ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន RMA (Cambodia) Plc (RMAC)​ ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​រថយន្ត ​Ford នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន​មាន​រោងចក្រ​ដំឡើងរថយន្ត Ford នៅក្នុង​ខេត្តពោធិ៍សាត់ កំពុង​ដាក់​ផែនការ​ប្រែ​ក្លាយ​រោងចក្រ​នាពេល​បច្ចុប្បន្ន​ឱ្យទៅជា​រោងចក្រ​ផលិត​នាពេល​អនាគត​។​

​ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប ១ ​ឆ្នាំ​នៃ​ក្រុម​ហ៊ុន RMA Automotive Cambodia (RMAC) Ford Assembly Plant នៅ​ថ្ងៃទី​ ១១ ខែកក្កដា ឆ្នាំ​ ២០២៣ នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ លោក ង៉​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMAC បានឱ្យដឹងថា បន្ទាប់ពី​បើក​ដំណើរការបាន​រយៈពេល​ ១​ ឆ្នាំ ក្រុមហ៊ុន​បាន​ដំឡើងរថយន្ត​ផ្ដាច់មុខ​ប្រភេទ Ranger និង Everest ជំនាន់​ក្រោយ​ប្រមាណ ៣ ០០០ ​គ្រឿង​សម្រាប់​ទីផ្សារ​កម្ពុជា​ដែល​ជួយ​ឱ្យ​រថយន្ត Ford រក្សាបាន​តួនាទី​នាំមុខគេ​នៅ​ប្រទេស​កម្ពុជា​។​


​លោក​បន្តថា ការវិនិយោគ​លើ​រោង​​ចក្រ​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន Ford ក្នុង​ខេត្តពោធិ៍សាត់ តំណាងឱ្យ​ការ​វិ​និ​យោគ​ធំ​មួយ​នៅ​កម្ពុជា និង​បាន​ផ្លាស់​ប្តូរ​ខេត្ត​ដែល​ពឹងផ្អែក​ចម្បង​លើ​វិស័យ​កសិកម្ម​ទៅជា​ឧស្សាហកម្ម​មួយ​ដែលមាន​សក្តានុពល​។​

​លោក​ថ្លែងថា​៖ «​រហូតមកដល់​ពេលនេះ យើង​បាន​ដំឡើងរថយន្ត Ford Ranger Wildtrak និង Ford Everest បាន ៣ ០០០​ គ្រឿង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ វត្តមាន​របស់​រោងចក្រ​ដំឡើងរថយន្ត​ Ford គឺជា​ការចាប់ផ្តើម​នៃ​វិស័យ​ផលិត​យាន​យន្ត​ពី​កម្រិត​ដំឡើង​ទៅ​កម្រិត​ផលិត ដើម្បី​ជួយ​ឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ពី​ប្រទេស​ដែល​ដំឡើងរថយន្ត​ទៅជា​ប្រទេស​ផលិត​រថយន្ត​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​»​។​


​លោក​បាន​បន្តថា រោងចក្រ​ដំឡើងរថយន្ត Ford ក៏​ចូលរួមចំណែក​លើក​កម្ពស់​ឧស្សាហកម្ម​រថយន្ត​នៅ​កម្ពុជា តាមរយៈ​ការ​នាំចូល​បច្ចេកវិទ្យា​ដំឡើងរថយន្ត​ថ្មី ពិសេស​បច្ចេកវិទ្យា​រថ​យន្ត Ford ស្របតាម​ស្តង់ដា​អន្តរជាតិ​។​

​ក្រុមហ៊ុន RMAC កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២២ បាន​សម្ពោធ​រោងចក្រ​ដំឡើងរថយន្ត Ford ដំបូងបង្អស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​តម្លៃ ២១​ លាន​ដុល្លារ នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​លោក កែវ រតនៈ អគ្គនាយក​អគ្គិ​​ស​នី​កម្ពុជា បានឱ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​នេះ គ្រោង​នឹង​បង្កើន​ការវិនិយោគ​របស់ខ្លួន និង​ដំឡើង​រថ​​យន្ត​ម៉ូ​ដែល Ford Territory​។ ប​ច្ចុ​ប្បន្ន​ក្រុមហ៊ុន RMAC បានដាក់​បញ្ចូល​គ្នា​នូវ​ការដំឡើង​រថយន្ត​ប្រភេទ Ranger SUV និង​រថយន្ត​ភី​ក​អាប់ Everest​។ មិន​មានការ​កំណត់ពេល​វេលា​សម្រាប់​ការរៀបចំ​ខ្សែចង្វាក់​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន Ford Territory ណាមួយ​នៅឡើយ​ទេ​។​

​លោក Kay Hart អគ្គនាយក​ក្រុម​​ហ៊ុន Ford International Markets Group (IMG) បាន​ថ្លែង​ក្នុង​ខួប ១ ​ឆ្នាំ​ថា បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ដំណើរការ​អស់​រយៈពេល​មួយឆ្នាំ​មក​រោងចក្រ​នេះ​បានផ្ដល់​ការងារ​ដល់​បុគ្គ​លិ​ក​រាប់រយ​នាក់ មកពី​ស្ថាប័ន​បច្ចេក​​ទេស​ក្នុងស្រុក បានផ្តល់​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​យ៉ាង​ទូលំទូលាយ​ដល់​កម្លាំង​ពលកម្ម​ក្នុងស្រុក​។​

​លោក​ថ្លែងថា​៖ «​រោងចក្រ​នេះ​បាន​ដំឡើងរថយន្ត Ranger និង Everest ជំនាន់​ក្រោយ​ជាង ៣ ០០០ ​គ្រឿង​រួចជាស្រេច​សម្រាប់​ទីផ្សារ​កម្ពុជា ដែល​ជួយ​ឱ្យ​រថយន្ត​យីហោ Ford រក្សាបាន​តំណែង​ជា​ក្រុមហ៊ុន​នាំមុខគេ​នៅ​កម្ពុ​ជា​។ ថ្ងៃនេះ ក្រុមហ៊ុន RMA Group បន្ត​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការលើក​កម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​»​។​

​ក្នុង​ឯកសារ​របស់​ក្រុមហ៊ុន RMAC ដែល​ផ្ញើ​ទៅ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​កន្លងមក ក្រុមហ៊ុន RMAC បាន​កត់​សម្គាល់ថា​៖ «​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២២ បាន​កើនឡើង​ ២៦ ​ភាគរយ​ធៀប​ឆ្នាំមុន​ក្នុង​ចំនួន​ប្រហែល ៧១ ០០០ ​គ្រឿង​ទាំង​រថយន្ត​ថ្មី និង​រថយន្ត​ប្រើ​រួច ដែល​បាន​លក់ និង​ចុះ​បញ្ជី​ធៀប​នឹង​ចំនួន ៥៧ ០០០​ គ្រឿង​កាលពី​ឆ្នាំ​ ២០២១»៕