ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន នៅក្នុង​ឆមាស​ទី​១​ ឆ្នាំ​ ២០២៣ សម្រេចបាន​ទឹកប្រាក់​ជាង ៧១៣ ​លាន​ដុល្លារ កើនឡើង​ជិត ១៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី មាន​ជាង ៦,១៥​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្នន័យ​បង្ហាញថា ពី​ខែមករា​-​មិថុនា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​ក្នុង​ទឹកប្រាក់​សរុប ៧១៣,២៨​ លាន​ដុល្លារ កើន ១៦,៦ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ កំណើន​នេះ​គឺ​បានមកពី​ការកើនឡើង​រយៈ​ពេល ៥​ ខែ​ជាប់ៗ​គ្នា ដោយ​ក្នុង​ខែកុម្ភៈ ការនាំចេញ​កើនឡើង ១១​ ភាគរយ​, ខែមីនា កើនឡើង​ ១៦,៤ ​ភាគរយ​, ខែមេសា កើន ៨,៨ ​ភាគរយ​, ខែឧសភា កើន ៥៥,៣ ​ភាគរយ និង​ខែមិថុនា កើន ៣៥,៧​ ភាគរយ​។ ទោះ​យ៉ាងណា ក្នុង​ខែមករា ការនាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ២២,២​ ភាគរយ​។​


​ដោយឡែក​ទំនិញ​ដែល​ចិន​នាំមក​កម្ពុជា ក្នុង​ឆមាស​ទី​១ គឺ​ចំ​​នួន ៥ ៤៤០,០៧​ លាន​ដុល្លារ កើន ១,២​ ភាគរយ​។ ចំពោះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី គឺមាន​សរុប ៦ ១៥៣,៣៤ ​លាន​ដុ​ល្លារ កើនឡើង ២,៨​ ភាគរយ​។ ផ្អែក​តាម​តួលេខ គឺ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​កម្ពុ​ជាមាន​ឱនភាព ៤ ៧២៦,៧៩​ លាន​ដុល្លារ ខណៈ​ឆមាស​ទី​១ ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​ឱនភាព ៤ ៧៦២,៧៤​ លាន​ដុល្លារ​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែកក្កដា​ថា កំណើន​ទឹកប្រាក់​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​នា​រយៈពេល​ប៉ុន្មាន​ខែ​ជាប់ៗ​គ្នា​នេះ ​គឺ​បញ្ជាក់​ពី​សមត្ថភាព​នៃ​ផលិតកម្ម​នៅ​កម្ពុជា ខណៈ​ជន​ជាតិចិន​ក៏​ពេញចិត្ត​ទំនិញ​កម្ពុជា​ផងដែរ​។ លោក​បន្តថា កិច្ច​ព្រម​​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែល​ចូល​ជា​ធរមាន​កាល​​ពី​ដើមឆ្នាំ​ ២០២២ កំពុង​ក្លាយជា​ចំណែក​ដ៏​សំខាន់​ដែល​បើកផ្លូវ​ឱ្យ​ផលិតផល​កម្ពុជា​បង្ហាញ​វត្ត​មាននៅ​ទីនោះ​កាន់តែច្រើន​។​


​លោក​ថ្លែងថា​៖ «​ជាមួយនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម ខ្ញុំ​ជឿថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ចិន​នឹង​កើន​ថែម​ទៀត​នាពេលខាងមុខ​។ យើង​សង្ឃឹមថា អាជ្ញាធរ​ចិន នឹង​អនុ​ញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​ផលិត​​ផល​កសិកម្ម​ច្រើន​ប្រភេទ​ទៀត​នាពេលខាងមុខ​»​។​

​លោក ហុង វណ្ណៈ អ្នក​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ខែឧសភា បាន​និយាយថា ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​នា​អំឡុងពេល​ជិត ១​ ឆ្នាំ​មកនេះ​បាន​ធ្លាក់ចុះ​នៅ​ស្ទើរ​គ្រប់​ប្រទេស ក៏​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន មិនបាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ទេ​។

​ការរក្សាបាន​លំនឹង​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង ២​ មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​។ លោក​បន្តថា អ្វីដែល​គួរកត់សម្គាល់ គឺ​ចំនួន​ប្រាក់​នាំចេញ​កម្ពុជា​កើនឡើង​។​

លោក វណ្ណៈ បញ្ជាក់ថា​៖ «​កម្ពុជា​ក៏ត្រូវ​ខិតខំ​ពង្រឹង​សមត្ថ​ភាព​ផលិតកម្ម​របស់ខ្លួន​ឱ្យបាន​ខ្លាំង និង​មាន​លក្ខណៈ​ចម្រុះ​ថែមទៀត ដើម្បី​មានឱកាស​បង្ហាញ​វត្តមាន​កាន់តែច្រើន​នៅ​ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​»៕