទាត់នៅឡើយ៕